ក្រសួងសេដ្ឋកិច្ច បង្កើតគណៈកម្មការអន្តរក្រសួងចំពោះកិច្ច វាយតម្លៃ ចរចា និងរៀបចំកិច្ចសន្យា ទិញ-លក់ មន្ទីរពេទ្យស្ត្រី នគរទេព
ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បង្កើតគណៈកម្មការអន្តរក្រសួងចំពោះកិច្ច វាយតម្លៃ ចរចា និងរៀបចំកិច្ចសន្យា ទិញ-លក់ មន្ទីរពេទ្យស្ត្រី នគរទេព។
បន្ទាប់ពីទិញរួចរាល់ មន្ទីរពេទ្យនេះ នឹងប្តូរឈ្មោះមកជា មន្ទីរពេទ្យ «ហ្លួងម៉ែ»។
ក្រសួងសេដ្ឋកិច្ចសម្រេច៖
ប្រការ ១: បង្កើតគណៈកម្មការអន្តរក្រសួងចំពោះកិច្ច ដើម្បីវាយតម្លៃ ចរចា និងរៀបចំកិច្ចសន្យាទិញ-លក់ មន្ទីរពេទ្យស្រ្តីនគរទេព ដែលមានសមាសភាព ដូចខាងក្រោម៖
១- ឯកឧត្តម ឈន សុភារដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាប្រធាន ២- លោកជំទាវ យក់ សម្បត្តិរដ្ឋលេខាធិការ ក្រសួងសុខាភិបាល ជាអនុប្រធាន និងសមាជិកជាច្រើនរូបទៀត។
ប្រការ ២ : គណៈកម្មការអន្តរក្រសួងចំពោះកិច្ច មានតួនាទី ភារកិច្ច ដូចខាងក្រោម ៖
– ធ្វើការសិក្សាលើគ្រប់ទិដ្ឋភាពទាំងបច្ចេកទេសនិងហិរញ្ញវត្ថុ ព្រមទាំងកំណត់តម្លៃដែលរដ្ឋត្រូវទិញ យកមន្ទីរពេទ្យស្រ្តី នរទេព ដោយគិតបញ្ចូលទាំងតម្លៃអចលនវត្ថុ, ហេដ្ឋារចនាសម្ព័ន្ធ និងឧបករណ៍ សម្ភារបរិក្ខារផ្សេងៗពីមូលនិធិនគរទេព ដើម្បីឲ្យរដ្ឋអាចធ្វើការគ្រប់គ្រង ចាត់ចែងនិងប្រើប្រាស់ – ចរចាថ្លៃ និងរៀបចំកិច្ចសន្យាទិញ -លក់។
– មានសិទ្ធិស្នើ សុំការបំភ្លឺ និងការបញ្ជាក់បន្ថែមពីមូលនិធិនគរទេព (មន្ទីរពេទ្យនគរទេព) នៅក្នុង ក្របខ័ណ្ឌនៃការអនុវត្តការងាររបស់ខ្លួន។
ប្រការ ៣: គណៈកម្មការអន្តរក្រសួងចំពោះកិច្ច មានកាតព្វកិច្ច រាយការណ៍ជូន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពិនិត្យ និងសម្រេចទៅតាមដំណាក់កាល នៃនិតិវិធីហិរញ្ញវត្ថុ។
ប្រការ ៤: អនុប្រធាននិងសមាជិកត្រូវចូលរួមប្រជុំតាមការអញ្ជើញរបស់ប្រធាន ។ ប្រធានគណៈកម្មការអាចផ្ទេរ សិទ្ធជួនអនុប្រធានដឹកនាំការងារជំនួសក្នុងករណីមានធុរៈជាយថាហេតុ។ គណៈកម្មការអន្តរក្រសួង ចំពោះកិច្ចនេះមាន សិទ្ធិប្រើត្រារបស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ សម្រាប់បំពេញការងារក្រោម ក្របខ័ណ្ឌនៃសេចក្តីសម្រេចនេះ និងមានសិទ្ធិអញ្ជើញតំណាងក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធនានា ចូលរួមកិច្ចប្រជុំ ដើម្បីអនុវត្តការងារតាមការចាំបាច់។
ប្រការ ៥: នាយកខុទ្ទកាល័យអគ្គលេខាធិការ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក អគ្គនាយក អគ្គាធិការនិងប្រធានអង្គភាពពាក់ព័ន្ធក្រោមឱវាទ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងសាមីខ្លួន ដូចមានចែងក្នុងប្រការ ១ ខាងលើត្រូវអនុវត្តសេចក្តីសម្រេចនេះ ឱ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។
ឯកឧត្តមហ៊ុន ម៉ាណែត បានថ្លែងសារក្នុងហ្វេសប៊ុកថា ១៧ថ្ងៃ ក្រោយពីបានទទួលបញ្ជា របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ឱ្យរៀបចំមន្ទីរពេទ្យខ្នាតធំថ្មីមួយកន្លែងទៀត ដើម្បីត្រៀមទទួលព្យាបាលបងប្អូនអ្នកជំងឺកូវីដ១៩ នៅថ្ងៃ២៧ មីនា ២០២១ នេះ អតីតមន្ទីរពេទ្យស្ត្រីនគរទេព ត្រូវបានរៀបចំប្រែក្លាយជាមន្ទីរពេទ្យព្យាបាលជំងឺកូវីដ-១៩ រួចរាល់និងបានចាប់ផ្ដើមទទួលព្យាបាលអ្នកជំងឺ ដែលមន្ទីរសុខាភិបាលរាជធានីភ្នំពេញបានបញ្ជូនមកនាព្រឹកនេះ។
ឯកឧត្តម បានបញ្ជាក់ថា “ខ្ញុំសូមអរគុណដោយស្មោះ ចំពោះការចូលរួមរបស់ក្រុមការងាររៀបចំមន្ទីរពេទ្យ និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានធ្វើការទាំងថ្ងៃទាំងយប់ សហការគ្នាល្អក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធ បទដ្ឋានការងារ ក៏ដូចជាការហ្វឹកហ្វឺននិងបំពាក់ដល់ក្រុមគ្រូពេទ្យជួរមុខ សេវាជួរមុខ និងក្រុមការងារតាមបណ្ដាផ្នែកពាក់ព័ន្ធទាំងអស់របស់មន្ទីរពេទ្យដើម្បីយើងអាចដំណើរការបានក្នុងរយៈពេលដ៏ខ្លីនេះ”។
សូមជូនពរដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យ បុគ្គលិកទាំងអស់របស់មន្ទីរពេទ្យ ក្រុមគ្រូពេទ្យជួរមុខ ក្រុមសេវាជួរមុខ និងកម្លាំងពាក់ព័ន្ធទាំងអស់ ឲ្យទទួលបានជោគជ័យនៅក្នុងការបំពេញភារកិច្ចជួយព្យាបាលដល់អ្នកជំងឺកូវីដ-១៩ ឱ្យឆាប់ជាសះស្បើយ៕