បើទោះបីស្ថានភាពនៃការរាតត្បាតជំងឺកូវីដ-១៩ មិនទាន់មានការថមថយក៏ដោយ ក៏រដ្ឋាភិបាលកូរ៉េនៅតែបន្តផ្តល់កូតាចំនួន ៥០ភាគរយ
ភ្នំពេញ៖ ក្រសួងការងារ និងមុខរបរ នៃសាធារណរដ្ឋកូរ៉េ បានជូនដំណឹង ពីការបែងចែកកូតាសម្រាប់ពលករ កម្ពុជាទៅធ្វើការ នៅសាធារណរដ្ឋកូរ៉េតាមរយៈប្រព័ន្ធអនុញ្ញាតមុខរបរ (EPS)។
យោងតាមផេកហ្វេកបុករបស់ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារកម្ពុជា បានឲ្យដឹងថា បើទោះបីស្ថានភាពនៃការរាតត្បាតជំងឺកូវីដ-១៩ មិនទាន់មានការថមថយក៏ដោយ ក៏រដ្ឋាភិបាលកូរ៉េនៅតែបន្តផ្តល់កូតាចំនួន ៥០ភាគរយ សម្រាប់ឆមាសទី១ឆ្នាំ២០២១ ដែលក្នុងនោះមានវិស័យឧស្សាហកម្មចំនួន ៣,៤០៤នាក់ ហើយ សម្រាប់ឆមាសទី២ឆ្នាំ២០២១ កម្ពុជា នឹងទទួលបានកូតាបន្ថែមទៀត បន្ទាប់ពីស្ថានភាពជំងឺកូវីដ-១៩ មានភាពធូរស្បើយ។
ដោយឡែក ចំនួនពលករដែលត្រូវបានអនុញ្ញាតដាក់ចូលក្នុងបញ្ជីសុំស្វែងរកការងារធ្វើក្នុងឆ្នាំ២០២១ មានចំនួនសរុប ២២,៦៩៧ ក្នុងនោះ វិស័យឧស្សាហកម្ម ចំនួន ១៦,២៦១នាក់; វិស័យកសិកម្ម&ចិញ្ចឹមសត្វ ចំនួន ៥,៧៧៨នាក់ និង វិស័យសំណង់ ចំនួន ៦៥៨នាក់។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សង្ឃឹមថា នឹងទទួលបានកូតាបន្ថែមទៀត បន្ទាប់ពីស្ថានភាពជំងឺកូវីដ-១៩ មានភាពល្អប្រសើរឡើង៕