អតីតផ្សារណាត់ ដែលបន្សល់ពីជំនាន់បារាំង ក្នុងទឹកដីក្រុងដូនកែវ ត្រូវសាងសង់ជាផ្សារទំនើបខ្នាតតូច
តាកែវ ៖ ផ្សារណាត់ ដែលជាផ្សារមួយមានភាពវ័យចំណាស់ដែលបន្សល់ទុកតាំងពីជំនាន់អណានិគមន៍បារាំង និងត្រូវបានជួសជុលរៀបចំឡើងវិញនៅឆ្នាំ១៩៨២ ក្រោយបញ្ចប់សម័យប៉ុលពត ឥឡូវនេះត្រូវបានវាយកំទេចចោលហើយ និងចាប់ផ្តើមកសាងថ្មីឡើងវិញ ជាផ្សារទំនើបខ្នាតតូចមួយ មុនគេបង្អស់នៅក្នុងទឹកដីវ័យចំណាស់នៃក្រុងដូនកែវ ខេត្តតាកែវ នាសម័យសុខសន្តិភាព កាលពីរសៀលថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០២១នេះ ។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅថ្ងៃចាប់ផ្តើមបុកគ្រឹសសាងសង់ផ្សារណាត់ថ្មីនេះ លោក កង អណាន់ អភិបាលក្រុងដូនកែវ បានលើកឡើងថា ផ្សារណាត់ថ្មីនេះជាសមិទ្ធិផលថ្មីមួយទៀតហើយ ដែលក្រុងដូនកែវបានកសាងឡើងនាសម័យសុខសន្តិភាព ក្រោមម្លប់ដ៏ត្រចះត្រចង់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចគតិបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន អរគុណសន្តិភាព ។
លោកអភិបាលក្រុងបន្តថា ផ្សារណាត់ថ្មីនេះ គឺជាផ្សារទំនើបខ្នាតតូចមួយមុនគេបង្អស់នៅក្នុងទឹកដីនៃខេត្តតាកែវ ការរៀបចំផ្សារណាត់នេះគឺមានកម្ពស់ ៣ជាន់ និងមានតូបសម្រាប់លក់ដូរជាង ៣០០តូប ដែលត្រូវបានគិតគូរពីប្រព័ន្ធសុវត្តិភាព ផ្លូវចេញ ផ្លូវចូល និងប្រព័ន្ធការពារជាច្រើនទៀត ជាពិសេស គឺរៀបចំឲមានសណ្តាប់ធ្នាប់ទៅតាមស្តង់ដាផ្សារទំនើបកម្មមួយដែរ ហើយទាំងនេះគឺជាគំនិតផ្តួចផ្តើមឡើងដោយលោក ឡោ ជំនិត ម្ចាស់វិនិយោគគំរោងសង់ផ្សារណាត់ថ្មីនេះ ។
បងប្អូនប្រជាពលរដ្ឋដែលជាអាជីវករផ្សារណាត់ និងពលរដ្ឋរស់នៅជុំវិញផ្សារណាត់នេះ បាននិយាយថា ពួកគាត់មានចិត្តសប្បាយរីករាយជាខ្លាំងក្រោយសំឡេងស្នូរបុកគ្រឹសផ្សារណាត់នេះបានបន្លឺឡើង ព្រោះចាប់ពីពេលនេះតទៅពួកគាត់និងទទួលបានតូបលក់ដូរសមស្របហើយស្អាត និងអនាម័យ ដែលអាចទាញចំណាប់អារម្មណ៍ដល់អ្នកទិញមកចូលផ្សារទិញម្ហូបអាហារបានកឆន់តែច្រើនជាងមុន ។
ដោយឡែកចំពោះប្រជាពលរដ្ឋរស់នៅជុំវិញផ្សារណាត់វិញ ក៏បានលើកឡើងថា ការសាងសង់ផ្សារណាត់នេះ វាបានធ្វើឲតម្លៃដីនៅជុំវិញផ្សារហក់ឡើងខ្ពស់នឹកស្មានមិនដល់ឡើយបើធៀបជាមួយ និងមុនមិនទាន់មានគម្រោងសាងសង់ផ្សារណាត់ថ្មីនេះ ជាពិសេសប្រជាពលរដ្ឋរស់នៅជុំវិញផ្សារណាត់នោះ ក៏អាចប្រែក្លាយខ្លួនជាអាជីវករលក់នៅតាមផ្ទះរបស់ខ្លួនផងដែរ៕