ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកជំទាវ ជូ ប៊ុន​អេង បាន​ជួប​សំណេះសំណាល​ជាមួយ លោកស្រី​អនុសេនីយ៍ទោ ស៊ី​ថុង សុខា អធិការរង នៃ​អធិការដ្ឋាន​ស្រុក​សៀម​ប៉ាង​

106

 

​ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០២១ លោកជំទាវ ជូ ប៊ុន​អេង រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ជា​អនុប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញ​មនុស្ស (​គ​.​ជ​.​ប​.​ជ​) អនុប្រធាន​ក្រុម​ប្រឹក្សាជាតិ​ដើម្បី​ស្ត្រី អនុប្រធាន​សមាគមនារី​កម្ពុជា​ដើម្បី​សន្តិភាព​និង​អភិវឌ្ឍន៍ និង​ជា​ប្រធាន​ក្រុមការងារ​យេនឌ័រ​ក្រសួងមហាផ្ទៃ បាន​នាំយក​ថវិការ​មួយចំនួន ជាថ​វិការ​ផ្ទាល់ខ្លួន និង​មន្ត្រីក្រោមឱវាទ​របស់​អគ្គ​លេខាធិការដ្ឋាន​គ​.​ជ​.​ប​.​ជ ព្រមទាំង​សប្បុរសជន​រួមមាន លោកជំទាវ​ឧកញ៉ា​បណ្ឌិត សៀង ចាន់​ហេង នាយិកា​ក្រុមហ៊ុន​ហេង​អភិវឌ្ឍន៍​និង​ជា​ស្ថាបនិក​រមណីយដ្ឋាន​រាជិនី​លង្វែក ចំនួន​៥០០​ដុល្លា និង​លោកជំទាវ សុខ វិ​ល័យ រដ្ឋលេខាធិការ​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា​និង​អធិការកិច្ច ចំនួន​១០០​ដុល្លា សរុប​ចំនួន​៧០០០០០​រៀល និង​៧០០​ដុល្លា​អាមេរិក ជូន​ចំពោះ​លោកស្រី​អនុសេនីយ៍ទោ ស៊ី​ថុង សុខា ជា​អធិការរង​ទទួល​ការងារ​ចរាចរណ៍ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង​។

​មាន​វត្តមាន​នៅក្នុង​ជំនួប​នេះ​ផងដែរ មាន​លោកជំទាវ ឧ​.​ឯក វេជ្ជ​. ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ នៃ​អគ្គលេខាធិការដ្ឋាន គជប​ជ លោកជំទាវ ឧ​.​ទោ រ៉​ន សិរី​លក្ខិណា អគ្គលេខាធិការរង លោកស្រី ផាន់ ណា​រ៉ា អភិបាលរង​ស្រុក​សៀម​ប៉ាង ដែល​បានរួម​ដំណើរ​មកជា​មួយ​ពី​ខេត្តស្ទឹងត្រែង ។

គួរបញ្ជាក់​ផងដែរ​ថា កាលពី​ថ្ងៃទី​៩ ខែមីនា ឆ្នាំ​២០២១ លោកស្រី​អនុសេនីយ៍ទោ ស៊ី​ថុង សុខា ត្រូវបាន លោក​អធិការ​ស្រុក​សៀម​ប៉ាង ព្រមាន​ឱ្យ​សុំទោស​ជា​សាធារណៈ ព្រមទាំង​ហៅ​ទៅធ្វើ​កិច្ចសន្យា​មួយ​ដែល​ត្រូវបាន​លោក​ពន្យល់ថា “​ការ​បំបៅកូន​ក្នុង​ឯកសណ្ឋាន​ជា​រឿង​មិន​សមរម្យ ធ្វើឱ្យប៉ះពាល់​កិត្តិយស​អង្គភាព​នគរបាល និង​ប៉ះពាល់​កិត្តិយស​ស្ត្រី​ខ្មែរ​” ក្រោយពី​បានឃើញ​លោកស្រី​បង្ហោះ​រូបភាព​កំពុង​បំបៅកូន​អាយុ​១​ខួប​២​ខែ នៅក្នុង​ឯកសណ្ឋាន​ការងារ និង​នៅ​កន្លែង​ការងារ​ផ្ទាល់​តាម​ដងផ្លូវ​កំពុង​បំពេញភារកិច្ច​។

