ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងសុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក បង្ហាញ​ក្តីបារម្ភ​រួមគ្នា​លើ​ហេតុការណ៍​ឆ្លង​សហគមន៍​២០​កុម្ភៈ​

138

 

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល និង​អង្គការ​សុខភាព​ពិ​ភាព​លោក​នៅ​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០២១​នេះ បានចេញ​សេចក្តីថ្លែងការណ៍​រួមគ្នា បង្ហាញ​ក្តីបារម្ភ​ទៅលើ​ស្ថានការណ៍​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩ នៅក្នុង​ប្រទេស​កម្ពុជា ដែល​កំពុងមាន​អ្នក​ឆ្លង និង​ស្លាប់​ជា​បន្តបន្ទាប់​។​

​ក្នុង​សេចក្តី​ជូន​ព័ត៌មាន​នេះ ក្រសួងសុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ឱ្យធ្វើ​សកម្មភាព​តាម​ដែល​ខ្លួន​អាចធ្វើ​បាន ដើម្បី​ចូលរួម​សាមគ្គី​គ្នា​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩​។​

​តាមរយៈ​សេចក្តី​ជូន​ព័ត៌មាន​រួម​នេះ លោក​សាស្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​ថ្លែងថា «​ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ នៅ​កម្ពុជា​សព្វថ្ងៃ​នៅតែមាន​លក្ខណៈ​ធ្ងន់ធ្ងរ​។ អ្វីដែល​យើង​កំពុង​ធ្វើ​នៅពេលនេះ នឹង​កំណត់​នូវ​ទិស​ដែល​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩​នេះ​តម្រង់​ទៅ​។ យើងទាំងអស់គ្នា​ត្រូវតែ​បង្កើនល្បឿន​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់ យើង​ដើម្បី​បញ្ឈប់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ នៅ​កំលុងពេល​ប៉ុន្មាន​ថ្ងៃ ឬ​ស​ប្តា​ខាងមុខនេះ​។ ជីវិត​របស់​យើងទាំងអស់គ្នា​គឺ​អាស្រ័យ​លើ​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​បិទ​បញ្ចប់​ព្រឹត្តិការណ៍​នេះ​»​។​

​កាលពី​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០២១ ករណី​វិជ្ជមាន​វីរុស​កូ​វីដ​-១៩ ដែល​ឆ្លង​បន្ត​នៅក្នុង​ប្រទេស​ចំនួន ៣២​ករណី ត្រូវបាន​រាយការណ៍​នៅ​រាជធានី​ភ្នំពេញ ក្រោយពេល​មាន​ហេតុការណ៍​ណ៍​បំពាន​វិធាន​ច​ត្តា​ឡី​ស័ក​មួយ​បាន​កើតឡើង​។​

​ចាប់តាំងពី​ពេល​ផ្ទុះ​ដំបូង​មកដល់​ត្រឹម​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០២១​នេះ មា​នក​រណ៍​វិជ្ជមាន​វីរុស​កូ​វីដ​-១៩ សរុប​ចំនួន ១,៥៧៨​ករណី ដែល​ក្នុងនោះ​មាន​ស្លាប់ ០២​ករណី​។ ការផ្ទុះ​ឡើង​នៃ​ជំងឺ​កូ​វីដ​-១៩ នាពេល​ថ្មីៗ​នេះ ទំនងជា​បង្ករ​ឡើង​ដោយ​មេរោគ​បំប្លែង​ថ្មី​ឈ្មោះ B.1.1.7 ដែល​អាច​ចម្លង​លឿន​ជាង​វីរុស​ដែល​ឆ្លង​កន្លងមក​។ ការស្វែងរក​ការថែទាំ​ព្យាបាល​បាន​ត្រឹមត្រូវ និង​ទាន់ពេលវេលា អាច​កាត់បន្ថយ​ហានិភ័យ​នៃ​ការស្លាប់​ដោយ​ជំងឺ កូ​វីដ​-១៩ បាន​។​

​ប្រទេស​កម្ពុជា បាន​រាយការណ៍​ពី​ករណី​ស្លាប់​ដំបូង​ដោយសារ​ជំងឺ​កូ​វីដ​-១៩ នៅ​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០២១ កន្លងទៅ​។ លោកស្រី​វេជ្ជបណ្ឌិត លី អៃ​ឡាន តំណាង​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​ប្រទេស​កម្ពុជា មាន​លើកឡើងថា «​សោកនាដកម្ម​នៃ​ការបាត់​បង់ជីវិត​ជា​លើកដំបូង​ដោយសារ​ជំងឺ​កូ​វីដ​-១៩ ជា​សារ​ក្រើនរំលឹក​យើង ទាំងអស់គ្នា​អំពី​ភាព​ធ្ងន់ធ្ងរ​នៃ​ជំងឺ​នេះ​។ ជំងឺ​នេះ អាច​វាយប្រហារ​យើង​គ្រប់គ្នា​នៅ​គ្រប់ពេលវេលា​។ កម្ពុជា​កំពុងស្ថិត​នៅក្នុង​ដំណាក់កាល​សំខាន់​ណាស់​ក្នុងការ​រួមគ្នា​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ ប៉ុន្តែ​យើង​នៅមាន​ឱកាស ដើម្បី​បញ្ឈប់​ការឆ្លង​រាលដាល​នៃ​វីរុស​នេះ ប្រសិនបើ​យើងទាំងអស់គ្នា​សហការ​បញ្ឈប់​វា​ទាំងអស់គ្នា​ដោយ​សាមគ្គីភាព​»​។​

​ក្រសួងសុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​នៅ​កម្ពុជា បាន​គូសបញ្ជាក់ថា «​គោលដៅ​រួម​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ រួមទាំង​ព្រឹត្តិការណ៍​សហគមន៍​២០ កុម្ភៈ​ផងដែរ គឺ​កាត់បន្ថយ​ហានិភ័យ​ឱ្យបាន​ជា​អតិបរមា​នូវ​ការនាំ​ចូល​ករណី​ឆ្លង​ថ្មី​ពី​ក្រៅប្រទេស​បង់ការ​ផ្ទះ ឡើង​នៃ​ជំងឺ​កូ​វីដ​-១៩ និង​ការពារ​កុំឱ្យ​មានការ​ឆ្លង​ជំងឺ​កូ​វីដ​-១៥​នៅក្នុង​សហគមន៍​។ ការចូលរួម​អនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព និង​ការគោរព​ឱ្យបាន​ពេញលេញ​តាម​ការណែនាំ​នូវ​វិធានការ​សុខភាព​សាធារណៈ​ដែល​ខ្លាំងខ្លា និង​ចំ​គោលដៅ គឺ​ដើម្បី​ជៀសវាង និង​បង្ការ​ផលប៉ះពាល់​លើ​សុខភាព សេដ្ឋកិច្ច និង​សង្គម​ធ្ងន់ធ្ងរ​ដោយសារ​ជំងឺ​កូ​វីដ​-១៩»​។​

​ការឆ្លង​រាលដាល​ទ្រង់ទ្រាយ​ធំ អាច​នាំទៅដល់​ការ​រឹតត្បិត ឬ​ការបិទ​ទីតាំង​ណាមួយ​ទ្រង់ទ្រាយ​ធំ ហើយ​អាច​បណ្ដាលឱ្យមាន​ជា​បន្ទុក​យ៉ាងធ្ងន់ធ្ងរ​ដល់​មន្ទីរពេទ្យ និង​មូលដ្ឋាន​សុខាភិបាល​ផ្សេងៗ​ទៀត ដែល​ប្រការនេះ នឹង​ធ្វើឱ្យ​ពលរដ្ឋ​ដែលមាន​ជំងឺ​កូ​វីដ​-១៩ និង​បញ្ហា​សុខភាព​ផ្សេងៗ​ទៀត លំបាក​នឹង​ទទួលបាន​ការថែទាំ​ព្យាបាល និង​ការជួយ​សង្គ្រោះ​ជីវិត​។​

​លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បាន​លើកឡើងថា «​ពេលនេះ​ជា​ស្ថានភាព​អាសន្ន​មួយ​។ យើង​គ្រប់ៗ​គ្នា ត្រូវតែ​អនុវត្តន៍​វិធានការ​ការពារ​ជា​ចាំបាច់ ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ និង​ដើម្បី​កាត់ផ្តាច់​ខ្សែចម្លង​ជំងឺ​នេះ ឱ្យបាន​កាន់តែ​ឆាប់រហ័ស តាម​ដែល​អាចធ្វើ​ទៅបាន​។ ត្រូវ​អនុត្ត​ន៍​វិធានការ ការពារ និង​៣​កុំ ដូចជា​៖ ត្រូវ​ពាក់​ម៉ាស់​ឱ្យបាន​ត្រឹមត្រូវ លាង សម្អាត​ដៃ​ជាប្រចាំ​ជាមួយនឹង​សាប៊ូ ឬ​អាកុល​ដែល និង​រក្សា​គម្លាត​ពីគ្នា​ឱ្យបាន​យ៉ាងតិច ១​ម៉ែត្រ​កន្លះ និង​មិនត្រូវ ទៅ​កន្លែង​ដែល​បិទ​ជិត​មិនមាន​ខ្យល់​ចេញចូល​គ្រប់គ្រាន់ កន្លែង​មាន​មនុស្ស​ច្រើន​អ៊ូអរ មិនត្រូវ​ប៉ះពាល់​គ្នា ចាប់ ដៃ​គ្នា ឬក៏​ឱប​គ្នា​ឡើយ​។ ជោគជ័យ ឬ​បរាជ័យ​របស់​យើង​ក្នុងការ​ប្រយុទ្ធ​ជាមួយនឹង​ជំងឺ​កូ​វីដ​-១៩ អាស្រ័យ​លើ ពួកយើង​ទាំងអស់គ្នា​ហើយ តើ​យើង​នៅតែ​មើលស្រាល​លើ​វីរុស​កូ​វីដ​-១៩ នេះ ដោយ​មិន​អនុវត្តន៍ ៣​ការពារ និង ៣​កុំ ឬក៏​យើង​ចង់​ធ្វើឱ្យ​ស្ថានភាព​អាច​ឆាប់​បាន​វិលត្រឡប់​ទៅរក​សភាព​រស់នៅ​ធម្មតា​តាមបែប​គន្លង​ថ្មី​វិញ​បាន​យ៉ាង​ឆាប់ រហ័ស​? ចម្លើយ គឺ​ស្ថិត​លើ​បុគ្គល​គ្រប់រូប​ដែលជា​អ្នកសម្រេច​ជោគវាសនា​របស់ខ្លួន​ហើយ​នៅពេលនេះ​»​។​

​លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន បាន​លើកឡើងថា ត្រូវ​កាត់បន្ថយ ឬ​ជៀសវាង​ការ ធ្វើដំណើរ និង​បម្លាស់​ទី​ដែល​មិនចាំបាច់​ពី​រាជធានី​ភ្នំពេញ​ទៅ​ខេត្ត និង​ពី​ខេត្ត​មក​រាជធានី​ភ្នំពេញ​វិញ​។ ការ​នៅផ្ទះ គឺជា​ជម្រើស​ដ៏​ល្អ​បំផុត​សម្រាប់​ពេលនេះ អំឡុង​ពេលដែល​វីរុស​កូ​វីដ​-១៩ ជាពិសេស វីរុស​ប​ម្លែ​ង​ថ្មី ដែល​កំពុងតែ ចរាចរ​យ៉ាងសកម្ម ដែល​យើង​មិនដឹងថា​នៅទីណា​ពិតប្រាកដ ដើម្បី​បញ្ឈប់​ការ​រាលដាល​នៃ​វីរុស​នេះ​។​

