ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខេត្តកំពត ចុះដាក់ចំណាត់ការបន្ទាន់ ពាក់ព័ន្ធករណីចាក់ដីបូមដី និងសំណង់បំពានចំណីព្រែក ក្នុងឃុំកោះតូច ស្រុកទឹកឈូ

40

កំពត ៖ ករណីចាក់ដី បូមដី និងធ្វើសំណង់រឹងបំពានដីចំណីព្រែកនិងដងព្រែក របស់បុគ្គលមួយចំនួននៅតាមដងព្រែកកោះតូច ស្ថិតនៅចំណុចជិតស្ពានរថភ្លើង ដែលមានព្រំប្រទល់រវាងភូមិព្រែកចេក និងភូមិគីឡូម៉ែត១២ ក្នុងឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត គឺជាករណី បំពានខុសគោលការណ៍បច្ចេកទេស នីតិវិធីច្បាប់ និងការកំណត់ដីចំណីព្រែក។

ដោយមើលឃើញពីបញ្ហា រំលោភបំពានខុសច្បាប់ខាងលើនេះ រដ្ឋបាលខេត្តកំពត កាលពីរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត បានដឹកនាំ មន្ត្រីជំនាញនៃមន្ទីរពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន អញ្ជើញចុះពិនិត្យដល់ទីតាំងជាក់ស្ដែង នឹងធ្វើការព្រមានហាមឃាត់បញ្ឈប់សកម្មភាពជាបន្ទាន់ ដល់បុគ្គលដែលជាអ្នកអនុវត្តសកម្មភាពរំលោភបំពានករណីខាងលើនេះ។

ក្នុងឱកាសនោះឯកឧត្តម ជាវ តាយ អភិបាលខេត្ត បានក្រើនរំលឹកបុគ្គលរំលោភបំពានដីចំណីព្រែក រួមនឹងបុគ្គលផ្សេងៗទៀត ដែលពាក់ព័ន្ធនឹងការរំលោភបំពានដីសាធារណៈរបស់រដ្ឋ យកមកគ្រប់គ្រងដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ គឺមិនអាចយកដីសាធារណៈរបស់រដ្ឋ ដោយបំពានច្បាប់បានឡើយពិសេសពាក់ព័ន្ធ ការរំលោភបំពានដីចំណីព្រែក ដែលខុសនឹងគោលការណ៍បច្ចេកទេសផ្លូវទឹកនាពេលនេះជាដើម។

ពាក់ព័ន្ធនឹងការរំលោភបំពានដីចំណីព្រែកនេះផងដែរ ឯកឧត្តមអភិបាលខេត្តក៏បានដាក់ចំណាត់ការដល់ លោក នាក់ សុវណ្ណារីអភិបាលស្រុកទឹកឈូ ឲ្យអនុវត្តតាមនីតិវិធីច្បាប់ ចំពោះសំណង់ និងអាចម៍ដីដែលបានចាក់រួម នឹងដីបូមលុបតាមដងព្រែក ចំណីព្រែកត្រូវតែកាយចេញដើម្បីបើកផ្លូវទឹក ឲ្យបានឆាប់រហ័សជាបន្ទាន់ ។ ក្នុងករណីអនុវត្តមានការរាំងស្ទះ ដោយបញ្ហាណាមួយ ដែលមិនមានការចូលរួមសហការ ពីបុគ្គលរំលោភបំពាននោះទេ សូមរៀបចំឯកសារសម្រាប់រដ្ឋបាលខេត្ត ដាក់ជូនទៅតុលាការ ធ្វើចំណាត់ការតាមនីតិវិធីផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង