កម្លាំងនគរបាលចាប់ខ្លួនបុគ្គលដែលប្រឌិតព័ត៌មានរឿងចាក់វ៉ាក់សាំង តាមបណ្តាញសង្គម ដោយបំភ័យកម្មករកុំឲ្យទៅចាក់វ៉ាក់សាំងនោះ
ភ្នំពេញ ៖ បុគ្គលដែលប្រឌិតព័ត៌មានរឿងចាក់វ៉ាក់សាំង ប្រឆាំងជំងឺកូវីដ-១៩របស់ចិន ហើយបង្ហោះចែកចាយនៅលើបណ្ដាញសង្គម TikTok ដើម្បីបំភ័យកម្មករកុំឲ្យចាក់នោះ ត្រូវកម្លាំងនគរបាលស្រាវជ្រាវចាប់ខ្លួនបានហើយ។
មន្រ្តីជាន់ខ្ពស់នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានថ្លែងប្រាប់បណ្ដាញព័ត៌មាន ឲ្យដឹងនៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១នេះថា ជនដែលប្រឌិតព័ត៌មានមិនពិត ពាក់ព័ន្ធការចាក់វ៉ាក់សាំងរបស់ចិន ដែលប្រឆាំងជំងឺកូវីដ-១៩ ត្រូវបានកម្លាំងជំនាញចាប់ខ្លួនបានហើយ។
ក្រោយចាប់ខ្លួនជនសង្ស័យ ត្រូវបានបញ្ជូនទៅកាន់អគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីធ្វើការសួរនាំ និងចាត់វិធានការតាមផ្លូវច្បាប់។
សូមជំរាបថា បុគ្គលរូបនេះបានថតវីដេអូប្រឌិតព័ត៌មានពាក់ព័ន្ធជាមួយវ៉ាក់សាំងនេះ និងប្រាប់ទៅកម្មករកុំឲ្យចាក់វ៉ាក់សាំងនេះ ព្រោះអាចនឹងមានគ្រោះថ្នាក់ដល់អាយុជីវិតក្រោយចាក់រួច។ យ៉ាងណាមិញ ក្រោយទទួលបានវីដេអូប្រឌិត មានចេតនាញុះញង់នេះ កម្លាំងជំនាញបានបើកការស្រាវជ្រាវភ្លាមៗ រហូតឈានដល់ការចាប់ខ្លួនបានតែម្ដង៕