​ក្នុង​សេចក្តី​ជូន​ព័ត៌មាន​រួម​នេះ បាន​លើកឡើងថា ឥរិយាបថ​ការពារ​ជា​មូលដ្ឋាន​ទាំងនេះ គឺជា​ជំហាន​ទីមួយ​នៃ​ការកាត់បន្ថយ​ហានិភ័យ​នៃ​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ ប៉ុន្តែ​វិធានការ​សុខភាព​សាធារណៈ​ដទៃទៀត​ក៏មាន​សារៈសំខាន់​ដែរ ដើម្បី​ការពារ​ការចម្លង​ទៅ​សហគមន៍​។ មាន​សារៈសំខាន់​ណាស់ ដែល​ពលរដ្ឋ​គ្រប់គ្នា ត្រូវ​សង្ស័យ និង​ជៀសវាង ទីកន្លែង​ចង្អៀត​មាន​មនុស្ស​ច្រើន ដែល គេ​ដឹងថា អាច​ងាយ​នឹង​ធ្វើឱ្យ​ឆ្លង​តៗ​គ្នា​ដោយ​ងាយ ដូចជា​នៅតាម​ក្លិប​រាត្រី កាស៊ីណូ និង​កន្លែង​សេវា​កម្សាន្ត​ដទៃទៀត​។​

​ការលុបចោល​ឬក៏​ផ្អាក​ការជួប​ជុំគ្នា​ដែល​អាចមាន​ហានិភ័យ​ខ្ពស់ ដូចជា​ពិធីជប់លៀង និង​ពិធី អាពាហ៍ពិពាហ៍ គឺមាន​សារៈសំខាន់​ចាំ​ប​បាច់​ណាស់​ក្នុងពេល​បច្ចុប្បន្ននេះ ដើម្បី​ទប់ស្កាត់​ការ​រាលដាល​នៃ​មេរោគ​។ នៅក្នុង​កាលៈទេសៈ​ខ្លះ ការ​រឹតត្បិត និង​ត្រួតត្រា​ការធ្វើដំណើរ អាច​ត្រូវបាន​អនុវត្ត​ផងដែរ ដើម្បី​កាត់ផ្តាច់ ខ្សែចម្លង​ពី​បុគ្គល​ម្នាក់​ទៅ​ម្នាក់​។ វិធានការ​រឹតត្បិត​ជា​បណ្ដោះអាសន្ន​ទាំងនេះ អាចជា​ការ​កំ​កើ​ក​កា​រប​ម្លា​ស្ទិ​ទី​ពី ខេត្ត​មួយ​ទៅ​ខេត្ត​មួយទៀត ឬក៏​ក្នុង​ករណីខ្លះ ការ​បម្លាស់​ទី​នៅក្នុង​ក្រុង ឬក៏​ស្រក​/​ខណ្ឌ​ដើម​។ អាជ្ញាធរ​ថ្នាក់ជាតិ និង​ថ្នាក់មូលដ្ឋាន បានដាក់​ចេញ​នូវ​វិធានការ​សុខភាព​ស​ឆ្នាំ​រណៈ​ដ៏​ខ្លាំង និង​ចំ​គោលដៅ​ជាក់លាក់ ក្នុងការ​ឆ្លើយតប​ទៅនឹង​ការផ្ទុះ​រាតត្បាត​ក្នុងពេល​បច្ចុប្បន្ននេះ​។​

​នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​ព្រះសីហនុ មាន​ទីតាំង​ជាង ១០០​កន្លែង ដែល​ត្រូវ​បានកំណត់​អត្តសញ្ញាណ និង​បិទ ហើយ​បុគ្គលិក និង​ពលរដ្ឋ​ម្នាក់ នៅ​ដែល​ពាក់ព័ន្ធ ត្រូវបានធ្វើ​តែ​ស្ត​រក​វីរុស​កូ​វីដ​-១៩ និង​តម្រូវឱ្យធ្វើ​ច​ត្តា​ឡី​ស័ក​។ លើសពីនេះទៅទៀត ពិធី​រៀប អាពាហ៍ពិពាហ៍ និង​ការជួបជុំ​ទ្រង់ទ្រាយ​ធំ​នានា ត្រូវបាន​ផ្អាក​ទូទាំងប្រទេស​។​

