ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់ចោរប្លន់​ចំនួន​៣​នាក់ ក្នុងចំណោម១៦នាក់ ​កាប់​ប្លន់​យក​ម៉ូតូ​មួយគ្រឿង

56

 

​ភ្នំពេញ ៖ ជនសង្ស័យ​ចំនួន​៣​នាក់ ក្នុងចំណោម​បក្សពួក​ចំនួន​១៦​នាក់ ត្រូវ​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​ស្ទឹងមានជ័យ​៣ ឃាត់ខ្លួន​យកទៅ​ធ្វើការ​សាកសួរ​ភ្លាមៗ បន្ទាប់ពី​ក្រុម​ជនសង្ស័យ​ទាំងនោះ បានធ្វើ​សកម្មភាព កាប់​ប្លន់​យក​ម៉ូតូ​របស់​ជនរងគ្រោះ​ម្នាក់ បានសម្រេច ។

​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង ១​និង​៤៥​នាទី រំលងអធ្រាត្រ​ឈានចូល​ថ្ងៃ ទី​១៤ ខែមីនា ឆ្នាំ​២០២១ ទល់មុខ កា​រ៉ា​សាំង​តូ​តា​ល់ ផ្លូវ​វេ​ង​ស្រេង ភូមិ​ដំណាក់​ធំ​៣ សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

​ជនសង្ស័យ​ដែល​ត្រូវ​កម្លាំង​ឃាត់ខ្លួន បាន​មានឈ្មោះ ១.​ឈ្មោះ អៀង សុខ​ហ៊​ង ភេទ​ប្រុស​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល ភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ២.​ឈ្មោះ ប៉ុន ថា​រ៉ា​វុ​ទ្ធ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល ភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ៣.​ឈ្មោះ ផា ដាវី ភេទ​ស្រី អាយុ​២០​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក ។

​សមត្ថកិច្ច​ដកហូត ម៉ូតូ​ចំនួន​២​គ្រឿង ម៉ាក ហុងដា​ឌ្រី​ម ពណ៌​ក្រហម ពាក់​ផ្លាកលេខ ភ្នំពេញ 1BU 5281 និង​មួយគ្រឿង​ទៀត​ម៉ាក ស៊ុយ​ស៊ុ​គី​និ​ច ពណ៌​ស ពាក់​ផ្លាកលេខ ភ្នំពេញ 1CS2886 ជា​របស់​ជនសង្ស័យ ។

​ចំណែក​ជនរងគ្រោះ​មានឈ្មោះ លន់ សេង​លី ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ ជាង​ឡាន ស្នាក់នៅ​ផ្ទះជួល ម្តុំ​ទួល​ពង្រ សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ របួស​ក្បាល ១​កន្លែង និង​មេដៃ​១​កន្លែង ហើយ​ម៉ូតូ​ដែល​ជនសង្ស័យ​ប្លន់​យកទៅ​ម៉ាក ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៦ ឆ្នាំ ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ ស្វាយរៀង 1L7404 ជា​របស់​ជនរងគ្រោះ ។

​លោក វរសេនីយ៍ត្រី ឯម ភា​រី នាយប៉ុស្តិ៍​នគរបាល​ស្ទឹងមានជ័យ​៣ បាន​ឲ្យ​ដឹងថា មុននឹង​ឈានទៅដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ទាំងនេះ​បាន គឺ​នៅ​យប់​ថ្ងៃកើតហេតុ ជនរងគ្រោះ​គាត់​បាន​ជិះ​ម៉ូតូ ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ ២០១៦ ពណ៌​ខ្មៅ នៅ​អង្គុយលេង ជាមួយ​មិត្ត​ភ័ក្ដិ នៅ​កន្លែងកើតហេតុ ហើយ​ពេល​នោះដែរ ក៏​ស្រាប់​តែមាន​ក្រុម​ជនសង្ស័យ​មាន​គ្នា ចំនួន​១៦​នាក់ បាន​ជិះ​ម៉ូតូ​ចំនួន​៤​គ្រឿង ប្រដាប់​ដោយ​កាំបិត បានមក​ធ្វើ​សកម្មភាព កាប់​ទៅ​ជនរងគ្រោះ បណ្តាល​ឲ្យ​រងរបួស ហើយ​យក​ម៉ូតូ​របស់​ជនរងគ្រោះ ជិះ​គេចខ្លួន​តែម្តង ។

​លោកនាយ​ប៉ុស្តិ៍​ក៏បាន​ឲ្យ​ដឹង​ទៀតថា ភ្លាម​នោះដែរ នៅពេលដែល​ជនសង្ស័យ ធ្វើ​សកម្មភាព​ហើយ ក៏​ប្រទះ​ជាមួយនិង​កម្លាំង​ល្បាត​របស់​ប៉ុស្តិ៍នគរបាល​ស្ទឹងមានជ័យ​៣ បានធ្វើការ​ជិះ​ដេញតាម រហូតដល់​ដល់​មុខ​បុរី​សន្តិភាព​២ សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ក៏​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​៣​នាក់ ក្នុងនោះ​មាន​ស្រី​ម្នាក់ រួមទាំង​ម៉ូតូ​២​គ្រឿង នាំខ្លួន​យកទៅ​ធ្វើការ សាកសួរ​នៅ​ស្នាក់ការ​ប៉ុស្តិ៍នគរបាល​ស្ទឹងមានជ័យ​៣​តែម្តង ។ រីឯ​បក្សពួក​ជនសង្ស័យ​ចំនួន​១៣​នាក់​ទៀត បាន​រត់​គេចខ្លួនបាត់​ស្រមោល​អស់ ដោយ​យក​ទាំង​ម៉ូតូ​របស់​ជនរងគ្រោះ ទៅជា​មួយ​ផងដែរ ។

ក្រោយពេល​សាកសួរ​រួចហើយ ជនសង្ស័យ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង