ដោះស្រាយ ករណីទំនាស់រវាង ក្រុមហ៊ុនរបស់ឧកញ៉ាសូ ងួន ជាមួយគ្រួសារកងកម្លាំងសមាហរណកម្មការពារកោះឆ្នេរ ស្ថិតនៅភូមិដុំផ្តៅ
កំពត ៖ កាលពីថ្ងៃទី១៤ និង១៥ ខែមីនា កន្លងទៅថ្មីៗនេះ មានការប៉ះទង្គិចគ្នាលក្ខណៈទ្រង់ទ្រាយធំ មួយប្រ៉ាវ រវៀងក្រុមឆ្មាំការពារដីឲ្យក្រុមហ៊ុនក្រុមហ៊ុន វើលដ៍ទ្រីស្តារ អ៉ិនធើថិនមេនរបស់លោក ឧកញ៉ា សូ ងួន ជាមួយនឹងក្រុមគ្រួសារកងទ័ពសមាហរណកម្មការពារកោះឆ្នេររាប់រយននាក់នៅ ទីតាំងដីទំនាស់ស្ថិតក្នុងភូមិដុំផ្ដៅ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត ។
នៅថ្ងៃពុធ ទី១៧ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត ដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាករណីរបស់ក្រុមហ៊ុន វើលដ៍ទ្រីស្តារ អ៉ិនធើថិនមេន ទំនាស់ជាមួយគ្រួសារកងកម្លាំងសមាហរណកម្មការពារកោះឆ្នេរ ស្ថិតនៅភូមិដុំផ្តៅ ឃុំត្រពាំងភ្លាំង ស្រុកឈូក។ កិច្ចប្រជុំនេះ មានការចូលរួមពី ឯកឧត្តម អភិបាលរងខេត្ត លោកឧត្តមសេនីយ៍ទោ នាយករងអធិការកិច្ច ក្រសួងការពារជាតិ មេបញ្ជាការរងការពារកោះឆ្នេរ តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អគ្គនាយកក្រុមហ៊ុន នាយករងរដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរជំនាញពាក់ព័ន្ធ អភិបាលស្រុកឈូក និងមន្ត្រីជំនាញ។
ថ្លែងនៅកិច្ចប្រជុំនេះ ឯកឧត្តម ជាវ តាយ ប្រសាសន៍ថា តាមរបាយការណ៌របស់ក្រុមការងារចុះពិនិត្យទីតាំងជាក់ស្តែង និងការបំភ្លឺរបស់ភាគីទំនាស់ ពិនិត្យឃើញថា បញ្ហាទំនាស់នេះស្ថិតនៅលើដីបានចុះបញ្ជីរួច ឲ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលជួលឲ្យក្រុមហ៊ុន និងដីមិនទាន់ចុះបញ្ជី គ្រប់គ្រងដោយរដ្ឋ ដូចនេះ ÷
១.ដីដែលបានចុះបញ្ជីរួច ឲ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានជួលឲ្យក្រុមហ៊ុន ដូចនេះក្រុមហ៊ុន វើលដ៍ទ្រីស្តារ អ៉ិនធើថិនមេន ត្រូវអនុវត្តសកម្មភាពអភិវឌ្ឍន៍នៅលើតំបន់ណា ដែលគ្មានទំនាស់ ករណីទីតាំងទំនាស់ រង់ចាំការដោះស្រាយ។
២.ទីតាំងដីមិនទាន់ចុះបញ្ជី (គ្រប់គ្រងដោយរដ្ឋ) កំពុងមានទំនាស់ជាមួយអតីតសមាហរណកម្មការពារកោះឆ្នេរ ក្រុមហ៊ុនត្រូវផ្អាកសកម្មភាពទាំងស្រុង៕