​ភ្លាមៗ​នោះ ដោយបាន​មើលឃើញ​ពី​ការមិន​ផ្ដល់​តម្លៃ ប្រាស់ចាក​អំពី​ការខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល​ក្នុងការ​លើកកម្ពស់​សម​ភាព​យេនឌ័រ ក៏ដូចជា​ការលើកទឹកចិត្ត​ស្ត្រី​ក្នុងការ​ចិញ្ចឹម​ទារក​ដោយ​ទឹកដោះ​ម្ដាយ​របស់​ក្រសួងសុខាភិបាល លោកជំទាវ ជូ ប៊ុន​អេង​បានចេញ​សារលិខិត​ជូន​ចំពោះ​ឯកឧត្តម​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ស្ទឹងត្រែង​ក្នុងន័យ​ថា “​ខ្ញុំ​មានការ​សោកស្ដាយ​ជាខ្លាំង ដែល​លោក​អធិការ​បាន​ប្រើ​ឥរិយាបថ​បែបនេះ និង​មិនបាន​វែកញែក​ឱ្យ​ច្បាស់​ពី​កំហុស និង​គុណសម្បត្តិ​។​

​ក្នុងស្ថានភាព​ជា​ស្ត្រី​ដែលមាន​ភារកិច្ច​ទទួល​ខុសត្រូវ​ទ្វេ​រដង​លើសពី​បុរស​គឺ​បំពេញការងារ​ស្នូល​ក្នុង​អង្គភាព ស្ថាប័ន​ផង និង​ត្រូវ​ចិញ្ចឹម​បីបាច់​ថែ​រទាំ​កូន តាំងពី​ក្នុង​ផ្ទៃ​រហូត កើតមក និង​បន្តទៅទៀត​ដល់​ពេញវ័យ បើទោះជា​បុរស​ជា​ស្វាមី ឬ​អ្នក​ដែលជា​ថ្នាក់ដឹកនាំ​មិនបាន​យកចិត្តទុកដាក់​បង្កលក្ខណៈ​ឱ្យ​នាង ទទួលបាន នូវ​ឱកាស​ថែ​រទាំ​កូន​បាន​ងាយស្រួល​យ៉ាងណាក៏ដោយ ក៏​នាង​មិន​បោះបង់​កូន និង​ការងារ​ស្នូល​របស់​នាង​ដែរ​។​

​លោក​អធិការ​គួរតែ​សម្ដែង​នូវ​ការកោតសរសើ លើកទឹកចិត្ត និង​រិះរក​មធ្យោបាយ​ឱ្យ​មន្ត្រី​ស្ត្រី​បែបនេះ ទទួលបាន​នូវ​ការយកចិត្តទុកដាក់​និង​ឱ្យ​គាត់​មានឱកាស​គ្រប់គ្រាន់​ថែ​រទាំ​កូន​ដូច​ម្ដាយ​លោក​ថែ​រទាំ​លោក​កាលពី​នៅ​ទារក និង​ភរិយា​លោក​ថែ​រទាំ​កូនលោក​ដូចគ្នា​ដែរ​។​

”​បន្ថែម​ទៅទៀត ក្រសួង​កិច្ចការនារី​ក៏បាន​ចេញ​នូវ​សេចក្តីថ្លែងការណ៍ ដែលមាន​អត្ថន័យ​ថា “ ក្រសួង​កិច្ចការនារី​សូម​សម្ដែង​នូវ​ការកោតសរសើ​ចំពោះ​លោកស្រី អនុសេនីយ៍ទោ ស៊ី​ថុង សុខា ដែល​បានបង្ហាញ​ពី​ការទទួលខុសត្រូវ​ខ្ពស់ ទាំង​ក្នុងការ​បំពេញភារកិច្ច​ជូន​ស្ថាប័ន និង​តួនាទី ជា​ម្ដាយ​ដ៏​ល្អ​ក្នុងការ​ចិញ្ចឹម​បីបាច់​និង​ផ្ដល់​ភាពកក់ក្ដៅ​ដល់​កូន​។​

​ក្នុងន័យនេះ ស្ថាប័ន​អង្គភាព​ដែលមាន​ស្ត្រី ជា​មន្ត្រីក្រោមឱវាទ​ឬ​ជា​បុគ្គលិក​បំពេញការងារ​គួរ​បង្កើត​បរិស្ថាន​ការងារ​អំណោយផល ដូចជា​ទីកន្លែង​បំបៅ​ដោះ​កូន និង​អនុញ្ញាតឱ្យ​ស្ត្រី​ដែលមាន​កូនតូច​អាចបំពេញ​ការងារ​ផង និង​បំពេញ​តួនាទី​ជា​ម្ដាយ​ផង​។​

​ក្រោយពី​មាន​លិខិត​អន្តរាគមន៍​របស់លោក​ជំទាវ ជូ ប៊ុន​អេង និង​ក្រសួង​កិច្ចការនារី យើង​ឃើញ​មានការ​សាទរ​ពី​សំណាក់​សាធារណៈជន និង​មានការ​ចូលរួមចំណែក​លើកទឹកចិត្ត​ដោយ​ពាក្យសំដី ថវិកា និង​សម្ភារៈ​ជាច្រើន ជូន​ដល់​លោកស្រី ៕

អត្ថបទដែលជាប់ទាក់ទង