ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួន​អ្នកលេងហ្វេសប៊ុក​ម្នាក់ បង្ហោះ​ព័ត៌មាន​មិន​ពិត រឿង​ជិះ​ម៉ូតូ​អត់​ពាក់​ម៉ាស់ ត្រូវ​ប៉ូលីស​ចាប់​

47

​ខេត្តបាត់ដំបង ៖ នគរបាល​ខេត្តបាត់ដំបង ឃាត់ខ្លួន​បុរស​ម្នាក់ បាន​សរសេរ​បង្ហោះ​នៅក្នុង​គណនី​របស់ខ្លួន ដោយ​លើកឡើងថា មន្ត្រីនគរបាល​ចរាច​រណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង ផាកពិន័យ​អ្នកធ្វើដំណើរ​ដែល មិនបាន​ពាក់​ម៉ាស់​។ ពាក់ព័ន្ធ​ករណីនេះ ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង អំពាវនាវ​ដល់​បង​ប្អ​ន​អ្នកប្រើប្រាស់​បណ្តាញ​ទំនាក់ទំនង​សង្គម សូមមេត្តា​ប្រើប្រាស់​បណ្តាញ​ទំនាក់ទំនង​ក្នុង​រឿង​ត្រឹមត្រូវ ចៀសវាង​ការប្រើប្រាស់​បណ្តាញ​សង្គម​ដែល​នាំ​បង្ក​ឱ្យ​ខ្លួន​មានទោស​កំហុស​។​

ក្រុមការងារ​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង មាន​កិត្តិយស​សូម​ជម្រាបជូន​សាធារណជន ជាពិសេស​បងប្អូន​និយម​ប្រើប្រាស់​បណ្តាញ​សង្គម​ជ្រាបថា នៅ​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ មាន​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​មួយចំនួន​តូច​បាន​សរសេរ​បង្ហោះ​នៅក្នុង​គណនី​របស់ខ្លួន ដោយ​លើកឡើងថា មន្ត្រីនគរបាល​ចរាច​រណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង ផាកពិន័យ​អ្នកធ្វើដំណើរ​ដែល មិនបាន​ពាក់​ម៉ាស់​។

​ជាក់ស្តែង​កាលពី​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០២១ ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ ចៃ​ឈី​ង ពិធីការ​ក្រុង​បាត់ដំបង បាន​សរសេរ​បង្ហោះ​ផ្សព្វផ្សាយ​ថា (​ច្បាស់​ហើយ​បងប្អូន​ជិះ​ម៉ូតូ​អត់​ពាក់​ម៉ាស់​ប៉ូលីស​ចាប់​មែន​)​។ ការសរសេរ​បង្ហោះ​ក្នុង​គណនី​របស់គាត់​ភ្លាមៗ​បាន​បង្កឱ្យមាន​ការលើក​ឡើង​នូវ​មតិយោបល់​រិះគន់​ចំៗ​ដល់​សមត្ថកិច្ច​នគរ​បាល​ចរាចរណ៍​ផ្លូវគោក ក្នុងពេលដែល​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​មួយចំនួន​មិនទាន់​បានទទួល​ប្រព​ភ​ព័ត៌មាន​ឱ្យបាន​ច្បាស់លាស់​នៅឡើយ​។​

​តាម​បទបញ្ជា​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សាត គឹម​សាន ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង នៅ​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០២១​នេះ សមត្ថកិច្ច​នគរបាល​បាន​ស្វែងរក​ម្ចាស់​គណនី​ខាងលើ​មក​ធ្វើការ​សាកសួរ ហើយ​ទីបំផុត​ម្ចាស់​គណនី​ដែលមាន​ឈ្មោះ​ពិត តាំង ចៃ​ឈី​ង ភេទ​ប្រុស អាយុ ២៩​ឆ្នាំ រស់នៅ​ឃុំ​វត្ត​តា​មឹ​ម ស្រុក​សង្កែ ខេត្តបាត់ដំបង បាន​សារភាពថា​ការសរសេរ​ខ្លឹមសារ​និង​បង្ហោះ​ផ្សព្វផ្សាយ​ក្នុង​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​កាលពី​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០២១​នោះ គឺជា​រឿង​មិន​ពិត​ទេ ទាំងនោះ​គាត់​គ្រាន់តែ​ឮ​គេ​ថា​តែប៉ុណ្ណោះ ហេ​ី​យ​នៅពេលដែល​ដឹងថា​រឿង​នោះ​ជា​រឿង​មិន​ពិត​គាត់​បាន​លុប​ខ្លឹមសារ​នោះ​ចេញពី​គណនី​ហ្វេ​ស​ប៊ុ​ក​គាត់​ចោល​ហើយ​។​

​លោក​វរសេនីយ៍ឯក ចាន់ សុធី នាយការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង បាន​បញ្ជាក់ថា នគរបាល​ចរាចរណ៍​ផ្លូវគោក​មិនមាន​ការផាកពិន័យ​ចំ​ពោះ​អ្នកធ្វើដំណើរ​តាម​ដងផ្លូវ​ព្រោះតែ​មិនបាន​ពាក់​ម៉ាស់​នោះទេ​។ ពេលនេះ​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ខាងលើ​កំពុង​ធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​បែបនេះ​នៅ​ចំពោះមុខ​សមត្ថកិច្ច​នគរបាល​។​

​នៅ​ចំពោះមុខ​បញ្ហា​បែបនេះ ក្នុងនាម​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង សូម​អំពាវនាវ​ដល់​ប​ង​ប្អ​ន​អ្នកប្រើប្រាស់​បណ្តាញ​ទំនាក់ទំនង​សង្គម សូមមេត្តា​ប្រើប្រាស់​បណ្តាញ​ទំនាក់ទំនង​ក្នុង​រឿង​ត្រឹមត្រូវ ចៀសវាង​ការប្រើប្រាស់​បណ្តាញ​សង្គម​ដែល​នាំ​បង្ក​ឱ្យ​ខ្លួន​មានទោស​កំហុស ឬ​ប្រើប្រាស់​បណ្តាញ​សង្គម​ក្នុង​ចេតនា​បំពុលបរិយាកាស​សង្គម​ឱ្យសោះ សូម​អរគុណ​៕

អត្ថបទដែលជាប់ទាក់ទង