ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រទេស​កម្ពុជា កំពុង​អនុវត្ត​កម្មវិធី​រេ​ដ​បូក (REDD+) បានល្អ

41

 

​ភ្នំពេញ ៖ ក្រសួងបរិស្ថាន នៅ​ថ្ងៃទី​២០ ខែមីនា ឆ្នាំ ២០២១​នេះ បានចេញ​ផ្សាយ​ព័ត៌មាន​មួយ​ថា កម្ពុជា​គឺជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​កំពុង​អនុវត្ត​កម្មវិធី​រេ​ដ​បូក (REDD+) បានល្អ​។ កម្ពុជា​អាច​ផលិត​ឥណទាន​កាបូន​បាន​ប្រមាណ ១០​លាន​តោន​/​ឆ្នាំ​។​

​អ្វី​ជា​រេ​ដ​បូក​?

​រេ​ដ​បូក (REDD+: Reducing Emission from Deforestation and Forest Degradation) គឺជា​កម្មវិធី​ជាតិ​កាត់បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ពី​ការបាត់បង់​និង​រេចរឹល​ព្រៃឈើ​។ រេ​ដ​បូក​មាន​គោលបំណង (១)​ការពារ​ព្រៃឈើ​ឱ្យបាន​គង់វង្ស​សម្រាប់​ជា​ផលប្រយោជន៍​ជាតិ និង​(២)​ចូលរួម​កាត់បន្ថយ​ការប្រែប្រួល​អាកាសធាតុ​សកល ក្នុង​អនុសញ្ញា​ក្របខ័ណ្ឌ​សហ​ប្រជា​តិ​ស្តីពី​ការប្រែប្រួល​អាកាសធាតុ​។

​ក្រៅពី​ផលប្រយោជន៍​ជា​ឈើ​ប្រើប្រាស់​និង​ជា​មុខងារ​ក្នុង​ប្រព័ន្ធ​អេកូឡូស៊ី ព្រៃឈើ​នៅមាន​មុខងារ​ដ៏​សំខាន់​មួយទៀត គឺ​ការ​ស្រូបយក​ឧស្ម័ន​កាបូ​និ​ច (​ឧស្ម័ន​ផ្ទះ​កញ្ចក់​) ពី​បរិយាកាស ដែល​មុខងារ​នេះ ដើរតួនាទី​សំខាន់​ក្នុងការ​កាត់បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​សកល​។ អនុសញ្ញា​ក្របខ័ណ្ឌ​សហ​ប្រជា​តិ​ស្តីពី​ការប្រែប្រួល​អាកាសធាតុ បាន​លើកទឹកចិត្ត​ដល់​ប្រទេស​សម្បូរ​ណ៍​ព្រៃឈើ ខិតខំ​ការពារ​ព្រៃឈើ​ឱ្យបាន​ល្អប្រសើរ ដើម្បី​ទទួលបាន​ថវិកា​ក្នុង​ទម្រង់​ជា ទីផ្សារ​កាបូន​ស្ម័គ្រចិត្ត (Voluntary Carbon Market) និង​ការទូទាត់​ផ្អែក​តាម​លទ្ធផល Result-Based Payment)​។​

​ចំពោះ​ទីផ្សារ​កាបូន​ស្ម័គ្រចិត្ត ចាប់តាំងពី​ឆ្នាំ​២០១៦​មកដល់​បច្ចុប្បន្ន កម្ពុជា​បានទទួល​ថវិកា​ចំនួន ១១,៦ លាន​ដុល្លារ​ពី​ការលក់​ឥណទាន​កាបូន​ក្នុង​គម្រោង​ចំនួន​ពីរ (​ដែនជម្រកសត្វព្រៃ​កែវ​សីមា និង​ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ​ខាងត្បូង​) ឱ្យទៅ​ក្រុមហ៊ុន​អន្តរជាតិ​ធំៗ​មានដូចជា Disney និង Shall​ជាដើម​។​

