ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោហ៊ុន សែនអរគុណបងប្អូនជនរួមជាតិ ដែលបានធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ជំងឺឆ្លងរាតត្បាតកូវីដ-១៩

59

 

ភ្នំពេញ ៖ នៅថ្ងៃទី២៤ ខែមីនាឆ្នាំ២០២១នេះ សម្តេចតេជោហ៊ុន សែន បានចេញសារអរគុណបងប្អូនជនរួមជាតិ ដែលបានធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ជំងឺឆ្លងរាតត្បាតកូវីដ-១៩ និងអរគុណចំពោះការយោគយល់ របស់បងប្អូនក្នុងពេលដែលប្រទេសជាតិយើង កំពុងស្ថិតក្នុងស្ថានភាពប្រុងប្រយ័ត្នខ្ពស់។

សម្តេច បានមានប្រសាសន៍ថា ដោយសារពេលនេះជំងឺកូវីដ-១៩ កំពុងវាយលុកក្នុងសហគម សូមបងប្អូនកុំចេញក្រៅផ្ទះប្រសិនបើគ្មានការចាំបាច់។ ត្រូវតែពាក់ម៉ាសដាច់ខាត និងត្រូវឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ, ជែល, ឬទឹកអាកុល។ ប្រសិនបើចាំបាច់ត្រូវជួបមនុស្សនៅខាងក្រៅ ត្រូវរក្សាគម្លាតឲ្យឆ្ងាយពីគ្នាយ៉ាងហោចណាស់ ១ម៉ែត្រកន្លះ។
ចំពោះអ្នកធ្វើចត្តាឡីស័ក គឺត្រូវធ្វើឲ្យបានត្រឹមត្រូវហ្មត់ចត់បំផុត តាមការណែនាំរបស់ក្រសួងសុខាភិបាល។
សូមជូនពរបងប្អូនជនរួមជាតិ ជៀសផុតពីជំងឺឆ្លងកូវីដ-១៩ ហើយសូមបន្តអនុវត្តន៍តាមវិធានការ ៣ការពារ និង ៣កុំឲ្យបានត្រឹមត្រូវខ្ជាប់ខ្ជួន។

បើតាមសេចក្តីជូនដំណឹង ស្តីពីក្រសួងសុខាភិបាល ស្តីពីភូមិសាស្ត្រដែលត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព។

ក្រសួងសុខាភិបាល សូមជម្រាបជូនអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងសាធារណជន ទាំងអស់ មេត្តាជ្រាបថា ភូមិសាស្រ្តរាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តកណ្តាល ខេត្តព្រៃវែង និងខេត្ត សៀមរាប ត្រូវបានកំណត់យកជាភូមិសាស្ត្រ ដែលមានការឆ្លងរាលដាលនៃជំងឺកូវីដ -១៩ ក្នុងព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ ដែលតម្រូវឱ្យមានការអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ស្របតាមប្រកាសលេខ០៨១ ស.នក.ប្រក ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ស្តីពីកាតព្វកិច្ចពាក់ម៉ាស និង កាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ក្នុងអំឡុងពេលនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍។

ចំពោះបុគ្គលដែលមានកាតព្វកិច្ចពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាពបុគ្គលត្រូវបានកំណត់ក្នុង ប្រការ៣ និងប្រការ៤ នៃប្រកាសលេខ០៨១ ស.នក.ប្រក ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ស្តីពីកាតព្វកិច្ច ពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពក្នុងអំឡុងពេលនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍។

ការអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាពបុគ្គលនេះ ត្រូវចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃ ជូនដំណឹងនេះ រហូតដល់មានការជូនដំណឹង ជាថ្មី។

អាស្រ័យហេតុនេះ សូមអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ចាត់វិធានការដើម្បីធានាអនុវត្តឱ្យ បានម៉ឺងម៉ាត់នូវកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព និងសូមសាធារណជនទាំងអស់ ចូល រួមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវកាតព្វកិច្ចនេះ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩៕

អត្ថបទដែលជាប់ទាក់ទង