ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងបង្កើតវិទ្យាស្ថាននេះឡើង ដើម្បីអភិវឌ្ឍធនធានមនុស្ស ឱ្យចេះធ្វើផ្លូវ ស្ពាន និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាពរឹងមាំ

52

ភ្នំពេញ ៖ នៅថ្ងៃសុក្រ ទី១៩ ខែមីនា ឆ្នាំ២០២១ នៅទីស្តី ការក្រសួង ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បាន អញ្ជើញចូលរួមក្នុងកម្មវិធីបង្ហាញ និងណែនាំនិស្សិតដើម្បីចូលរៀននៅវិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន ឆ្នាំសិក្សា២០២១-២០២២ ដោយមានការអញ្ជើញចូលរួមដោយផ្ទាល់ពីព្រះគ្រូ គូ សុភាព ថ្នាក់ដឹកនាំក្រសួង អង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួង និងការចូលរួមពីនិស្សិតទាំងអស់តាមប្រព័ន្ធវីដេអូពីចម្ងាយ។

កម្មវិធីនេះរៀបចំឡើងដើម្បីពិភាក្សា និងផ្តល់យោបល់ដល់និស្សិតជំនាន់ទី១ នៃវិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន ក៏ដូចជាដើម្បីប្រមូលធាតុចូល មតិយោបល់ល្អៗបន្ថែមទៀតពីភាគីពាក់ ព័ន្ធទាំងអស់ សំដៅធ្វើយ៉ាងណាឱ្យការរៀបចំកម្មវិធីសិក្សាមានលក្ខណៈកាន់តែល្អប្រសើរសម្រាប់និស្សិត ដែលសិក្សានៅវិទ្យាស្ថាននេះ។

ថ្លែងនៅក្នុងអង្គពិធី ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា៖ ថ្ងៃនេះជាថ្ងៃដ៏មានសារៈសំខាន់ របស់ ប្រទេសជាតិយើង ជាពិសេស ជាថ្ងៃដ៏មានសារសំខាន់ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែល បានបោះជំហានទី១រួមគ្នា ក្នុងរៀបចំការបណ្ដុះបណ្ដាលធនធានមនុស្សរបស់យើង ដើម្បីចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជាឱ្យមានគុណភាពរឹងមាំ។

ឯកឧត្តមទេសរដ្ឋមន្ត្រីបានកត់សម្គាល់ថា៖ ជីដូនជីតាយើងអាចកសាងប្រាសាទជាច្រើន ស្ពានបុរាណ រាប់ពាន់ឆ្នាំដែលកំពុងដំណើរការដល់សព្វថ្ងៃនេះ ដូច្នេះយុវជនជំនាន់ក្រោយរបស់យើងក៏អាចមាន លទ្ធភាព សមត្ថភាពកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួនឱ្យមានគុណភាពរឹងមាំដោយខ្លួនឯង បានដែរ ប៉ុន្តែដើម្បីអាចមានសមត្ថភាពអាចធ្វើទៅបាន លុះត្រាតែយើងមានចំណេះវិជ្ជាជាមុនសិន។ ដើម្បីកសាង អភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើន យើងត្រូវតែមានប្រព័ន្ធភស្តុភាកម្មល្អ មានតម្លៃ ប្រកួតប្រជែង ដែលអាចទាក់ទាញអ្នកវិនិយោគមកបណ្ដាក់ទុនបង្កើតការងារធ្វើជូនប្រជាពលរដ្ឋ និងអាចយកកសិផលទៅលក់នៅបរទេសបាន។

ជាមួយគ្នានេះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានរំឭកឡើងវិញនូវប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាថា៖ ដើម្បីកសាងប្រទេស ជាតិយើងបាន យើងត្រូវតែមានផ្លូវ ភ្លើង ទឹក និងធនធានមនុស្ស ហើយរយៈពេល៣០ ឆ្នាំក្រោយមក អ្វី ដែលសម្ដេចនាយករដ្ឋមន្ត្រីបានលើកឡើងនោះគឺពិតជាត្រឹមត្រូវ។ ហេតុដូច្នេះហើយទើបក្រសួងបង្កើតវិទ្យាស្ថាននេះឡើងដើម្បីអភិវឌ្ឍធនធានមនុស្សរបស់យើងឱ្យចេះធ្វើផ្លូវ ស្ពាន និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាពរឹងមាំ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណនិងកោតសរសើរយ៉ាងជ្រាលជ្រៅដល់ក្រសួងអប់រំ យុវជន និងកីឡា និងវិទ្យាស្ថានបច្ចេកទេសកម្ពុជា ដែលបានជួយជ្រោមជ្រែង និងផ្តល់កិច្ចសហការល្អក្នុងការរៀបចំឱ្យលេចចេញជាកម្មវិធីសិក្សានេះឡើង ដើម្បីនិស្សិតអាចូលរៀនបាននៅថ្ងៃច័ន្ទ ខាងមុខនេះ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនផងដែរថា៖ វិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន នឹងផ្ដល់ចំណេះខាងបច្ចេកទេស និងចំណេះទូទៅឱ្យបានច្រើនដល់និស្សិតរបស់យើង ដើម្បីក្លាយខ្លួនជា អ្នកចេះដឹងពិតប្រាកដ ចេះទាំងទ្រឹស្ដី ទទួលបានទាំងបទពិសោធន៍ មានគុណធម៌ សីលធម៌ អាចរស់នៅ ក្នុងសង្គមបាន អាចដឹកនាំ និងចូលរួមជាមួយអ្នកដទៃបានផងដែរ។

