ទុស្សប្រព័ន្ធបណ្តាញខ្សែភ្លើង បណ្តាលឲ្យឆាបឆេះយ៉ាងសន្ធោរសន្ធៅ នៅក្នុងខុនដូមួយ
ភ្នំពេញ ៖ ទុស្សប្រព័ន្ធបណ្តាញខ្សែភ្លើង បណ្តាលឲ្យឆាបឆេះយ៉ាងសន្ធោរសន្ធៅ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ច។
ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង១០និង១៥នាទីព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅចំណុចមុខខុនដូមួយកន្លែង តាមបណ្តោយផ្លូវលេខ១៩៩កែងនឹងផ្លូវ៤៣០ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេមានផ្កាភ្លើងផ្ទុះចេញពីក្នុងប្រអប់ប្រព័ន្ធភ្លើងរបស់អគ្គីសនីកម្ពុជា បណ្តាលឲ្យចេញជាអណ្តាតភ្លើងនិងមានផ្សែងខ្មួលខ្មាញ់បង្កឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋនិងអ្នកដំណើរដែលឆ្លងកាត់ទីនោះ ភ្លាមៗនោះដែរ ក៏មានបងប្អូនប្រជាពលរដ្ឋបាននាំគ្នាជួយយកបំពង់បាញ់ពន្លត់អគ្គិភ័យ បាញ់ទប់ស្កាត់ជាច្រើនបំពង់នៅតែមិនរលត់ ទើបសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿង ជួយបាញ់ទឹកទប់ស្កាត់ឲ្យរលត់ជាស្ថាពរទៅវិញនៅវេលាម៉ោង១០និង៤០នាទីព្រឹកថ្ងៃដដែល។
សមត្ថកិច្ចបានឲ្យដឹងថា អគ្គិភ័យដែលឆាបឆេះបង្គោលភ្លើងខាងលើនេះ មិនបានបណ្តាលឲ្យមាននរណាម្នាក់រងរបួសនោះទេ គ្រាន់តែខូចខាតបណ្តាញខ្សែភ្លើងអស់មួយចំនួនតែប៉ុណ្ណោះ៕