រដ្ឋាភិបាលថៃ ប្រគល់មូលប្បទានបត្រជាទឹកប្រាក់ចំនួន ១០០.០០០ ដុល្លារអាមេរិក ជូនរាជរដ្ឋាភិបាលកម្ពុជា
ភ្នំពេញ ៖ រដ្ឋាភិបាលថៃប្រគល់មូលប្បទានបត្រជាទឹកប្រាក់ចំនួន ១០០.០០០ ដុល្លារអាមេរិក ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីចូលរួមចំណែកដោះស្រាយតម្រូវការចាំបាច់នានាជូនបងប្អូនពលករខ្មែរ ដែលកំពុងធ្វើ ចត្តាឡីស័កនៅមជ្ឈមណ្ឌលចត្តាឡីស័កកូវីដ-១៩ នៅតាមបណ្ដោយព្រំដែន កម្ពុជា-ថៃ។
នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ នាទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង ឯកឧត្តម ប៉ាន់យ៉ារ៉ាក់ ភូលថាប់ ឯកអគ្គរាជទូតថៃប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលមូលប្បទានបត្រជាទឹកប្រាក់ចំនួន ១០០.០០០ ដុល្លារអាមេរិក ដែលជាជំនួយសប្បុរសធម៌ពីរាជរដ្ឋាភិបាលថៃ ជូនរាជរដ្ឋាភិបាលកម្ពុជា។ ជំនួយនេះ ធ្វើឡើងក្នុងគោលបំណងចូលរួមចំណែកដោះស្រាយតម្រូវការចាំបាច់នានាជូនបងប្អូនពលករខ្មែរ ដែលកំពុងធ្វើ ចត្តាឡីស័កនៅមជ្ឈមណ្ឌលចត្តាឡីស័កកូវីដ-១៩ នៅតាមបណ្ដោយព្រំដែន កម្ពុជា-ថៃ។
រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល និងប្រជាជនថៃ ដែលបានផ្ដល់ជំនួយជាបន្តបន្ទាប់ ដើម្បីចូលរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅកម្ពុជា ព្រមទាំងបង្កលក្ខណៈងាយស្រួលដល់ពលករកម្ពុជាដែលបានទៅធ្វើការ និងស្នាក់នៅប្រទេសថៃ។ ការផ្តល់ជំនួយសប្បុរសធម៌នេះ មិនត្រឹមតែបានឆ្លុះបញ្ចាំងពីកាយវិការមនុស្សធម៌ដ៏ល្អប្រសើរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្ហាញយ៉ាងច្បាស់អំពីទំនាក់ទំនងមិត្តភាពជាប្រពៃណី សាមគ្គីភាពដ៏រឹងមាំ និងភាពជាអ្នកជិតខាងដ៏ល្អ រវាងប្រទេសទាំងពីរផងដែរ៕