អាជ្ញាធរខណ្ឌចំការមន ចុះបង្ក្រាបបនល្បែងស៊ីសង ទាំងកណ្ដាលអាធ្រាត្រ
ភ្នំពេញ៖លោកថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ដោយបានចុះទៅបង្ក្រាបល្បែងស៊ីសងមួយកន្លែងដែលមានយីហោ មជ្ឈមណ្ឌលពិភពកំសាន្តឃូលរីមិច ដែលស្ថិតនៅក្នុងមូលដ្ឋានសង្កាត់ទន្លេបាសាក់ខណ្ឌចំការមនរាជធានីភ្នំពេញកាលពីយប់រំលងអាត្រាធឈានចូលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ នេះ។
លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន បានមានមតិលើកឡើងថារាល់បនល្បែងសុីសងគ្រប់ប្រភេទអោយតែព្រហើនហ៊ានបើកលេងល្បែងសុីសងហើយខាងអាជ្ញាធរចុះស្រាវជ្រាវឃើញគឺដាក់កម្លាំងចុះបង្ក្រាបល្បែងស៊ីសងនោះភ្លាមតួរយ៉ាងដូចកន្លែងយីហោ មជ្ឈមណ្ឌលពិភពកំសាន្តឃូលរីមិច ដែលស្ថិតនៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្ម Golden Street ផ្លូវលេខ៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញអីចឹងដឹងភ្លាមចុះបង្ក្រាបភ្លាម។
អាជ្ញាធរចំការមនបានសម្រេចបិទទីតាំងអាជីវកម្មខាងលើទាំងស្រុង ដោយមនុស្សនៅក្នុងទីតាំងខាងលើ បានប្រគល់ទៅអោយអធិការនគរបាលខណ្ឌចំការមន ដើម្បីអនុវត្តនីតិវិធីបន្ត ចំពោះសម្ភារនៅក្នុងរួមមាន ទូរហ្គេមបាញ់ត្រី ចំនួន ១២គ្រឿង និងទូរហ្គេមតុក្កតាមួយចំនួន ហើយទីតាំងខាងលើនេះ ក្រុមការងារចាក់សោរឃ្លុំបេទីតាំង មិនអោយមានមនុស្សចេញចូលនោះទេ។
ដោយទីតាំងខាងលើនេះ ពុំមានលិខិតអនុញ្ញាតពីស្ថាប័នពាក់ព័ន្ធ និងមិនបានអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល ក្នុងការបង្ការ និងទប់ស្កាត់ការររីករាលដាលនៃជំងឺកូវីដ-១៩ ឆ្លងចូលសហគមន៍នាពេលបច្ចុប្បន្ន។
ជាមួយគ្នានេះ រដ្ឋបាលខណ្ឌចំការមន សំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ត្រូវចូលរួមគោរពតាមវិធានការ ៣កុំ ៣ការពារ របស់រាជរដ្ឋាភិបាល និងត្រូវអនុវត្តតាមវិធានការសុខាភិបាល ដោយត្រូវពាក់ម៉ាស លាងដៃជាមួយសាប៊ូ ជែល កម្ចាត់មេរោគ និងទឹកអាល់កុលជាដើម ដើម្បីចូលរួមទាំងអស់គ្នា ក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩៕ដោយ៖សុវណ្ណភូមិ