ចាប់ជនសង្ស័យម្នាក់ ធ្វើសកម្មភាពចាប់ប្អូនស្រីរបស់គូដណ្ដឹងខ្លួនរំលោភ ប៉ុន្តែមិនបានសម្រេច
ភ្នំពេញ: យុវជនម្នាក់ ត្រូវបានម្ចាស់ផ្ទះជួល និងអ្នកជិតខាងនាំគ្នាចាប់ខ្លួន ប្រគល់ជូនសមត្ថកិច្ច ខណ:ជននេះធ្វើសកម្មភាពចាប់ប្អូនស្រីរបស់គូដណ្ដឹងខ្លួនរំលោភ ប៉ុន្តែមិនបានសម្រេច ដោយនាងរើបម្រាស់ ព្រមទាំងខាំអណ្ដាត និងស្រែកបង្កការភ្ញាក់ផ្អើល។
កាលពីវេលាម៉ោង ៨និង៣០នាទីព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ នៅក្នុងបន្ទប់ជួលលេខ0៤A ផ្លូវបេតុង ភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។
ជនសង្ស័យឈ្មោះ ប៉ិច លីឃឹម អាយុ ២០ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅក្នុងបន្ទប់កើតហេតុ ចំណែកស្រ្តីរងគ្រោះអាយុ ២១ឆ្នាំ ស្នាក់នៅបន្ទប់ផ្ទះជួលជាមួយគ្នានោះដែរ។
ជនសង្ស័យនិងបងស្រីរបស់នារីរងគ្រោះគឺត្រូវជាគូដណ្ដឹងនិងគ្នា ហើយបានស្នាក់នៅក្នុងបន្ទប់ជួលជាមួយគ្នាមួយរយ:ពេលកន្លងមកហើយ លុះដល់វេលាព្រឹកថ្ងៃកើតហេតុស្រ្តីជាគូដណ្ដឹង បានចេញទៅធ្វើការដោយទុកឲ្យជនសង្ស័យនិងប្អូនស្រី (ជនរងគ្រោះ)នៅក្នុងបន្ទប់តែ ២នាក់ ខណ:នោះនារីរងគ្រោះបានដេកមើលទូរស័ព្ទនៅក្នុងបន្ទប់ហើយជនសង្ស័យក៏បានបិទទ្វារខ្ទាស់គន្លឹះជាប់រួចចាប់ឱបថើបសម្រាតខោនាង និងលូករាវស្ទាបប្រដាប់ភេទនិងច្របាច់សុដនព្រមទាំងបឺតមាត់នាងបម្រុងរំលោភ។ ខណ:នោះត្រូវបាននាងរើបម្រាស់មិនព្រមនិងខាំអណ្ដាតជននោះ បណ្ដាលឲ្យរងរបួសហូរឈាម រួចស្រែកយំខ្លាំងបង្កឲ្យមានការភ្ញាក់ផ្អើល អ្នកជិតខាងនិងម្ចាស់ផ្ទះជួលនាំគ្នាទៅមើល និងគោះទ្វារទើបជនសង្ស័យលេងនារីរងគ្រោះ។ បន្ទាប់មកនាងបានបើកទ្វារចេញមកក្រៅប្រាប់អ្នកជិតខាងថា ជនសង្ស័យចាប់រំលោភនាង ទើបអ្នកជិតខាងនិងម្ចាស់ផ្ទះជួលឃាត់ខ្លួនជនសង្ស័យប្រគល់ជូននគរបាលដើម្បីសាកសួរ និងចាត់ការតាមច្បាប់៕