ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​ប្រកាស​ឱ្យប្រើ​ប្រាស់​ច្បាប់ ស្តីពី វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ និង​ជំងឺឆ្លង​កាច​សាហាវ

219

 

​ភ្នំពេញ ៖ ច្បាប់​ស្តីពី វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ និង​ជំងឺឆ្លង​កាច​សាហាវ និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត ត្រូវបាន​ប្រមុខរដ្ឋស្តីទី សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រកាស​ឱ្យប្រើ​ប្រាស់​ហើយ នៅ​ល្ងាច​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០២១​នេះ ។

​សេចក្តីព្រាងច្បាប់​ស្តីពី វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ និង​ជំងឺឆ្លង​កាច​សាហាវ និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត ត្រូវបាន​ព្រឹទ្ធសភា ឱ្យ​អនុម័ត​គាំទ្រ​ទាំងស្រុង ដោយ​ឥត​កែប្រែ ក្នុងសម័យ​ប្រជុំ​វិសាមញ្ញ​ព្រឹទ្ធសភា នីតិកាល​ទី​៤ នា​ព្រឹក​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០២១​នេះ​។​

​ច្បាប់​នេះ​ត្រូវបាន​រៀបចំឡើង​ដើម្បី​កំណត់​អំពី​គោលបំណង វិសាលភាព វិធានការ ទោស​ប្បញ្ញត្តិ និង​សមត្ថកិច្ច ដែល​ត្រូវអនុវត្ត​សំដៅ​ការពារ​អាយុជីវិត​ប្រជាពលរដ្ឋ សុខភាព​សាធារណៈ និង​សណ្តាប់ធ្នាប់​សាធារណៈ ព្រមទាំង​ការកាត់បន្ថយ​ឱ្យ​បានជា​អតិបរមា​នូវ​ផលប៉ះពាល់​នៃ​ជំងឺឆ្លង​នេះ ចំពោះ​វិស័យ​សង្គម​-​សេដ្ឋកិច្ច​នៅ​កម្ពុជា​។ ច្បាប់​នេះ​បង្ហាញ​ពី​ឆន្ទៈ​របស់​រាជរដ្ឋាភិបាល ក្នុងការ​លើកកម្ពស់​កា​រ​ទទួលខុសត្រូវ​ចំពោះ​ភាព​រស់រានមានជីវិត​របស់​ប្រជាពលរដ្ឋ និង​ការថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ​ក្នុង​កាលៈទេសៈ​ដែល​ប្រទេសជាតិ​កំពុង​ប្រឈម​នឹង​ការគំរាមកំហែង​ពី​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ និង​ជំងឺឆ្លង​កាច​សាហាវ​និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត​។​

​ច្បាប់​ស្តីពី វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ និង​ជំងឺឆ្លង​កាច​សាហាវ និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត ដែល​រៀបចំឡើង​ដោយ រាជរដ្ឋាភិបាល មាន ០៦​ជំពូក និង​១៨​មាត្រា ត្រូវបាន​រដ្ឋសភា​កម្ពុ​ជា​អនុម័ត​យល់ព្រម​ជា​លើកដំបូង​ចំនួន ៨៣​សំឡេង នៃ​ចំនួន​សមាជិក​រដ្ឋ​សភា​ទាំងមូល​កាលពី​ថ្ងៃទី​៥ ខែមីនា ឆ្នាំ​២០២១ នា​សម័យប្រជុំ​រដ្ឋសភា​ជា​វិសាមញ្ញ នីតិកាល​ទី​៦៕

អត្ថបទដែលជាប់ទាក់ទង