ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជធានី ជម្រុញឲ្យអាជ្ញាធរខណ្ឌទាំង១៤និងមន្ទីរសុខាភិបាលសហការរៀបចំ មន្ទីរពេទ្យ និងទីតាំង ដើម្បីចាក់វ៉ាក់សាំងការពារកូវីដ-១៩ Astra Zenecaជូនប្រជាពលរដ្ឋ ដែលមានអាយុចាប់ពី៦០ឆ្នាំឡើង អោយរួចរាល់ត្រឹម១៥ថ្ងៃ

51

ភ្នំពេញ៖ លោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនារសៀលថ្ងៃទី១៩ខែមិនានេះ បានជម្រុញឲ្យអាជ្ញាធរខណ្ឌទាំង១៤និងមន្ទីរសុខាភិបាលសហការរៀបចំ មន្ទីរពេទ្យ មន្ទីរពេទ្យបង្អែកនិងទីតាំងចាក់វ៉ាក់សាំងនានានៅទូទាំងរាជធានីភ្នំពេញ ដើម្បីចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ Astra Zeneca  ដែលនៅសល់ចំនួន១០ម៉ឺនដុសជូនប្រជាពលរដ្ឋ ដែលមានអាយុចាប់ពី៦០ឆ្នាំឡើងទៅ អោយអស់ក្នុងរយៈពេល១៥ថ្ងៃ។

   បន្ថែមពីនេះ លោកឃួង ស្រេងក៏បានបញ្ជាទៅអភិបាលខណ្ឌទាំង១៤ ត្រូវណែនាំទៅ ចៅសង្កាត់មេភូមិ ធ្វើលិខិតអញ្ជើញ បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីឲ្យពួកគាត់មកទទួលយកវ៉ាក់សាំងការពារជំងឺកូវីដ១៩ ពិសេស បងប្អូនប្រជាពលរដ្ឋដែលមានអាយុចាប់ពី៦០ឆ្នាំឡើងទៅ ជាមួយនៅគ្នានោះ ក្នុងនាមអាជ្ញាធរសង្កាត់ ភូមិត្រូវចុះផ្ទាល់ដល់ទីតាំងចាក់វ៉ាក់សាំង ដោយរៀបចំឱ្យបងប្អូនប្រជាពលរដ្ឋដែលយើងបានអញ្ជើញទៅចាក់វ៉ាក់សាំងនោះ រក្សាគម្លាតសុវត្ថិភាព ដើម្បីបង្ការទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ១៩ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល។

   នៅរាជធានីភ្នំពេញ យើងមានមន្ទីរពេទ្យបង្អែក ចំនួន ៨ទីតាំង ដើម្បីទទួលចាក់វ៉ាក់សាំង Sinopharm និង Astra Zeneca ជូនដល់ប្រជាពលរដ្ឋ ដែលរួមមានដូចជា មន្ទីរពេទ្យបង្អែកសម្តេចឪ, មន្ទីរពេទ្យបង្អែកចតុមុខ, មន្ទីរពេទ្យបង្អែកដង្កោ, មន្ទីរពេទ្យបង្អែករាជធានី, មន្ទីរពេទ្យបង្អែកព្រែកព្នៅ, មន្ទីរពេទ្យបង្អែកពោធិចិនតុង, មន្ទីរពេទ្យបង្អែកសែនសុខ និងមន្ទីរពេទ្យបង្អែកច្បារអំពៅ បន្ថែមពីនេះទៀតរដ្ឋបាលរាជធានីភ្នំពេញ គ្រោងនឹងបង្កើតឲ្យមានទីតាំងសំរាប់ចាក់វ៉ាក់ សាំងបន្ថែមទៀតផងដែរ ដើម្បីធ្វើយ៉ាងណាជំរុញការចាក់វ៉ាក់សាំងនេះឲ្យបានលឿនទៅតាមអនុសាសន៍ណែនាំរបស់សម្តេចតេជោហ៊ុន សែន ដែលបានមានប្រសាសន៍ណែនាំអោយអាជ្ញាធររាជធានីនិងក្រសួងសុខាភិបាលកាលពីព្រឹកថ្ងៃទី១៩ មិនានេះ។

