បុរស២នាក់ត្រូវបានឃុំខ្លួន ដាក់ពន្ធនាគារបណ្ដោះអាសន្ន ពាក់ព័ន្ធករណីកាប់រំលំដើមឈើ ក្នុងតំបន់ការពារធម្មជាតិ
ខេត្តមណ្ឌលគិរី ៖ បុរស២នាក់ជាប់ចោទពីបទកាប់ បំផ្លាញរុក្ខជាតិក្នុងតំបន់ស្តារប្រព័ន្ធអេកូឡូស៊ីឡើងវិញ ហើយត្រូវបានចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តមណ្ឌលគិរី កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ សម្រេចឃុំខ្លួនដាក់ពន្ធនាគារបណ្ដោះអាសន្ន តាមបញ្ញត្តិមាត្រា៦០ និងមាត្រា៥៦ នៃច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ ដែលជាបទល្មើសធនធានធម្មជាតិថ្នាក់ទី២។
ការសម្រេចឃុំខ្លួនបុរសទាំង២នាក់ខាងលើនេះធ្វើឡើងបន្ទាប់ពីមន្រ្តីឧទ្យានុរក្សដែនជម្រកសត្វព្រៃកែវសីមា កាលពីព្រលប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ ចុះល្បាតនិងចាប់ឃាត់ខ្លួនជនប្រព្រឹត្តបានក្នុងសកម្មភាពកំពុងលួចអាររំលំដើមឈើអស់ជាច្រើនដើមដោយម៉ាស៊ីនរណារយន្ត នៅត្រង់ចំណុចការដ្ឋានកិនថ្ម ស្ថិតក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ក្នុងដែនជម្រកសត្វព្រៃកែវសីមា និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តមណ្ឌលគិរី ដើម្បីចាត់ការបន្តតាមនីតិវិធី។
ជនជាប់ចោទទាំង២នាក់ដែលត្រូវឃុំខ្លួនមាន ១.ឈ្មោះ សួង នីរ៉ូ ភេទប្រុស អាយុ ៣៦ឆ្នាំ រស់នៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកែវសីមា ខេត្តមណ្ឌលគិរី និង២.ឈ្មោះ ថា ឬស្យា ភេទប្រុស អាយុ ២១ឆ្នាំរស់នៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកែវសីមា ខេត្តមណ្ឌលគិរី។ ដោយឡែកជនជាប់ចោទម្នាក់ទៀតដែលជាបក្ខពួកត្រូវបានចៅក្រមស៊ើបសួរសម្រេចដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ៕