អាជីវករផ្សាររាត្រីផ្ទុះការតវ៉ា សុំបញ្ចុះតម្លៃជួលតូប ៧០%
ភ្នំពេញ ៖ អាជីវករផ្សាររាត្រីផ្ទុះការតវ៉ា សុំបញ្ចុះតម្លៃជួលតូប ៧០% លើតម្លៃតូបនីមួយៗ ខណៈដែលក្រុមអាជីវករផ្សាររាត្រីជួបផលលំបាក់ ក្នុងអំឡុងពេលកូវីដ១៩ ផ្ទុះមកសាជាថ្មីខ្លាំង ជាងមុន។
ហេតុការណ៍ផ្ទុះការតវ៉ានេះ បានផ្ទុះឡើងខ្លាំងនៅវេលាម៉ោង ៦និង៣០នាទីយប់ថ្ងៃទី១៩ខែមីនាឆ្នាំ២០២១ ត្រង់ចំណុចខ្លោងទ្វាចូលផ្សាររាត្រី ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
យោងតាមប្រភពពីអាជីវករ មានតូបដែលលក់ដូរក្នុងផ្សាររាត្រីបានប្រាប់ក្រុមការងារយើងឲ្យដឹងថា កន្លងមកពួកគាត់បានសុំភាគីខាងផ្សារជួយបន្ធូរបន្ថយតម្លៃជួលតូប ដោយសុំចុះ៥០% ខាងផ្សារក៏បានឯកភាពរហូតមក។ រហូតមកដល់ប៉ុន្មានថ្ងៃនេះ ដោយសារមានការផ្ទុះនូវកូវីដ១៩ថ្មី ក្នុងសហគមន៍ថ្ងៃទី២០កុម្ភៈ មកស្ថានភាពផ្សារមានការស្ងប់ស្ងាត់បន្តិចម្ដងៗ លក់មិនដាច់ ទើបពួកគាត់ពិភាក្សាគ្នា សុំឲ្យខាងផ្សារបន្ធូរបន្ថយបន្ថែមទៀត សុំបញ្ចុះតម្លៃ៧០% ដោយអោយខាងផ្សារទទួលយកតែ៣០%បានហើយ ព្រោះលក់ដូរសព្វថ្ងៃ ក្នុងអំឡុងពេលកូវីដ១៩ នេះ មិនសូវមានបងប្អូនប្រជាពលរដ្ឋដើរលេងទេ ដោយពលរដ្ឋខ្លះចូលរួមបង្ការនិងទប់ស្កាត់កូវីដ១៩ ។
អាជីវករផ្សារបានសុំឲ្យតំណាងផ្សារ ចូលមកធ្វើការដោះស្រាយ និងរកដំណោះស្រាយជូនពួកគាត់ ខណៈដែលផ្សារសព្វថ្ងៃមានសភាពស្ងប់ស្ងាត់ លក់ដូរមិនសូវដាច់ និងមិនមានលទ្ធភាពបង់ថ្លៃតូបក្នុងតម្លៃ៥០%នោះឡើយ។ សមហរាប់ការតវ៉ានេះយើងសង្កេតឃើញ ថា មិនមានតំណាងភាគីខាងផ្សារណាម្នាក់មកធ្វេីការដោះស្រាយជូនពួកគាត់នោះទេ មានតែកម្លាំងអាជ្ញាធរចម្រុះដាក់ពង្រាយការពារនិងសុំឲ្យអាជីវករតវ៉ាទាំងអស់ចូលរួមរក្សាគម្លាត ដើម្បីបង្ការទប់ស្កាត់នូវមេរោគកូវីដ១៩ទាំងអស់គ្នា។
ក្រោយកើតហេតុ លោក គឹម វុត្ថា ប្រធានសណ្ដាប់ធ្នាប់ខណ្ឌដូនពេញ បានចុះមកដល់ បានណែនាំឲ្យអាជីវករទាំងអស់បំបែកគ្នាសិន ហើយចាត់តំណាង១ឬ២នាក់ ដាក់ញត្តិចូលសាលាខណ្ឌដូនពេញ ដើម្បីរកដំណោះស្រាយគ្នាលើតុវិញ មិនត្រូវប្រមូលផ្ដុំគ្នាធ្វើការតវ៉ាបែបនេះឡើយ ដោយសារការរិករាលដាល់ខ្លាំងនៃជំងឺឆ្លងកូវីដ១៩៕