បុរស អាយុ ៦៩ឆ្នាំ វិជ្ជមានវីរុសកូវីដ-១៩ បានស្លាប់ ដោយសារជំងឺស្ទះសរសៃឈាមបេះដូង នៅព្រៃវែង
ខេត្តព្រៃវែង ៖ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ករណីស្លាប់បុរសជនជាតិខ្មែរ អាយុ ៦៩ឆ្នាំ នៅខេត្តព្រៃវែង ដោយសារជំងឺស្ទះសរសៃឈាមបេះដូង (Infarctus du Myocard)។
នៅថ្ងៃអាទិត្យ ទី១៤ ខែមីនាឆ្នាំ២០២១ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា
ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមគោរពជម្រាបជូនសាធារណជនទាំងអស់ឱ្យបានជ្រាបថា យោងតាមការរាយការណ៍ពីមន្ទីរសុខាភិបាលខេត្តព្រៃវែង បានឱ្យដឹងថា បុរសជនជាតិខ្មែរអាយុ ៦៩ឆ្នាំ មានអាសយដ្ឋាននៅភូមិជ័យឧត្តមឃុំព្រែកខ្សាយ ខ” ស្រុកពាមរក៌ ខេត្តព្រៃវែង បានទទួលមរណភាពនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ០៩និង៤០នាទីព្រឹក នៅក្នុងមន្ទីរពេទ្យខេត្តព្រៃវែង ដោយសារជំងឺស្ទះសរសៃបេះដូង (Infarctus du myocard)។
បុរសវ័យ ៦៩ឆ្នាំនេះ បានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រៃវែង នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង០៥និង៣០នាទីល្ងាច ដោយសារកឃើញមានវិជ្ជមានវីរុសកូវីដ-១៩ ដោយមានលទ្ធផល វិភាគទទួលបានពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជានៅថ្ងៃទី១២ ខែមីនាឆ្នាំ២០២១ ក្រោយពីបានយកវត្ថុសំណាកនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១។
ពេលចូលមកដល់មន្ទីរពេទ្យខេត្តនេះ ក្រុមគ្រូពេទ្យ បានយកចិត្តទុកដាក់ក្នុងការពិនិត្យសុខភាពគាត់ ហើយសភាអ្នកជំងឺនៅពេលនោះ មិនមានក្អក មិនមានហត់ មិនមានក្តៅខ្លួន តែក្រុមគ្រូពេទ្យមានការកត់សម្គាល់នូវសម្ពាធឈាមរបស់អ្នកជំងឺឡើងខ្ពស់ ខុសធម្មតា ដែលតាមការសាកសួរឃើញថា បុរសវ័យ ៦៩ឆ្នាំ រូបនេះ ធ្លាប់បានទៅពិនិត្យ និងព្យាបាលជំងឺប្រចាំកាយរបស់ខ្លួននៅ គ្លីនិកឯកជន។
នៅវេលាម៉ោងប្រហែលជា ២៣និង០០នាទីយប់នៃថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យ បានទៅពិនិត្យមើលសុខ ភាពគាត់ម្តងទៀត ឃើញថា មានសភាពធម្មតា។
នៅវេលាព្រឹកម៉ោងប្រហែលជា០៦និង០០នាទីនៃថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ បុរសខាងលើ បានចេញមកធ្វើលំហាត់ប្រាណអស់ពេលជាយូរ ហើយក៏បានចូលទៅសម្រាកនៅក្នុងបន្ទប់របស់ខ្លួនវិញ ដោយបានសម្រាន្តលង់លក់ រហូតដល់អ្នកជំងឺកូវីដ -១៩ម្នាក់ទៀតដែលនៅសម្រាកជិតនោះ ដាស់គាត់ឱ្យពិសារបាយព្រឹក ក៏ឃើញថា បុរសវ័យ ៦៩ឆ្នាំនេះ បានស្លាប់បាត់បង់ជីវិតទៅហើយ។
ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ បុរសវ័យ ៦៩ឆ្នាំខាងលើនេះ គឺបានស្លាប់បាត់បង់ជីវិត ដោយសារជំងឺស្ទះសរសៃឈាមបេះដូង (Infarctus du myocard) (មិនមែនស្លាប់ដោយសារជំងឺកូវីដនោះឡើយ)។
ក្រសួងសុខាភិបាល សូមចូលរួមសម្តែងនូវការសោកស្តាយជាអនេក និងសូមចូលរួមចែករំលែកមរណៈទុក្ខយ៉ាងក្រៀមក្រំជាទីបំផុតជាមួយក្រុមគ្រួសារសព៕