​មុននឹង​ទិញ​ឥណទាន កាបូន​នេះ មានការ​វាយតម្លៃ​ច្បាស់លាស់​ពី​អ្នកជំនាញ​លើ​សមត្ថភាព​នៃ​ការផលិត​កាបូន និង​យន្តការ​ផ្សេង ៗ​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​អនុវត្ត​ដើម្បី​ធានា​ការពារ​និង​គ្រប់គ្រង​ប្រកបដោយ​ប្រសិទ្ធភាព​លើ​តំបន់ការពារធម្មជាតិ​ដែល​សម្បូណ៌​ដោយ​ព្រៃឈើ សត្វព្រៃ​និង​ជីវៈចម្រុះ​ផ្សេងទៀត​។ ការសម្រេច​ទិញ​ឥណទាន​កាបូន​ពី​កម្ពុជា​របស់​ក្រុមហ៊ុន​នានា គឺ​បាន​បង្ហាញថា​កម្ពុ​ជាមាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុងការ​ការពារ​បាន​នូវ​ធន ធាន​ធម្មជាតិ​នៅក្នុង​តំបន់​នោះ ហើយ​ធនធានធម្មជាតិ​ត្រូវបាន​អភិរក្ស​ប្រកបដោយ​ប្រសិទ្ធភាព​។

​អាស្រ័យ​ដោយសារ​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុងការ​គ្រប់គ្រង និង​អភិរក្ស​តំបន់ការពារធម្មជាតិ​បានល្អ​ប្រសើរ កម្ពុ​ជាមាន​សុទិដ្ឋិនិយម​ថា​កម្ពុជា​នឹង​អាច​លក់​ឥណទាន​កាបូន បាន​បន្ថែមទៀត​ក្នុង​ឆ្នាំ​បន្តបន្ទាប់​។ រាជរដ្ឋាភិបាល​កម្ពុជា​តាមរយៈ​ក្រសួងបរិស្ថាន​បាន​យកចិត្តទុកដាក់​ខ្ពស់​លើ​ការការពារ​និង​អភិរក្ស​ធនធានធម្មជាតិ​ដោយ​ថែរក្សា​ឈើ​ឈរ​ដើម្បី​លក់​តួនាទី​ព្រៃឈើ​ដែល​ដើរតួនាទី​សំខាន់​ក្នុងការ​ការពារ​ប្រព័ន្ធ​អេកូឡូស៊ី​នៃ​ភពផែនដី តាមរយៈ​ការលក់ ឥណទាន​កាបូន ក្នុង​ទីផ្សារ​កាបូន​ស្ម័គ្រចិត្ត​។​

​ថវិកា​ទាំងអស់នេះ បាន​យកទៅ​ប្រើប្រាស់​សម្រាប់​ការពារ​ព្រៃឈើ និង​អភិវឌ្ឍ​ជីវភាព​សហគមន៍​ក្នុង​តំបន់​ការពារ​ទាំងពីរ ដើម្បី​ធ្វើជា​គំរូ​សម្រាប់​ឈានទៅ​ទទួលបាន​ថវិកា «​ការទូទាត់​ផ្អែក​តាម​លទ្ធផល​» ពី​មូលនិធិ​អាកាសធាតុ​បៃតង​នៃ​អនុសញ្ញា​ក្របខ័ណ្ឌ​សហ​ប្រជា​តិ​ស្តីពី​ការប្រែប្រួល​អាកាសធាតុ ដែល​គ្រង​នឹង​អនុវត្ត​ចាប់ពី​ឆ្នាំ​២០២០​។
​រហូតមកដល់​ពេលនេះ មានតែ​ប្រទេស​កម្ពុជា​និង​ប្រទេស​ឥណ្ឌូនេស៊ី​ប៉ុណ្ណោះ​ក្នុងប្រទេស​អាស៊ាន ដែល​បាន​លក់​ឥណទាន​កាបូន​ក្នុង​ទីផ្សារ​កាបូន​ស្ម័គ្រចិត្ត​។​

​ក្នុងពេល​បច្ចុប្បន្ន កម្ពុជា​គឺជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​កំពុង​អនុវត្ត​កម្មវិធី​រេ​ដ​បូក​បានល្អ​ដ៏ទៃទៀត មានដូចជា Malaysia, Vietnam, Indonesia, Brazil, Ecuador, Colombia, Chilli, Mexico, Kenya ដែល​នឹងមាន​សិទ្ធិ​ដាក់​គម្រោង​យក​ថវិកា​ពី​មូលនិធិ​អាកាសធាតុ​បៃតង​។
​ផ្អែក​តាម​កម្រិត​យោង​ព្រៃឈើ (Forest Referral Level) កម្ពុជា​អាច​ផលិត​ឥណទាន​កាបូន​បាន​ប្រមាណ ១០​លាន​តោន​/​ឆ្នាំ សម្រាប់​ទទួលបាន​ថវិកា​ក្នុង​ក្របខ័ណ្ឌ​ការទូទាត់​ផ្អែក​តាម​លទ្ធផល ពី​មូលនិធិ​អាកាសធាតុ​បៃតង​៕

អត្ថបទដែលជាប់ទាក់ទង