ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ថ្ងៃទី២៣​មីនា​ មានករណីវិជ្ជមានវីរុសកូវីដ-១៩​ ថ្មីចំនួន​ ២៩នាក់​ និងមានអ្នកជាសះស្បេីយចំនួន​ ៣៤នាក់​

61

 

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន២៩នាក់ ក្នុងនោះករណីឆ្លងក្នុងសហគមន៍ «ព្រឹត្តិការណ៍២០កុម្ភៈ» ចំនួន២៧នាក់ និង២នាក់ជាករណីនាំចូល ខណៈអ្នកជំងឺចំនួន៣៤នាក់បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។

សូមជម្រាបថា គិតត្រឹមម៉ោង ៧និង០០នាទីព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ១៨១៧នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ១០៣៣នាក់, អ្នកកំពុងសម្រាកព្យាបាលជំងឺ ចំនួន ៧៧៧នាក់, ស្លាប់ចំនួន៥នាក់ និង២នាក់ទៀត ស្លាប់ដោយសារការរើថ្នាំញៀនធ្ងន់ធ្ងរ និងស្ទះសរសៃឈាមបេះដូង ពេលកំពុងទទួលការព្យាបាលជំងឺកូវីដ១៩។

អ្នកឆ្លងកូវីដ១៩ ទាំង២៩នាក់នោះ មាន២នាក់ជាអ្នកធ្វើដំណើរមកពីប្រទេសឥណ្ឌូនេស៊ី និងហ្វីលីពីន មកដល់កម្ពុជា នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ និង២៧នាក់ផ្សេងទៀត ជាករណីឆ្លងក្នុង «សហគមន៍២០កុម្ភៈ» ដែលរួមមាន៖ ជនជាតិចិនចំនួន៤នាក់, ជនជាតិខ្មែរ២០នាក់, ជនជាតិអាមេរិក២នាក់ និងជនជាតិនីហ្សេរីយ៉ាម្នាក់ ដែលរកឃើញនៅរាជធានីភ្នំពេញ ខេត្តត្បូងឃ្មុំ ខេត្តកណ្តាល និងខេត្តកោះកុង។

ចំណែកអ្នកជាសះស្បើយទាំង៣៤នាក់វិញ គឺមានម្នាក់ជាស្រីជនជាតិឥណ្ឌូនេស៊ី អាយុ២៨ឆ្នាំ ដែលធ្វើដំណើរពីប្រទេសឥណ្ឌូនេស៊ី មកដល់កម្ពុជា នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ និង៣៣នាក់ ជាអ្នកឆ្លងក្នុងព្រឹត្តិការណ៍ «សហគមន៍២០កុម្ភៈ» រួមមានជនជាតិចិន១១នាក់, ជនជាតិខ្មែរ ១៩នាក់, ជនជាតិវៀតណាម ២នាក់ និងជនជាតិកូរ៉េម្នាក់ ដោយទទួលបានលទ្ធផលអវិជ្ជមាន២ដង និងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ៕

អត្ថបទដែលជាប់ទាក់ទង