កម្ពុជាគ្រោងទិញវ៉ាក់សាំង Sinovac ចំនួន៤លានដូសបន្ថែមទៀតពីភាគីចិន ដើម្បីចាក់ជូនពលរដ្ឋឥតគិតថ្លៃ
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា កំពុងចរចាដើម្បីទិញវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទ Sinovac ប្រមាណ៤លានដូសបន្ថែមទៀត ពីភាគីចិន ដើម្បីចាក់ជូនប្រជាពលរដ្ឋឥតគិតថ្លៃតាមផែនការ។ នេះជាការអះអាងរបស់ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ដល់ក្រុមអ្នកសារព័ត៌មាន នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១នេះ អំឡុងទទួលវ៉៉ាក់សាំង Sinovac ចំនួន១.៥លានដូស ដែលកម្ពុជាបញ្ជាទិញពីចិនជំហានដំបូង។
លោកស្រី យក់ សម្បត្តិ បានបញ្ជាក់យ៉ាងដូច្នេះថា «យើងនឹងបន្តធ្វើការទិញវ៉ាក់សាំងបន្តទៀត ហើយយើងក៏បន្តទិញ Sinovac ថែម៤លានដូសទៀត និង ស៊ីណូហ្វាម ប៉ុន្តែយើងនៅបន្តធ្វើតាមផែនការចាក់ ព្រោះបើយើងទិញច្រើនពេក ការរក្សា ការស្តុកទុកវ៉ាក់សាំង ក៏ជាបញ្ហាមួយដែរ ដើម្បីធានាគុណភាពវ៉ាក់សាំងឱ្យបានល្អ»។
វ៉ាក់សាំង Sinovac ដែលផលិតដោយក្រុមហ៊ុនចិន Sinovac Biotech មានតម្លៃ១០ដុល្លារក្នុង១ដូស។ វាមានលក្ខខណ្ឌប្រើប្រាស់ និងប្រសិទ្ធភាពមិនខុសប្លែកពីវ៉ាក់សាំង Sinopharm នោះទេ ហើយជីវិតវ៉ាក់សាំងថ្មីនេះ អាចប្រើប្រាស់បានក្នុងរយៈពេល៣៦ខែ ប៉ុន្តែក្រុមហ៊ុនណែនាំឱ្យចាក់ក្នុងរយៈពេល៦ខែ ដើម្បីកាន់តែទទួលបានប្រសិទ្ធភាព។ នេះបើតាមការបញ្ជាក់របស់ លោកស្រី យក់ សម្បត្តិ។
សូមបញ្ជាក់ថា នាពេលកន្លងទៅ កម្ពុជាទទួលបានជំនួយវ៉ាក់សាំង២មុខរួចទៅហើយ គឺវ៉ាក់សាំងស៊ីណូហ្វាមជាមួយចំនួយរបស់ចិន ចំនួន៦០ម៉ឺនដូស និងវ៉ាក់សាំង Astra Zeneca (ឥណ្ឌា) ៣២ម៉ឺនដូស ជាជំនួយរបស់អង្គការសុខភាពពិភពលោកតាមរយៈយន្តការកូវ៉ាក់។
រាជរដ្ឋាភិបាលកម្ពុជា មានគម្រោងចាក់ប្រជាពលរដ្ឋឱ្យបានរហូតដល់ជាង ១០លាននាក់ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ប្រកបដោយប្រសិទ្ធភាព និងស្តារសេដ្ឋកិច្ចដែលរងផលប៉ះពាល់ឡើងវិញ។ ដើម្បីសម្រេចផែនការនេះ កម្ពុជាបានដាក់ចេញផែនការ និងកំពុងស្វះស្វែងរកវ៉ាក់សាំងជាបន្តបន្ទាប់ទៀតតាមរយៈប្រទេសជាមិត្ត និងតាមរយៈយន្តការខូវ៉ាក់។
ក្រៅពីវ៉ាក់សាំង Sinovac ដែលទើបមកដល់ ១.៥លានដូសនេះ, តាមការគ្រោងទុកវ៉ាក់សាំងស៊ីណូហ្វាម ដែលជាជំនួយរបស់រដ្ឋាភិបាលចិន ចំនួន៧០ម៉ឺនដូសទៀត (៣០ម៉ឺនដូសសម្រាប់ក្រសួងការពារជាតិ និង៤០ម៉ឺនដូស សម្រាប់ក្រសួងសុខាភិបាល) នឹងមកដល់កម្ពុជា នាពេលខាងមុខនេះផងដែរ៕