ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជា សិង្ហ​បុរី មាន​ទំនាក់ទំនង​និង​កិច្ចសហប្រតិបត្តិការ​ល្អ រួមទាំង​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ បច្ចេកទេស និង​វិស័យ​អភិវឌ្ឍន៍​ធនធានមនុស្ស​

115

 

​ភ្នំពេញ ៖ នៅ​វិមាន​សន្តិភាព ព្រឹក​ថ្ងៃ​អង្គារ ទី​២៣ ខែ មីនា ឆ្នាំ​២០២១ នេះ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ លោកជំទាវ ទាវ ឡាយ​ចេង (Teo Lay Cheng) ឯកអគ្គរដ្ឋទូត​ថ្មី​របស់​សិង្ហ​បុរី​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។

​នៅក្នុង​ជំនួប​ព្រឹក​មិញ​នេះ លោកជំទាវ Teo Lay Cheng បាន​គោរព​អរគុណ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ថា ដែល​បានផ្តល់​កិត្តិយស​អោយ​លោកជំទាវ​បាន​ចូលជួប​ក្នុងពេលដែល​លោកជំទាវ​ត្រូវបានតែងតាំង​ជា​ឯកអគ្គរដ្ឋទូត​ថ្មី​របស់​ប្រទេស​សិង្ហ​បុរី​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។

​លោកជំទាវ​ក៏បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជាទីបំផុត​ជូន សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ដែល​បាន​ឆ្លៀតពេល​វេលា​ដ៏​មមារ​ញឹក​នេះ​ទទួល​លោកជំទាវ​។ ជាមួយគ្នា​នោះដែរ​លោកជំទាវ​ក៏បាន​គោរព​សំដែង​នូវ​ការអបអរសាទរ​ជូន​ដល់​សម្ដេច​តេ​ជោ​ដែល​បាន​ដឹកនាំ​កម្ពុជា​ឆ្ពោះទៅរក​ការអភិវឌ្ឍ បាន​យ៉ាង​ឆាប់រហ័ស​ជាទីបំផុត​ដែល​ធ្វើអោយ​កម្ពុ​ជាមាន​កំណើន​សេដ្ឋកិច្ច​ជាច្រើន​ឆ្នាំ​មកហើយ​។ រីឯ​ការកាត់បន្ថយ​ភាពក្រីក្រ​ក៏មាន​ល្បឿន​លឿន​គួរអោយកត់សម្គាល់​ផងដែរ​។​

​ចំពោះ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ លោកជំទាវ បាន​មានប្រសាសន៍ថា កម្ពុជា សិង្ហ​បុរី មាន​ទំនាក់ទំនង​និង​កិច្ចសហប្រតិបត្តិការ​ល្អ ក្នុងនោះ​រួមទាំង​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ បច្ចេកទេស និង​វិស័យ​អភិវឌ្ឍន៍​ធនធានមនុស្ស ។ ទោះជា​យ៉ាងណាក៏ដោយ លោកជំទាវ​បាន​មានប្រសាសន៍ថា ប្រទេស​យើង​ទាំងពីរ​នៅមាន​សក្ដានុពល​ច្រើន​ទៀត​។​

​នៅក្នុង​បេសកកម្ម​របស់លោក​ជំទាវ​មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា​ពេលនេះ លោកជំទាវ​នឹង​ខិតខំ​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព​ដើម្បី​ពង្រឹង​និង​ពង្រីក​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​ឲ្យ​កាន់តែ​រឹងមាំ​និង​រីកចម្រើន​ឡើង​ថែមទៀត​។

​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​ស្វាគមន៍ និង​អបអរសាទរ​ជូន​ចំពោះ​លោកជំទាវ Teo Lay Cheng ដែល​ត្រូវបានតែងតាំង​ជា​ឯកអគ្គរដ្ឋទូត​វិសាមញ្ញ​និង​ពេញ​សមត្ថភាព​របស់​ប្រទេស​សិង្ហ​បុរី​ប្រចាំ​នៅ​កម្ពុជា​។

​សម្ដេច​តេ​ជោ​បាន​យល់ស្រប​ជាមួយនឹង​ការវាយតម្លៃ​របស់លោក​ជំទាវ​ពាក់ព័ន្ធ​នឹង​ទំនាក់ទំនង​ល្អ​រវាង​ប្រទេស​ទាំងពីរ ។ ក្នុងនោះ សម្ដេច​តេ​ជោ​ក៏បាន​មានប្រសាសន៍​បញ្ជាក់បន្ថែម​ថា ទំនាក់ទំនង​របស់​ប្រទេស​យើង​ទាំងពីរ​គឺមាន​ជា​យូរលង់​ណាស់​មកហើយ ដែល​ចាប់ផ្ដើម​តាំងពី​ប្រទេស​សិង្ហ​បុរី​បានទទួល​ឯករាជ្យ​ដោយបាន​ភ្ជាប់​ទំនាក់ទំនង​ការទូត​ជាមួយនឹង​កម្ពុជា​តាំងពី​ពេលនោះ​មក ។

​សម្ដេច​តេ​ជោ ក៏បាន​មានប្រសាសន៍​បន្ថែម​ដែរ​ថា​ជំងឺ​កូ​វីដ​- ១៩ បាន​បំផ្លាញ​យើង​គ្រប់គ្នា​ដោយបាន​ដាក់​គម្លាត​ឲ្យ​យើង​នៅ​ឆ្ងាយ​ពីគ្នា មិនតែប៉ុណ្ណោះ​ទេ ថែមទាំង​ឲ្យ​យើង​ពាក់​ម៉ាស​នៅពេល​សន្ទនា​ជាមួយគ្នា​ទៅវិញទៅមក​ទៀតផង​។ ប៉ុន្តែ​ទោះជា​យ៉ាងណាក៏ដោយ សម្ដេច​តេ​ជោ​បាន​មានប្រសាសន៍ថា យើង​ត្រូវតែ​ជំនះ​នូវ​បញ្ហា​នេះ គឺ​យើង​ត្រូវ​បន្ត​ជំរុញ​ទំនាក់ទំនង​ល្អ​រវាង​ប្រទេស​ទាំងពីរ និង​ជំរុញ​ការអនុវត្ត​រាល់​កិច្ចព្រមព្រៀង និង​អនុស្សារណៈ​ទាំងឡាយ​ដែល​បាន​ចុះហត្ថលេខា​កន្លងមក និង​បន្ថែម​ជាមួយ​នូវ​កិច្ចសហប្រតិបត្តិការ​ផ្សេងៗ​ជាច្រើន​ទៀត​ស្របតាម​សក្កា​នុព​ល​ដែល​ប្រទេស​យើង​ទាំងពីរ​មាន គឺ​យើង​ត្រូវខិតខំ​ធ្វើ ទោះបី​យើង​ត្រូវអនុវត្ត​ការងារ​នេះ​តាម​គន្លង បែប​ថ្មី​ដូច​សព្វថ្ងៃ​យ៉ាងណាក៏ដោយ​។

​មុននឹង​បញ្ចប់ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុ​ចា បាន​ជូនពរ​លោកជំទាវ Teo Lay Cheng ទទួលបាន​ជោគជ័យ​ក្នុង​បេសកកម្ម​ការទូត​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​៕

អត្ថបទដែលជាប់ទាក់ទង