ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរ​រាជធានី​ភ្នំពេញ ចុះ​បិទ​ទីតាំង​អាជីវកម្ម​ជា​អចិន្ត្រៃយ៍​មួយកន្លែង ក្នុង​ខណ្ឌដូនពេញ ដែល​ល្មើសបទបញ្ជា​

59

 

​ភ្នំពេញ ៖ ក្រោយ​ទទួលបាន​ការណែនាំ​ពី​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក្រុមការងារ​រដ្ឋបាល​រាជធានី​ភ្នំពេញ​សហការ​ជាមួយ​មន្ទីរ​ទេសចរណ៍​រាជធានី​ភ្នំពេញ និង​អាជ្ញាធរ​ខណ្ឌដូនពេញ បាន​ចុះ​បិទ​ទីតាំង​អាជីវកម្ម​ក្រុមហ៊ុន​ឈ្មោះ​Love Guo Ji ដែលមាន​អាសយដ្ឋាន​នៅ​អគារ​លេខ​៣៧ ផ្លូវ​លេខ​២២២ កែង​ផ្លូវ​លេខ​៥៧ សង្កាត់​បឹងរាំង ខណ្ឌដូនពេញ ដែល​បានធ្វើ​អាជីវ កម្ម​ក្លឹប​កម្សាន្ត និង​ខា​រា​អូ​ខេ ពុំមាន​លិខិតអនុញ្ញាត និង​មិនបាន​សហការ​ជាមួយ គណៈកម្មការ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​.១៩ និង​សមត្ថកិច្ច​ពាក់ព័ន្ធ ដោយបាន​សម្រេច បិទ​ជា​អចិន្ត្រៃយ៍​តែម្តង​។​

​គួ​បញ្ជាក់ថា កាលពី​វេលា​ម៉ោង​២២​យប់​ថ្ងៃទី​១០​មីនា អាជ្ញាធ​រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ បាន​ចុះ​បិទ​ទីតាំង​អាជីវកម្ម លួចលាក់​បើក​ខា​រា​អូ​ខេ​៣​ទីតាំង​ផ្សេងគ្នា និង​បាន​ឃាត់ខ្លួន​មនុស្ស​ជាច្រើន​នាក់ ដែល​មិន​គោរព​តាម​ការណែនាំ​របស់​អាជ្ញា​ធរ​ដែនដី ក៏​ដូច​ក្រសួងសុខាភិបាល ក្នុងការ​ចាត់វិធានកា​រ​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​.១៩​។​

​កន្លងមក លោក​ឃួ​ង ស្រេង បាន​ណែនាំ​ឲ្យ​អាជ្ញាធរ​ខណ្ឌ សង្កាត់​ត្រូវ​តាមមើល​ទីតាំង​ណា​ដែល​លួច​បើក​ខារ៉ាអូខេ ឬ​ក្លឹប​កម្សាន្ត​លួចលាក់ ត្រូវ​ចុះ​បិទ​ភ្លាមៗ​ដោយ​គ្មាន​ការលើកលែង​និង​ត្រូវ អនុវត្ត​ទៅតាម​ច្បាប់​។

​សូមបញ្ជាក់ថា​៖​គិត​ត្រឹម​ព្រឹក​ថ្ងៃទី​១១​មីនា​នេះ ក្រសួងសុខាភិបាល​ប្រកាសថា​៖ បាន​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​.១៩​ថ្មី​ចំនួន​៣៩​នាក់​, អ្នកជា សះស្បើយ​៤៨​នាក់​។ តែ​ជា​អកុសល​អ្នកជំងឺ​កូ​វីដ​.១៩​ម្នាក់ ដែល​កំពុង​សំរាក​ព្យា បាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​.​សូ​វៀត បានទទួល​មរណភាព​នៅ​ព្រឹក​ថ្ងៃទី​១១ មីនា​នេះ ដោយសារ​ជំងឺ​កូ​វីដ​.១៩ ដែលជា​ជនរងគ្រោះ​លើកដំបូង​នៅ​កម្ពុជា ដែល​ស្លាប់​ដោយ​ជំងឺ​កូ​វីដ​.១៩៕

អត្ថបទដែលជាប់ទាក់ទង