ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់ផ្តើមបោះបង្គោលព្រំ ដើម្បីអនុវត្តគំរោងស្ថាបនាផ្លូវ និងច្រាំងទន្លេបាសាក់អំពីបេតុងត្រើយខាងកើត

68

 

ភ្នំពេញ ៖ បន្ទាប់ពីក្រុមការងារជំនាញ បញ្ចប់ការសិក្សាពីបទដ្ឋានបច្ចេកទេស នៃសំណង់និងស្ថានភាពភូមិសាស្ត្រ នៅតាមបណ្តោយច្រាំងទន្លេបាសាក់ត្រើយខាងកើត ចាប់ពីគល់ស្ពានព្រះមុនីវង្សចាស់ស្ថិតក្នុងសង្កាត់ច្បារអំពៅទី២ ទៅដល់តំបន់អភិវឌ្ឍន៍កោះនរា ស្ថិតក្នុងសង្កាត់ និរោធរួចមក ឥឡូវនេះក្រុមការងារជំនាញរបស់សាលារាជធានីភ្នំពេញ និងខណ្ឌច្បារអំពៅ បានចាប់ផ្តើមចុះបោះបង្គោលកំណត់ទីតាំងគម្រោងស្ថាបនាផ្លូវ និងច្រាំងទន្លេបាសាក់ត្រើយខាងកើតអំពីបេតុងហើយ ។

ដើម្បីបង្កលក្ខណៈងាយស្រួលដល់ ក្រុមការងារបច្ចេកទេស លោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌ ច្បារអំពៅបានចេញសេចក្តីជូនដំណឹងដល់អ្នកពាក់ព័ន្ធ ទីតាំងដីចំណីទន្លេបាសាក់ត្រើយខាងកើត ចាប់ពីគល់ស្ពានព្រះមុនីវង្សចាស់ ទៅដល់តំបន់អភិវឌ្ឍន៍កោះនរា មានខ្លឹមសារថាៈ នាពេលខាងមុខរដ្ឋបាលរាជធានីភ្នំពេញ និងអនុវត្តគម្រោងស្ថាបនាផ្លូវ និងច្រាំងទន្លេបាសាក់ត្រើយខាងកើតអំពីបេតុង ចាប់ពីគល់ស្ពានព្រះមុនីវង្សចាស់ស្ថិតក្នុងសង្កាត់ច្បារអំពៅទី២ ទៅដល់តំបន់អភិវឌ្ឍន៍កោះនរា ស្ថិតក្នុងសង្កាត់និរោធ ។ ដូចនេះ ដើម្បីអោយដំណើរការនៃការអនុវត្តគម្រោងស្ថាបនាផ្លូវនិងច្រាំងទន្លេ បានរលូននិងមានប្រសិទ្ធិភាព រដ្ឋបាលខណ្ឌស្នើអ្នកពាក់ព័ន្ធទីតាំងដីចំណីទន្លេទាំងអស់ខាងលើ ត្រូវចូលរួមសហការជាមួយក្រុមការងារចុះបោះបង្គោលព្រំ តាមនិយាមការនៃគម្រោងស្ថាបនាផ្លូវ និងច្រាំងទន្លេអំពីបេតុង ចាប់ពីគល់ស្ពានព្រះមុនីវង្សចាស់ស្ថិតក្នុងសង្កាត់ច្បារអំពៅទី២ ទៅដល់តំបន់អភិវឌ្ឍន៍កោះនរា ស្ថិតក្នុងសង្កាត់និរោធ ចាប់ពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ រហូតដល់ការងារបោះបង្គោលព្រំនៃគម្រោងត្រូវបានបញ្ចប់ជាស្ថាបពរ ។

ជាមួយគ្នានេះដែរ រដ្ឋបាលខណ្ឌ ក៏បានអំពាវនាវដល់អ្នកដែលមានការ ពាក់ព័ន្ធដីចំណីទន្លេក្នុងភូមិសាស្ត្រខាងលើ ត្រូវចូលរួមសហការជាមួយក្រុមការងាររបស់រដ្ឋបាលខណ្ឌ ក្នុងការបោះបង្គោលក៏ដូចជាចូលរួម ថែរក្សាការពារ បង្គោលព្រំដែលក្រុមការងារបានបោះរួច ។ ករណីបុគ្គលណាមួយបំពានដក ឬ បំផ្លិចបំផ្លាញបង្គោលដែលបោះរួចហើយ រដ្ឋបាលខណ្ឌនិងចាត់វិធានការតាមផ្លូវច្បាប់ដោយគ្មានលើកលែង ។
បន្ទាប់ពីទទួលបានសេចក្តីជូនដំណឹង ក្រុមការងារចុះទៅបោះ បង្គោលព្រំតាមនិយាមការនៃគម្រោង ស្ថាបនាផ្លូវនិងច្រាំងទន្លេបាសាក់អំពី បេតុង ព្រមទាំងចែកសេចក្តីជូនដំណឹងដល់អ្នកពាក់ព័ន្ធទីតាំងដីចំណីទន្លេ ដើម្បីអោយបងប្អូនប្រជាពលរដ្ឋចូលរួមអនុវត្ត ៕

អត្ថបទដែលជាប់ទាក់ទង