វិទ្យាស្ថាននេះនឹងផ្ដល់នូវចំណេះវិជ្ជាគ្រប់បែបយ៉ាងទូលំទូលាយជូនដល់និស្សិតរបស់យើង ហើយក្រសួងប្ដេជ្ញាចិត្តខិតខំប្រឹងប្រែងដើម្បីយកនិស្សិតឆ្នើម និងសាស្ត្រាចារ្យល្អៗទៅដកស្រង់បទពិសោធន៍ជាក់ស្តែង នៅតាមការដ្ឋានក្នុងស្រុក ក៏ដូចជាបណ្តាប្រទេសនានាដូចជា៖ ប្រទេសចិន ជប៉ុន កូរ៉េ ដែលជាដៃគូ សហការរបស់ក្រសួង។

ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានអំពាវនាវដល់និស្សិតឱ្យខិតខំប្រឹងប្រែងរៀនសូត្ររៀនឱ្យចេះ ខំរៀនឱ្យចប់ ចេញទៅធ្វើការបាន កុំធ្វើឱ្យខូចយីហោរបស់វិទ្យាស្ថាន អាចរកការងារបានធ្វើ ជាពលរដ្ឋល្អក្នុងសង្គម ចេះជួយគ្នាទៅវិញទៅមក ចេះបណ្ដុះបណ្ដាលបន្ត ស្របតាមសេចក្តីប៉ងប្រាថ្នា និងចក្ខុវិស័យវែងឆ្ងាយ របស់ក្រសួង។ ក្រសួងអាចផ្តល់សាស្ត្រាចារ្យដែលបទពិសោធន៍ល្អៗបាន ប៉ុន្តែបើយើងជានិស្សិតគ្មាន ឆន្ទៈក្នុងការរៀនសូត្រ ក៏ក្រសួងមិនអាចជួយបានដែរ ដូចពាក្យស្លោកមួយឃ្លាលើកឡើងថា៖ “អ្នកអាច នាំសេះទៅស្រះទឹកបាន ប៉ុន្តែអ្នកមិនអាចបង្ខំសេះនោះឱ្យផឹកទឹកបានទេ លុះត្រាតែ សេះនោះចង់ផឹកទឹក ដោយខ្លួនវា”។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានផ្តាំផ្ញើឱ្យនិស្សិតទាំងអស់យកចំណេះវិជ្ជាដែលមានទៅជួយជាតិឱ្យមានភាពរុងរឿង ថ្លៃថ្នូរ និងកិត្យានុភាព ចូលរួមជាមួយរាជរដ្ឋាភិបាលដើម្បីកសាងប្រទេសជាតិមាតុភូមិ ដើម្បីខ្លួន ឯងផង ដើម្បីមនុស្សជំនាន់ក្រោយផង ឆ្លើយតបទៅនឹងកិច្ចខិតខំរបស់ក្រសួងដូចពាក្យស្លោកមួយឃ្លា លើកឡើងថា៖ “កុំសួរថាកម្ពុជាធ្វើអ្វីឱ្យយើងត្រូវសួរថាយើងធ្វើអ្វីឱ្យកម្ពុជា” ពោលគឺ៖ យើងត្រូវខំរៀនឱ្យ ពូកែ គោរពច្បាប់ចរាចរណ៍ កុំសេពគ្រឿងញៀន អត់ចេះភាសាអង់គ្លេស ត្រូវរៀនភាសាអង់គ្លេស មិនត្រូវ ពឹងផ្អែកលើរាជរដ្ឋាភិបាលទាំងស្រុងនោះឡើយ នោះទើបហៅថា ធ្វើអ្វីឱ្យកម្ពុជា។

ឯកឧត្តមទេសរដ្ឋមន្រ្តី ចង់ឃើញនិស្សិតដែលបញ្ចប់ការសិក្សានៅទីនេះ មានឆន្ទៈខ្ពស់ មានចំណេះវិជ្ជា ខ្ពង់ខ្ពស់ មានគុណធម៌ មានសីលធម៌ អាចរស់ក្នុងសង្គម និងអាចជួយកសាងប្រទេសជាតិមាតុភូមិរបស់ យើងឱ្យកាន់តែមានការរីកចម្រើនថែមទៀត។

ជាទីបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្ត្រីបានលើកឡើងនូវពាក្យស្លោកបន្ថែមទៀតថា៖ សំដីឥតប្រយោជន៍ នាំគ្រោះដល់ជាតិ ការងារមានប្រសិទ្ធភាពនាំជាតិរុងរឿង ពោលគឺ៖ ការតិះដៀលគ្នាទៅវិញទៅមកមិននាំ ចំណេញដល់ជាតិទេ ប៉ុន្តែត្រូវធ្វើការឱ្យមានប្រសិទ្ធភាព រៀនសូត្រឱ្យមានចំណេះដឹង យកបទពិសោធន៍ មកជួយជាតិទើបជាពលរដ្ឋល្អ និងពាក្យស្លោកមួយទៀតថា៖ យើងមិនអាចរស់នៅក្នុងកោះមួយដែល មានទ្រព្យសម្បត្តិស្ដុកស្ដម្ភហ៊ំព័ទ្ធដោយសមុទ្រក្រីក្របានទេ ប៉ុន្តែយើងត្រូវជួយពង្រីកកោះដែលមានទ្រ ព្យសម្បត្តិស្ដុកស្ដម្ភឱ្យធំ ហើយបង្រួមសមុទ្រក្រីក្រឱ្យតូច៕

អត្ថបទដែលជាប់ទាក់ទង