ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​ផ្អាក​ការរៀបចំ​ពិធីមង្គលការ​ពិធីជប់លៀង ការជួបជុំ​តាមបែប​សាសនា ជា​បណ្ដោះអាសន្ន​រយៈពេល​២​សប្តាហ៍ នៅកំពង់ចាម

520

 

​កំពង់ចាម ៖ នៅ​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០២១​នេះ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម បានចេញ​លិខិត​មួយច្បាប់​ជម្រាប​អភិបាល​នៃ​គណៈ​អភិបាលក្រុង ស្រុក លោក​-​លោកស្រី​មេឃុំ ចៅសង្កាត់ ស្តីពី​ការផ្អាក​ជា​បណ្តោះអាសន្ន​នូវ​ពិធី​រៀប​មង្គលការ ពិធីជប់លៀង ការជួបជុំ​តាមបែប​សាសនា​នានា​ជា​បណ្តោះអាសន្ន​រយៈពេល​២​សប្តាហ៍ ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ចាម ។​

​លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម បានសម្រេច​ឲ្យ​ផ្អាក​កម្មវិធី​រៀបចំ​មង្គលការ ពិធីជប់លៀង និង​ការជួបជុំ​តាមបែប​សាសនា​នានា​ជា​បណ្ដោះអាសន្ន​ទាំងអស់ រយៈពេល​២​សប្ដាហ៍ ដើម្បី​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ក្នុងភូមិ​សាស្ដ្រ​ខេត្តកំពង់ចាម​។​

​តាមរយៈ​លិខិត​ផ្ញើ​ទៅកាន់​អភិបាលក្រុង​-​ស្រុក​, មេឃុំ​-​ចៅសង្កាត់ លោក អ៊ុន ចាន់​ដា បាន​សង្កត់ធ្ងន់ថា ការសម្រេច​ផ្អាក​កម្មវិធី​ទាំងអស់នេះ ដើម្បី​បង្កលក្ខណៈ​ដល់​មន្ដ្រី​ជំនាញ បន្ដ​ការស្រាវជ្រាវ និង​កំណត់​មុខសញ្ញា​ដែលមាន​ហានិភ័យ និង​ដើម្បី​កាត់ផ្ដាច់​ខ្សែចម្លង​ក្នុង​សហគមន៍​។​

​រដ្ឋបាលខេត្ត​កំពង់ចាម បានធ្វើ​ការណែនាំ​ដល់​អភិបាលក្រុង​ស្រុក មេឃុំ​ចៅសង្កាត់ ក្នុង​ខេត្តកំពង់ចាម ដូចខាងក្រោម​៖ ត្រូវតែ​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​ការអនុញ្ញាត​ច្បាប់​សម្រាប់​រៀបចំ​ពិធីមង្គលការ ពិធីជប់លៀង និង​ការជួបជុំ​តាមបែប​សាសនា​នានា ក្នុង​រូបភាព​ប្រមូលផ្តុំ​មនុស្ស​ច្រើន ចាប់ពី​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០២១​នេះ​។ ត្រូវធ្វើ​ការអប់រំ​ណែនាំ​ម្ចាស់​ពិធី​ដែល​បាន​ស្នើសុំ​រួច​ឲ្យ​គាត់​លើក​ពេល ឬ​ផ្លាក​ពិធី​ដែលមាន​ការប្រមូលផ្តុំ​មនុស្ស​ច្រើន ក្នុង​រយៈពេល​២​សប្តាហ៍​សិន​។ លិខិត​រដ្ឋបាលខេត្ត​ដែល​ចេញ​នាពេលនេះ មិនមាន​ប្រតិសកម្ម​ជាមួយ​លិខិតអនុញ្ញាត​របស់​រដ្ឋបាល​ក្រុង​-​ស្រុក ឃុំ​សង្កាត់​ដែល​បានអនុញ្ញាត​រួចហើយ​នោះទេ តែ​ត្រូវ​ណែនាំ​ឲ្យ​កាត់បន្ថយ​ភ្ញៀវ​ចូលរួម​ជា​អប្បបរមា និង​រក្សា​គម្លាត​សុវត្ថិភាព​សង្គម ពិសេស​ត្រូវ​រៀបចំ​តុ​អាហារ​មិន​ឲ្យ​លើស ពី​០៥​នាក់ (​ប្រាំ​នាក់​) ក្នុង​មួយ​តុ​។ ក្នុងករណី​ដែល​ម្ចាស់​ពិធី មិន​ចូលរួម​សហការ និង​អនុវត្តតាម​ការណែនាំរ​បស់​ក្រសួងសុខាភិបាល នៅ​បន្ត​រៀបចំ​ពិធី​ដោយ​ពុំមាន​ការអនុញ្ញាត និង​មិន​គោរព​តាម​វិធានការ​អនាម័យ គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ក្រុង​-​ស្រុក ត្រូវ​ចុះ​បិទ ឬ​ផ្អាក ពិធី​នៃ​ការជួបជុំ​នោះ​ជាបន្ទាន់​។ ត្រូវអនុវត្ត​វិធានការ​ច្បាប់​ដែលមាន​ជា​ធរមាន​ចំពោះ​ជន​ណា​ដែល​បំពាន​ការណែនាំ និង​មិន​សហការ​ជាមួយនឹង​អាជ្ញាធរ​មូលដ្ឋាន ក្នុង​ការងារ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។ ក្នុងករណី​ការផ្អាក​ជា​បណ្តោះអាសន្ន​ការរៀបចំ​ពិធីមង្គលការ ពិធីជប់លៀង និង​ការជួបជុំ​តាមបែប​សាសនា​នានា ជា​បណ្តោះអាសន្ន​រយៈពេល​២​សប្តាហ៍​នេះ ប្រសិនបើ​ប្រព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ នៅតែ​បន្ត​កើនឡើង​នោះ គឺ​ត្រូវ​បន្ត​ផ្អាក​ជា​បណ្តោះអាសន្ន​បន្ថែមទៀត​រហូតដល់ រដ្ឋបាលខេត្ត ចេញ​សេចក្តីជូនដំណឹង​ឲ្យ​ដំណើរការ​ពិធី​ឡើងវិញ​៕

អត្ថបទដែលជាប់ទាក់ទង