ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មាន​ករណី​ស្ត្រីជន​ជាតិខ្មែរ​ស្លាប់​អាយុ ៦២​ឆ្នាំ ដោយសារ​ជំងឺ​កូ​វីដ​-១៩ នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត នា​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០២១

44

​ភ្នំពេញ ៖  នៅ​ថ្ងៃទី​២៣​ខែមីនា​នេះ ក្រសួងសុខាភិបាល បានចេញ​សេចក្តីប្រកាស​ផ្លូវការ​អំពី ស្ត្រីជន​ជាតិខ្មែរ​ម្នាក់​អាយុ​៦២​ឆ្នាំ រស់នៅ​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​រុ​ស្ស៉ី ដោយសារ​ជំងឺ​កូ​វីដ​១៩ នៅ​ព្រឹក​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០២១​នេះ​។​

​ក្រសួងសុខាភិបាល បាន​បញ្ជាក់ថា យោងតាម​របាយការណ៍​ពី​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត បានឱ្យដឹងថា ស្ត្រីជន​ជាតិខ្មែរ​អាយុ ៦២​ឆ្នាំ មាន​អាសយដ្ឋាន នៅ​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ បាន​ស្លាប់បាត់​បង់ជីវិត​ដោយសារ​ជំងឺ​កូ​វីដ​-១៩ នា​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០២១ វេលា​ម៉ោង ០៥​និង​៤០​នាទី​ព្រឹក​។​

​បើតាម​ក្រសួងសុខាភិបាល បាន​បញ្ជាក់ថា នៅ​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០២១ ស្ត្រី​ខាងលើនេះ ដោយមាន​អាកា​រៈហ​ត់ បាន​ចូល​សម្រាក​ពេទ្យ​នៅ​មន្ទីរពេទ្យ​មិត្តភាព ខ្មែរ​-​សូ​វៀត បន្ទាប់មក បាន​រកឃើញថា​មាន​វិជ្ជមាន​វីរុស​កូ​វីដ​-១៩ នៅ​ព្រឹក​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០២១​។ ការពិនិត្យ​សុខភាព និង​ការថត​សួត បាន​បង្ហាញថា គាត់​មាន​រលាក​សួត​ទាំងសងខាង​ធ្ងន់ធ្ងរ​ខ្លាំង និង​ខ្សោយ​សួត​ខ្លាំង (​ដោយមាន​អាកា​រៈហ​ត់ ២-៣ ថ្ងៃ មុន​ចូលមក​មន្ទីរពេទ្យ​នេះ ព្រមទាំង​មាន​ជំងឺ​ធាត់​កម្រិត​១​ផងដែរ​) ហើយ​ក្រុមគ្រូពេទ្យ​ក្រៅពី​ផ្តល់​ការព្យាបាល​តាម​បច្ចេកទេស ក៏បាន​ប្រើប្រាស់​ម៉ាស៊ីន​ជំនួយការ​ដកដង្ហើម​បន្ថែម នៅ​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០២១ ព្រមទាំង​បាន​ប្រើប្រាស់​ម៉ាស៊ីន​ជំនួយ​ផ្លូវដង្ហើម តែ​សួត​គាត់​កាន់តែ​ខ្សោយ​ទៅៗ ជា​អកុសល មិន​អាចជួយ​សង្គ្រោះបាន ហើយ​គាត់​ក៏បាន​ធ្វើ​មរណៈកាល​នៅ​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០២១​ទៅ​។​

​ការសន្និដ្ឋាន​របស់​ក្រុមគ្រូពេទ្យ​៖ ស្ត្រី​វ័យ ៦២​ឆ្នាំ​ខាងលើនេះ គឺ​បាន​ស្លាប់បាត់​បង់ជីវិត ដោយសារ​ជំងឺ​កូ​វីដ​-១៩ វៃ​លុក លឿន ធ្វើឱ្យ​រលាក​សួត​ទាំងសងខាង​ធ្ងន់ធ្ងរ ខ្សោយ​សួត​ខ្លាំងពេក​។​

​ក្រសួងសុខាភិបាល ក៏បាន​ចូលរួមចំណែក​សោកស្ដាយ​ជា​ពន់ពេក និង​សូម​ចូលរួម​មរណទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាទីបំផុត ជាមួយ​ក្រុមគ្រួសារ​សព​។​

​សូមបញ្ជាក់ថា គិត​ត្រឹម​ថ្ងៃទី​២៣​ខែមីនា​នេះ មនុស្ស​ស្លាប់​៥​ហើយ នៅក្នុង​ប្រទេស​កម្ពុជា ក្នុងករណី​ជំងឺ​កូ​វីដ​១៩៕

អត្ថបទដែលជាប់ទាក់ទង