​ក្នុង​សេចក្តី​ជូន​ព័ត៌មាន​បានលើកឡើង​ថា ខណៈដែល​វិធានការ​សុខភាព​សាធារណៈ​ផ្សេងៗ កំពុង​ត្រូវបាន​ដាក់ចេញ​ជា​ធរមាន​នៅតាម​ទីក្រុង និង ខេត្ត​នានា ពលរដ្ឋ​គ្រប់រូប ត្រូវបាន​លើកទឹកចិត្ត​បន្ត​អនុវត្តតាម​ការណែនាំរ​បស់​អាជ្ញាធរ​មូលដ្ឋាន​។ វា​មាន​សារៈសំខាន់​ដែល​ត្រូវ​ចូលរួម​អនុវត្តតាម​វិធានការ​សុខភាព​សាធារណៈ​ពាក់ព័ន្ធ​ការស្វែងរក​អ្នក​ប៉ះពាល់ ការដាក់​ករណី​វិជ្ជមាន​ឱ្យនៅ​ដាច់ដោយឡែក និង​ការធ្វើ​ច​ត្តា​ឡី​ស័ក និង​វិធានការ​សុខភាព​សាធារណៈ​ដទៃទៀត​។​ប្រសិនបើ​អ្នក​ឈឺ ឬក៏​សង្ស័យថា​អ្នក​បាន​ឆ្លង​ជំងឺ​កូ​វីដ​-១៩ សូម​ទូរ​សព្ទ​ទៅ​លេខ​ទាន់​ហេតុការណ៍ ១១៥​។​

​ខណៈដែល​វ៉ាក់សាំង​អាចជួយ​កាត់បន្ថយ​ការ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ និង​កាត់បន្ថយ​មិនឱ្យ​ឈឺ ធ្ងន់ធ្ងរ វ៉ាក់សាំង​តែមួយ​មុខ នឹង​មិនអាច​បញ្ចប់​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩​បានទេ ហើយ​វ៉ាក់សាំង នឹង​មិនអាច​បញ្ចប់​ការផ្ទុះ​រាលដាល​ជំងឺ​នៅពេល​បច្ចុប្បន្ននេះ​បានទេ​។ មានតែ​កិច្ច​ខំប្រឹងប្រែង​រួមបញ្ចូល​គ្នា​ទាំង​ការចាក់​វ៉ាក់សាំង និង​ការអនុវត្ត​វិធានការ​សុខភាព​សាធារណៈ​ប៉ុណ្ណោះ ដែល​នឹង​អាច​បញ្ឈប់​ការផ្ទុះ​រាតត្បាត​ទាំងនេះ​បាន​។​

​លោកស្រី​វេជ្ជបណ្ឌិត លី អៃ​ឡាន បាន​បញ្ជាក់ថា ការប្រយុទ្ធ​ជាមួយ​ការ​រាតត្បាត​នៃ​ជំងឺឆ្លង​ជាស​កល​នេះ គឺ​មានការ​ហត់នឿយ​ខ្លាំងណាស់ ប៉ុន្តែ​ត្រូវតែ​ចូលរួម​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ ដើម្បី​យកឈ្នះ​លើ​វីរុស​កូ​វីដ​-១៩​នេះ​ឱ្យបាន​។​សកម្មភាព​រួមគ្នា​នៅក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ និង​សប្តាហ៍ ខាងមុខនេះ នឹង​កំណត់​អំពី​ភាពជោគជ័យ ឬក៏​បរាជ័យ​នៅក្នុង​ការការពារ​ខ្លួន​ពី​ជំងឺ​កូ​វីដ​-១៩​នេះ​៕​

 

អត្ថបទដែលជាប់ទាក់ទង