   លោកបញ្ជាក់ថា ចំពោះវ៉ាក់សាំង astrazeneca vaccine គឺត្រូវចាក់សម្រាប់តែ មនុស្សចាស់ដែលមានអាយុចាប់ពី៦០ឆ្នាំឡើងទៅ ដោយឡែកចំពោះមនុស្សដែលមានអាយុ៦០ឆ្នាំចុះ ត្រូវចាក់វ៉ាក់សាំង Sinopharm របស់ចិន មិនទទួលការចាក់វ៉ាក់សាំង astrazeneca vaccine នោះទេ លើកលែងតែបងប្អូនប្រជាពលរដ្ឋដែលបានចាក់លើកទី១ហើយ។

  គួរបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី១៩មិនានេះ បានស្នើឲ្យគណៈកម្មការចាក់វ៉ាក់សាំងដែលមានលោកស្រីវេជ្ជបណ្ឌិត វណ្ណឌី ជាប្រធាន ដំណើរការចាក់វ៉ាក់សាំងដោយផ្ដល់អាទិភាព ចាក់ជូនប្រជាពលរដ្ឋដែលមានអាយុ៦០ ឆ្នាំឡើង នៅរាជធានីភ្នំពេញ ដែលជាតំបន់រាតត្បាតច្រើនមិនតែប៉ុណ្ណោះ សម្តេចបានស្នើឲ្យលោកស្រវេជ្ជបណ្ឌិត វណ្ណឌី និងលោក ឃួ ស្រេង ធ្វើយុទ្ធនាការចាក់វ៉ាក់សាំង រយៈពេល១៥ ថ្ងៃ ជូនពលរដ្ឋដែលមានអាយុ៦០ឆ្នាំឡើង នៅរាជធានីភ្នំពេញ ហើយមណ្ឌលចាក់វ៉ាក់សាំង ត្រូវតែធ្វើនៅតាមខណ្ឌ ដែលងាយស្រួលដល់ប្រជាពលរដ្ឋ ដែលត្រូវធ្វើដំណើមកទទួលវ៉ាក់សាំង តែហាមឃាត់មិនឲ្យចាក់ដល់មនុស្ស ដែលអាយុក្រោម៦០ឆ្នាំនោះទេ

   សម្ដេចបានស្នើឲ្យលោក ឃួ ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ជ្រើសរើសកន្លែង ដែលយ៉ាងហោចណាស់ក្នុងមួយខណ្ឌ ត្រូវមានមួយកន្លែង ដើម្បីចៀសវាងការប្រមូលផ្ដុំ ដែលនាំឲ្យមានហានិភ័យ នៃការចម្លងមេរោគ សម្ដេចបានប្រាប់ឲ្យអ្នកពាក់ព័ន្ធ ត្រូវខិតខំធ្វើការងារនេះក្នុងរយៈពេល១៥ថ្ងៃ ដោយចាប់ពីពេលដែលរៀបចំរួច ហើយមនុស្ស ដែលត្រូវមកចាក់ គឺត្រូវមានការកោះអញ្ជើញពីសំណាក់អាជ្ញាធរ មិនត្រូវឲ្យមានការអង្គុយរង់ចាំអត់បាយអត់ទឹក ដូចពេលកន្លងទៅនោះទេ

  សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ដែរថា នៅកម្ពុជា វ៉ាក់សាំងទាំងពីរប្រភេទ ទាំងវាក់សាំង​AstraZeneca និងវាក់សាំង Sinopharm មិនបានបង្កហានិភ័យណាមួយ ដូចការលើកឡើងនៅក្នុងបណ្ដាប្រទេសអឺរ៉ុបនោះទេ ជាមួយគ្នានោះសម្តេច ក៏បានសុំចិត្តពីប្រជាពលរដ្ឋឲ្យបន្តការចូលរួម ដើម្បីបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈនេះឲ្យបានឆាប់

 

អត្ថបទដែលជាប់ទាក់ទង