ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុម​ចាប់​ជំរិត​១២នាក់​ បន្លំ​ខ្លួន​ធ្វើ​ជា​គ្រូពេទ្យ​ចុះ​យក​សំណាក ជំរិត​ទារ​ប្រាក់​៣​ម៉ឺន​ដុល្លារ ត្រូវ​សមត្ថកិច្ច​បង្ក្រាប

41

ភ្នំពេញ ៖ ក្រុម​ជន​សង្ស័យ​ប្រុស​ស្រី​ចំនួន​១២​នាក់ បន្លំ​ខ្លួន​ធ្វើ​ជា​ក្រុម​គ្រូពេទ្យ​ចុះយក​សំណាក​ ហើយ​ចាប់​ជំរិត​ទារប្រាក់ចំនួន៣ម៉ឺនដុល្លារ ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញឃាត់ខ្លួន​។

ករណី​ចាប់​ជំរិត​ទារ​ប្រាក់​នេះ កើតឡើង​នៅ​ចំណុច​ទីតាំង​ផ្ទះ​លេខ​០៤ និង​លេខ ០៦ ផ្លូវ​លេ​១៤៤ ភូមិ​៦ សង្កាត់​ផ្សារកណ្តាល​ទី​១ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ក្នុង​សណ្ឋាគារ POSITANO BOUTIQUE HOTEL ​ ហើយ​កម្លាំង​ជំនាញ​បាន​រំដោះ​បុរស​ជនរងគ្រោះ​បាន​ចំនួន​០២​នាក់​ដោយ​សុវត្ថិភាព។

ក្នុងនោះ​ដែរ​ការ​ប្រតិបត្តិការ​នេះ ​ធ្វើឡើង​កាលពី វេលា​ម៉ោង​០៤​ល្ងាច​ថ្ងៃទី​២៥ ខែ​មីនា ឆ្នាំ​២០២១​ដោយ​មាន​ការ​ចូល​រួម​សហការ ដោយ​លោក ម៉ុ​ត ដា​រ៉ា​ជា​ព្រះរាជអាជ្ញារង អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ឧ​ត្ត​ម​សេនីយ៍​ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋាន​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​នៃ​ក្រសួងមហាផ្ទៃ និង លោក យស យុ​ទ្ធី អភិបាលរង​នៃ​គណៈ​អភិបាល​ខណ្ឌដូនពេញ និងបាន​សហការ​ជាមួយ​កម្លាំង​ជំនាញ​ជាច្រើន​បន្ថែម​ទៀត។

ប្រភព​ព័ត៌មាន​ពី​មន្ត្រី​ជំនាញ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ក្រុម​ជនសង្ស័យ​បាន​ស្លៀកពាក់​ឯកសណ្ឋាន​ឈុត​ដូច​ក្រុម​គ្រូពេទ្យ ចុះ​យក​សំណាក ដើម្បី​ធ្វើ​សកម្មភាព ចាប់​ជនរងគ្រោះ នៅ​មូលដ្ឋាន​ខណ្ឌចំការមន រួច​ជំរិត​ទារប្រាក់​ចំនួន ៣​ម៉ឺន​ដុល្លារ​។ បន្ថែមទៀត​នោះ បន្ទាប់ពី​ក្រុម​ជនសង្ស័យ​ធ្វើ​សកម្មភាព​រួច ទើប​កម្លាំង​សមត្ថកិច្ច​ជំនាញ ទទួលបាន​ព័ត៌មាន ក៏​សហការ​ជាមួយ​មូលដ្ឋាន ធ្វើការ​ស្រាវជ្រាវ ស៊ើប​អង្កេត រហូត​ជួយ​រំដោះ​ជនរងគ្រោះ​ចំនួន​០២​នាក់ ដែលជា​ជនជាតិ​ចិន រួច​កម្លាំង​នគរបាល​បាន​ឈាន​ដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ជា​ជន​ជាតិចិន​និង​វៀតណាម​បន្តបន្ទាប់​ចំនួន១២​នាក់ ក្នុង​នោះ​ស្រី​ម្នាក់​ជនជាតិ​ចិន នៅ​ចំណុច​សណ្ឋាគារ POSITANO BOUTIQUE HOTEL ដែល​មាន​ទីតាំង​ផ្ទះ​លេខ​០៤ និង​លេខ ០៦ ផ្លូវ​លេ​១៤៤ ភូមិ​៦ សង្កាត់​ផ្សារកណ្តាល​ទី​១ ខណ្ឌដូនពេញ​។

បច្ចុប្បន្ន​ជនសង្ស័យ​ប្រុស​ស្រី​ទាំង​១២​នាក់ ត្រូវបាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ធ្វើការ​សាកសួរ​បឋម រួច​ប្រគល់ជូន​កម្លាំង​នគរបាល​ជំនាញ​មូលដ្ឋាន​ខណ្ឌចំការមន​ធ្វើការ​បន្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

អត្ថបទដែលជាប់ទាក់ទង