ត្រៀមដី១០ហិកតា និងឡបច្ចេកទេសស្តង់ដារ៦ ដើម្បីបូជាសពដោយសារជំងឺកូវីដ-១៩
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំ នូវផ្ទៃដីប្រមាណ ១០ហិតា និងឡបច្ចេកទេសស្តង់ដារសម្រាប់បូជាសពអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩មានមូលដ្ឋានក្នុងស្រុកឱរ៉ាល់ នៃខេត្តកំពង់ស្ពឺ។
លោក ម៉េត មាសភក្ដី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងនៅរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ថា ចំពោះមុខក្រោយពីទទួលបានបទបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងការដឹកនាំបញ្ជាដោយផ្ទាល់ពីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ភ្លាមៗអាជ្ញាធរ និងជំនាញពាក់ព័ន្ធបានគិតគូរជ្រើសរើសទីតាំងសម្រាប់រៀបចំធ្វើជាកន្លែងបូជាសពអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ដោយគិតគូរពីសុវត្ថិភាព និងមិនឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋនោះ ទើបពិនិត្យ និងសម្រេចឃើញថា មានតែទីតាំងមូលដ្ឋានក្នុងស្រុកឱរ៉ាល់ នៃខេត្តកំពង់ស្ពឺនោះទេ ដែលផ្ដល់សុវត្ថិភាព និងជាជម្រើសល្អនៅក្នុងការបង្កើតឱ្យមានជាទីតាំងសម្រាប់បូជាសពអ្នកដែលស្លាប់ដោយសារជំងឺកូវីដ១៩នេះ ដោយសារទីនោះមិនប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋឡើយ។
លោក ម៉េត មាសភក្ដី បានបន្ថែមថា បច្ចុប្បន្នរដ្ឋបាលរាជធានីភ្នំពេញបានរៀបចំផ្ទៃដីទំហំប្រមាណ១០ហិកតា និងឡជាបច្ឆាបច្ចេកទេសស្តង់ដារចំនួន ៦ សម្រាប់ត្រៀមបូជាសពអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩នេះ គឺស្ថិតក្នុងស្រុកឱរ៉ាល់ នៃខេត្តកំពង់ស្ពឺ ដូចដែលបានសិក្សា និងគិតគូរនោះ។
លោក ម៉េត មាសភក្ដី បានគូសបញ្ជាក់បន្ថែមថា ទោះបីមកដល់ពេលនេះការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែបន្តមាន និងមានអ្នកស្លាប់ម្នាក់ក្ដី ក៏ភូមិសាស្ត្ររាជធានីភ្នំពេញមិនត្រូវបានប្រកាសបិទ ឬផ្អាកចរាចរណ៍តំបន់ណាឡើយ លើកលែងតែទីតាំងប្រមាណជា ១០០ទីតាំង ដែលមានដូចជាផ្ទះ ឬខុនដូជាដើម មានអ្នកពាក់ព័ន្ធកំពុងរស់នៅ និងធ្វើចត្តាឡីស័កប៉ុណ្ណោះដែលត្រូវបានហ៊ុមព័ន្ធទីនោះ ព្រោះថា រដ្ឋបាលរាជធានីភ្នំពេញបានត្រៀមលក្ខណៈរួចជាស្រេចចំពោះការដោះស្រាយសភាពការណ៍បន្ទាន់ៗ ទាំងការរៀបចំទីតាំងធ្វើចត្តាឡីស័ក ទីតាំងព្យាបាល ពិសេសគឺការការពារសន្តិសុខសណ្ដាប់ធ្នាប់តំបន់ពាក់ព័ន្ធទាំងនោះ៕