ឡានធុនធំ បើកព្រលះឡានធុនតូច៤គ្រឿង នៅលើស្ពានអ្នកលឿង ខូចខ្ទេច តែគ្មានអ្នករបួស
កណ្ដាល ៖ ក្រុមសមត្ថកិច្ចបានរាយការណ៍ឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក រថយន្តធំបុករះរថយន្តចំនួន ០៤គ្រឿង តែមិនបណ្តាលឲ្យរងរបួសមនុស្សទេ ។ តែរងការខូចខាតរថយន្ត ០៤គ្រឿងយ៉ាងដំណំផងដែរ។
គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី ២០ ខែមីនា ឆ្នាំ២០២១ នៅចន្លោះគីឡូម៉ែត្រ ៦០-៦១ ផ្លូវជាតិលេខ ១ ចំណុចលើស្ពានត្សឹបាសា(ហៅស្ពានអ្នកលឿង) ស្ថិតក្នុងភូមិ កោះចំរើនឃុំ កំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ។
សមត្ថកិច្ចបន្តទៀតថា នៅថ្ងៃខែឆ្នាំខាងលើនេះ មានរថយន្ត ០៤គ្រឿងដូចជា រថយន្តធំដឹកទំនិញម៉ាកFuSoពណ៌ខៀវ ផ្លាកលេខតាកែវ 3A.1040 បើកបរដោយឈ្មោះចំរើន ដារ៉ា ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិព្រែកល្វា ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ បានធ្វើដំណើរពីព្រៃវែងទៅភ្នំពេញស្របទិសគ្នា។ លុះបើកមកដល់ចំណុចកើតហេតុលើស្ពានត្សឹកបាសា ក៏ឡើងវ៉ារថយន្តខាងមុខ តែមានឧបសគ្គ គឺមានរថយន្តធំទិសដៅបញ្ច្រសគ្នា ក៏បានបួងចង្កូតចូលមកវិញទៅបុក រថយន្តម៉ាកssang yong ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2N8709 បើកបរដោយឈ្មោះ ស៊ិន ណារ័ត្ន ភេទប្រុស អាយុ ៤៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ កំពង់ចម្លង ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល ហើយបានបន្តទៅបុក រថយន្តម៉ាកSina ពណ៌ ស កាមៃ បើកបរដោយឈ្មោះ ប្រាក់ សារិទ្ធ ភេទប្រុស អាយុ ៤៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិធ្នល់ ឃុំចេក ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។ នឹងបន្តបុករះ រថយន្តម៉ាក Prius ពណ៌ស ផ្លាកលេខភ្នំពេញ 2AG5364 បើកបរដោយឈ្មោះស៊ឹម ម៉ារី ភេទប្រុស អាយុ២៤ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិស្ទឹងសន្តិភាព ឃុំអ្នកលឿង ស្រុកពាមរក៏ ខេត្តព្រៃវែង។ ទើបអស់ល្បឿនបានឈប់។
ចំពោះរថយន្តខូចខាត ០៤ គ្រឿង ត្រូវបានកម្លាំងជំនាញចុះវាស់វែង យកទៅរក្សាទុកជាភស្តុតាង នៅអធិការដ្ឋាននគរបាលស្រុកលើកដែក ដើម្បីបន្តនីតិវិធី។
នគរបាលបានសន្និដ្ឋានបឋម ករណីនេះបង្កឡើងដោយរថយន្តធំ ផ្លាកលេខ តាកែវ 3 A 1040 មានការធ្វេសប្រហែស មិនប្រុងប្រយ័ត្ន ក្នុងកាវ៉ាជែង ទើបគ្រោះថ្នាក់កើតឡើង៕ ដោយ៖សុវណ្ណភូមិ