ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចតេជោ ហ៊ុន សែន ក្រាបបង្គំទូលថ្វាយសម្ដេចម៉ែ ពីការទិញមន្ទីរពេទ្យនគរទេព ហើយប្ដូរឈ្មោះទៅដាក់ថា មន្ទីរពេទ្យ «ហ្លូងម៉ែ»

69

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១នេះ បានចេញលិខិតមួយច្បាប់ ក្រាបបង្គំទូលថ្វាយលិខិតជូន សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរនិងសុភមង្គល ពីការទិញមន្ទីរពេទ្យនគរទេព ហើយប្ដូរឈ្មោះទៅដាក់ថា មន្ទីរពេទ្យ «ហ្លូងម៉ែ» ។

សម្ដេចតេជោ ហ៊ុន សែន បានទូលថ្វាយសម្ដេចម៉ែថា ទូលព្រះបង្គំជាខ្ញុំ និងរាជរដ្ឋាភិបាលបានសម្រេច ទិញយកមន្ទីរពេទ្យ នគរទេព ហើយបានប្តូរឈ្មោះមន្ទីរពេទ្យនេះដាក់ថាមន្ទីរពេទ្យ ហ្លូងម៉ែ វិញ ដើម្បីថ្វាយព្រះបរមរាជកិត្តិយស ចំបោះព្រះរាជកិច្ចដឹកនាំប្រកបដោយទសពិធរាជធម៌ និងព្រះរាជមនុស្សធម៌ តាមព្រះរាជលំអានព្រះមហាវិរក្សត្រ ព្រះវររាជបិតាឯករាជ្យជាតិខ្មែរ ព្រះបរមរតនកោដ្ឋជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតចាប់ពីពេលនេះតទៅ។ ចំពោះមុខមន្ទីរពេទ្យ បាននិងកំពុងព្យាបាលអ្នកជំងឺកូវីដ១៩ លុះថ្ងៃអនាគត មន្ទីរពេទ្យ «ហ្លូងម៉ែ» នឹងដាក់ឲ្យប្រើប្រាស់ព្យាបាលជំងឺទូទៅជារៀងរហូត។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ បានប្រកាសពីការទិញមន្ទីរពេទ្យមួយនេះ ដើម្បីប្រើប្រាស់ជាមន្ទីរពេទ្យរបស់រដ្ឋ។ បច្ចុប្បន្នមន្ទីរពេទ្យមួយនេះ កំពុងប្រើប្រាស់ដើម្បីព្យាបាលអ្នកជំងឺកូវីដ១៩។

ក្រោយការប្រកាសរបស់សម្ដេចតេជោ ហ៊ុន សែន មានសប្បុរសជនជាច្រើននាក់ បានចូលរួមបរិច្ចាគធនធានផ្ទាល់ខ្លួន ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការទិញមន្ទីរពេទ្យនេះ៕

អត្ថបទដែលជាប់ទាក់ទង