រដ្ឋបាលរាជធានីគ្រោងនឹង ស្ថាបនាផ្លូវ និងច្រាំង ទន្លេត្រើយខាងកើត ចាប់ពីគល់ស្ពានព្រះមុនីវង្សចាស់ រហូតដល់តំបន់ អភិវឌ្ឍន៍កោះនរា ចាប់ពីថ្ងៃទី០៥ ខែមេសានេះ
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញគ្រោងនឹងស្ថាបនាផ្លូវ និងច្រាំង ទន្លេត្រើយខាងកើត អំពីបេតុង ចាប់ពីគល់ស្ពានព្រះមុនីវង្សចាស់ ក្នុងសង្កាត់ច្បារអំពៅទី២ រហូតដល់តំបន់ អភិវឌ្ឍន៍កោះនរា ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដោយចាប់ពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១នេះតទៅ។
ការអនុវត្តន៍នូវគម្រោងខាងលើនេះធ្វើឡើង ក្នុងគោលបំណង ដើម្បីលើកកម្ពស់សោភណភាព ការពារការបាក់ច្រាំងទន្លេ ដោះស្រាយលំហូរចរាចរ និង រៀបចំសណ្តាប់ធ្នាប់នៅតាមច្រាំងទន្លេត្រើយខាងកើត ក្នុងភូមិសាស្រ្តខណ្ឌច្បារអំពៅ នៃរាជធានីភ្នំពេញ និងសម្រាប់បម្រើឱ្យប្រយោជន៍សាធារណៈ។
នេះយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលសារព័ត៌មានយើងទទួលបាននៅព្រឹកថ្ងៃទី២៦ មិនានេះ ដែលក្នុងសេចក្តីជូនដំណឹងនេះមានន័យថា៖
រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យបានជ្រាបថា ដើម្បីលើកកម្ពស់សោភណភាព ការពារការបាក់ច្រាំងទន្លេ ដោះស្រាយលំហូរចរាចរ និង រៀបចំសណ្តាប់ធ្នាប់នៅតាមច្រាំងទន្លេត្រើយខាងកើត ក្នុងភូមិសាស្រ្តខណ្ឌច្បារអំពៅ នៃរាជធានីភ្នំពេញ សម្រាប់បម្រើឱ្យប្រយោជន៍សាធារណៈនោះ រដ្ឋបាលរាជធានីភ្នំពេញនឹងចាប់ផ្តើមស្ថាបនាផ្លូវ និងច្រាំង ទន្លេត្រើយខាងកើតអំពីបេតុង ចាប់ពីគល់ស្ពានព្រះមុនីវង្សចាស់ ក្នុងសង្កាត់ច្បារអំពៅទី២ រហូតដល់តំបន់ អភិវឌ្ឍន៍កោះនរា ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១
តទៅ។ ដូចនេះ ដើម្បីឱ្យការអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធសាធារណៈខាងលើ ដំណើរការទៅ ដោយរលូន ស្របតាមប្រតិទិនការងារដែលបានគ្រោងទុក រដ្ឋបាលរាជធានីភ្នំពេញស្នើបងប្អូនប្រជាពលរដ្ឋ ដែលមានការពាក់ព័ន្ធនឹងដីចំណីទន្លេ ត្រង់ទីតាំងអនុវត្តគម្រោង ត្រូវបង្កលក្ខណៈងាយស្រួល និងផ្តល់កិច្ច សហការល្អដល់ក្រុមមន្ត្រីជំនាញរបស់រដ្ឋបាលរាជធានីភ្នំពេញដែលំចុះអនុវត្តការងារខាងលើ។
រដ្ឋបាលរាជធានីភ្នំពេញសង្ឃឹមជឿជាក់ថា បងប្អូនប្រជាពលរដ្ឋ ដែលមានការពាក់ព័ន្ធនឹងដីចំណី ទន្លេ ត្រង់ទីតាំងអនុវត្តគម្រោងខាងលើ នឹងចូលរួមសហ៏ការជាមួយរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីឱ្យការ អនុវត្តការងារស្ថាបនាផ្លូវ និងច្រាំងទន្លេនេះ ទទួលបានជោគជ័យ។
ទទួលបានសេចក្តីជូនដំណឹងនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធ ហត្ថរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌច្បារអំពៅ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ អង្គភាព ពាក់ព័ន្ធនានាចំណុះរដ្ឋបាលរាជធានីភ្នំពេញ សាធារណជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ជ្រាប និង ចូលរួមអនុវត្ត ឱ្យមានប្រសិទ្ធភាពខ្ពស់៕