ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានក្រុមការងារអន្តរក្រសួង ចុះសិក្សា និងដោះស្រាយករណីរកឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាដែលលិចក្នុងទន្លេ​ ផ្ទុក​សម្ភារ​សឹក​កងទ័ព លន់ នល់ ប្រមាណ​៨០០​តោន

50

 

​ភ្នំពេញៈ ឯកឧត្តម នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារអន្តរក្រសួង ដើម្បីចុះសិក្សា និងដោះស្រាយករណីរកឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាដែលលិចក្នុងទន្លេ។

នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១បានអញ្ជើញដឹកនាំក្រុមការងារប្រតិបត្តិការបោស សំអាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាចម្បាំងដែលលិចក្នុងទន្លេ បើកការដ្ឋានប្រតិបត្តិការបោសសំអាតគ្រាប់ក្រោម ទឹកការដ្ឋានទី២ ស្ថិតនៅឃុំបឹងគ្រុំ ស្រុកល្វាឯម ខេត្តកណ្ដាល។ សម្រាប់ការដ្ឋានទី២នេះ ស្ថិតនៅភូមិបឹងគ្រុំ ឃុំបឹងគ្រុំ ស្រុកល្វាឯម ខេត្តកណ្តាល (កំពង់ចម្លងបន្ទាយដែក បឹងគ្រុំ) ជាប្រភេទនាវាចម្លងផ្ទុកសម្ភារសឹកកង ទ័ព លន់ នល់ ដែលមានចំណុះប្រមាណ៨០០តោន (អ្នកស្រុកហៅថា ប្លង់តុង)។

​តាម​ការស្រាវជ្រាវ ក្រុមការងារ​អន្តរក្រសួង​គ្រោង​នឹង​បន្ត​ប្រតិបត្តិការ​ស្រង់​យក​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​ដែល​លិច​ក្នុង​នាវាចម្បាំង​មួយចំនួនទៀត​នៅ​ស្រុក​ល្វាឯម និង​ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល​, ស្រុក​ពាម​ជរ និង​ស្រុក​ពាម​រក៍ ខេត្តព្រៃវែង​។​

​ចាប់តាំងពី​ខែតុលា ឆ្នាំ​២០២០ រហូតមកដល់​ខែមីនា ឆ្នាំ​២០២១​នេះ ក្រុមការងារ​បាន​បើក​ប្រតិបត្តិការ​បោសសំអាត​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ ក្នុង​នាវាចម្បាំង​លិច​ក្នុង​ទន្លេមេគង្គ ស្ថិតក្នុង​ភូមិ​វាល ឃុំ​មានជ័យ ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម បាន​ចំនួន​១៥,២៨២​គីឡូក្រាម រួមទាំង​ឆ្អឹង​សព​មនុស្ស និង​សម្ភារ​សឹក​មួយចំនួនទៀត​។

​ដោយឡែក​នៅក្នុង​សប្ដាហ៍​ទី​១ នៃ​ខែមីនា ឆ្នាំ​២០២១​នេះ ក្រុមការងារ​ប្រតិបត្តិការ បាន​បន្ត​បេសកកម្ម​មុជទឹក​ចុះ​ស្រង់​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​បានជា​បន្តបន្ទាប់​ទៀត ក្នុងនោះ​រួមមាន គ្រាប់​ប្រភេទ​១២.៧​ម​.​ម​ចំនួន​១៩,០៨៧​គ្រាប់​, គ្រាប់​៦០ ម​.​ម ៨៧​គ្រាប់​, គ្រាប់​៨១ ម​.​ម ៦១​គ្រាប់​, ឆ្អឹង​សព​មនុស្ស​១៦​បំណែក​, អាវុធ​AK៤៧៨​ដើម និង​សម្ភារ​សឹក​មួយចំនួន​។​

​តាម​គម្រោង​ប្រតិបត្តិការ​ស្រង់​យក​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ចេញពី​នាវា​ច្បាំង​ដែល​លិច​ក្នុង​ទន្លេ ស្ថិតក្នុង​ភូមិ​វាល ឃុំ​មានជ័យ ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម គ្រោង​នឹង​បញ្ចប់​នៅ​អំឡុង​ខែឧសភា ឆ្នាំ​២០២១​នេះ ។

​សូម​រម្លឹកថា សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បង្កើត​ក្រុមការងារ​អន្តរក្រសួង​ដើម្បី​ចុះ​សិក្សា និង​ដោះស្រាយ​ករណី​រកឃើញ​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​ក្នុង​នាវាចម្បាំង​ដែល​លិច​ក្នុង​ទន្លេ​ខាងលើនេះ កាលពី​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០២០ ។ ក្រុមការងារ​នេះ​មាន​នាយ​ឧ​ត្ត​ម​សេនីយ៍ នាង ផាត រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួងការពារជាតិ ជា​ប្រធាន អមដោយ​អនុប្រធាន​២​រូប គឺ​អគ្គស្នងការ​នគរបាល​ជាតិ និង​អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​សម្រាប់​កងកម្លាំង​រក្សា​សន្តិភាព និង​បោសសំអាត​មីន និង​គ្រាប់​មិនទាន់​ផ្ទុះ ។​

​ក្នុង​ប្រតិបត្តិការ​នេះ ក្រុមការងារ​អន្តរក្រសួង​ត្រូវធ្វើ​សេចក្ដីរាយការណ៍ និង​ស្នើសុំ​យោបល់​ដឹកនាំ​ជាប្រចាំ ពីស​ម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ក្នុងនាម​រាជរដ្ឋាភិបាល សម្ដេច​ក្រឡាហោម​ឧបនាយករដ្ឋមន្ត្រី បាន​អញ្ជើញ​ដឹកនាំ​ក្រុមការងារ​អន្តរក្រសួង​បើក​កិច្ចប្រជុំ​ជា​បន្តបន្ទាប់ រហូត​ឈានដល់​ការបើក​ប្រតិបត្តិ​ការជាក់ស្ដែង​។ នៅ​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០២១ សម្ដេច​ក្រឡាហោម ឧបនាយករដ្ឋមន្ត្រី បាន​អញ្ជើញ​ជួប​សំណេះសំណាល និង​ត្រួតពិនិត្យ​ជាក់ស្ដែង​នូវ​លទ្ធផល និង​កិច្ចប្រតិបត្តិការ​របស់​ក្រុមការងារ នៅ​ភូមិ​វាល ឃុំ​មានជ័យ ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម ។​

​សូមបញ្ជាក់ថា ជុំវិញ​កិច្ច​ប្រតិបត្តិ​ការបោះសំអាត​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​លិច​ក្នុង​នាវាចម្បាំង​ដែល​លិច​ទឹក​ក្នុង​ទន្លេ សម្ដេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល កាលពី​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០២១ បានសម្រេច​បន្ថែម​សមាសភាព​ពាក់ព័ន្ធ​មួយចំនួនទៀត​មាន​សមាសភាព​មកពីរ​ដ្ឋ​បាល​ខេត្តកណ្ដាល និង​ខេត្តព្រៃវែង ។​

​កាលពី​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០២០ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​បង្កើត​ក្រុមការងារ​អន្តរក្រសួង​ដើម្បី​ចុះ​សិក្សា​និង​ដោះស្រាយ​ករណី​រកឃើញ​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ក្នុង​នាវា​ដែល​លិច​ក្នុង​ទន្លេ ស្ថិតនៅ​ភូមិ​វាល ឃុំ​មានជ័យ ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម ដោយមាន​នាយ​ឧ​ត្ត​ម​សេនីយ៍ នាង ផាត រដ្ឋលេខា​ប្រចាំការ​ក្រសួងការពារជាតិ​ជា​ប្រធាន អមដោយ​អគ្គស្នងការ​នគរបាល​ជាតិ និង​អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​សម្រាប់​កងកម្លាំង​រក្សា​សន្តិភាព និង​បោសសំអាត​មីន និង​គ្រប់​មិនទាន់​ផ្ទុះ​ជា​អនុប្រធាន​។​

​ក្នុង​កិច្ចប្រតិបត្តិការ​បោសសំអាត​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​ក្នុង​នាវាចម្បាំង​លិច​នោះ រាជរដ្ឋាភិបាល​បាន​កំណត់ឱ្យ​ក្រុមការងារ​អន្តរក្រសួង ធ្វើ​សេចក្តីរាយការណ៍ និង​ស្នើសុំ​យោបល់​ដឹកនាំ​ជាប្រចាំ​ពីស​ម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​។ សម្ដេច​ក្រឡាហោម បាន​ដឹកនាំ​កិច្ចប្រជុំ​ជា​បន្តបន្ទាប់ និង​អញ្ជើញ​ទៅពិនិត្យ​ទីតាំង​ប្រតិបត្តិការ និង​ជួប​សំណេះសំណាល​ដោយផ្ទាល់​ជាមួយ​ថ្នាក់ដឹកនាំ និង​ក្រុមការងារ​ប្រតិបត្តិការ​កាលពី​ថ្ងៃទី​១២ ខែ​កម្ភៈ កន្លងទៅ​។​

​ប្រតិបត្តិ​ការស្វែងរក គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​ក្នុង​នាវា​ដែល​លិច​ក្នុង​ទន្លេ ស្ថិតនៅ​ភូមិ​វាល ឃុំ​មានជ័យ ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម បានចាប់ផ្ដើម​ពី​ខែតុលា ឆ្នាំ​២០២០ ហើយ​គ្រោង​បញ្ចប់​នៅ​ខែឧសភា ពោលគឺ​មុន​ការមកដល់​នូវ​រដូវវស្សា​៕

អត្ថបទដែលជាប់ទាក់ទង