ចាប់ជនសង្ស័យ២នាក់ កាប់ប្លន់យកម៉ូតូជនរងគ្រោះ
ភ្នំពេញ ៖ ជនសង្ស័យ២នាក់ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌដង្កោ សហការជាមួយនិងកម្លាំងប៉ុស្តិ៍នគរបាលសង្កាត់ព្រៃសស្រាវជ្រាវនិងចាប់ឃាត់ខ្លួន ក្រោយពេលធ្វើសកម្មភាពកាប់ប្លន់យកម៉ូតូពីជនរងគ្រោះមិនបានសម្រេចដោយកាប់ជនរងគ្រោះបណ្តាលឲ្យរងរបួសដៃខាងឆ្វេង។
សមត្ថកិច្ចបានឲ្យដឹងថា៖ ជនរងគ្រោះខាងលើមានឈ្មោះ រិន ណារុំ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរបើកបររថយន្ត ស្នាក់នៅផ្ទះលេខ៣២A ភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅទី៣ខណ្ឌពោធិសែនជ័យរាជធានីភ្នំពេញ។
ចំណែកជនសង្ស័យទាំង២នាក់ខាងលើទី១៖ឈ្មោះ សួន សុភាព ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលគ្មានលេខ ភូមិត្រពាំងថ្លឹងសង្កាត់ចោមចៅទី១ខណ្ឌពោធិ៍សែនជ័យ។
និងជនសង្ស័យទី២៖ឈ្មោះ ព្រំ សុខជា ភេទប្រុស អាយុ១៨ឆ្នាំភេទប្រុស មុខរបរកម្មករកម្មករសំណង់ ស្នាក់នៅបន្ទប់ជួលភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិសែនជ័យ។
យោងតាមសំដីជនរងគ្រោះបានឲ្យដឹងថា៖ នៅវេលាម៉ោង១០និង៤០នាទីយប់រូបគាត់បានជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាពណ៌ខ្មៅស៊េរីឆ្នាំ២០០៩ពាក់ផ្លាកលេខកណ្តាល 1K 5482 រួមដំណើរជាមួយនិងប្រពន្ធរបស់ខ្លួនឈ្មោះកង សុខណា លុះដល់ចំណុចផ្លូវ៥០ម៉ែត្រកែងនិងផ្លូវចូលភូមិទួលពង្រ ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ ក៏លេចមុខជនសង្ស័យមួយក្រុមប្រដាប់ដោយដំបងដែកទីបដាវនិងកាំបិតច្នៃ បានធ្វើសកម្មភាពដេញធាក់និងកាប់ជនរងគ្រោះបណ្តាលឲ្យត្រូវមួយដាវបម្រុងនិងប្លន់យកម៉ូតូតែមិនបានសម្រេច។
ក្រោយពេលកើតហេតុជនរងគ្រោះក៏បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ព្រៃស។
បន្ទាប់ពីសមត្ថកិច្ចបានទទួលពាក្យបណ្តឹងពីជនរងគ្រោះរួចរាល់ហើយ សមត្ថកិច្ចជំនាញខណ្ឌដង្កោបានបើកការស្រាវជ្រាវនិងឃាត់ខ្លួនជនរងគ្រោះជាបន្តបន្ទាប់ បានចំនួន២នាក់ចំណែកបក្ខពួកផ្សេងទៀតកំពុងតែរត់គេចខ្លួន។
បច្ចប្បន្នជនសង្ស័យទាំង២នាក់រួមនិងវត្ថុតាងម៉ូតូរបស់ជនសង្ស័យ ដែលជាមធ្យោបាយសម្រាប់ជិះធ្វើសកម្មភាពប្លន់ត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីកសាងសុំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមនីតិវិធី៕