សមត្ថកិច្ចឃាត់ខ្លួន ក្មេងប្រុសបន្លំក្លែងជាសង្ឃ ដើរបិណ្ឌបាតនៅបាត់ដំបង
បាត់ដំបង ៖ លោកវរសេនីយ៍ឯក ឆាង វណ្ណឆៃ អធិការនគរបាលក្រុងបាត់ដំបង បានប្រាប់សារព័ត៌មានថា កម្លាំងជំនាញនៅថ្ងៃទី ២៩ ខែមីនា កន្លងមកនេះបានចុះស្រាវជ្រាវ និងឃាត់ខ្លួនយុវជនម្នាក់ដែលបន្លំតែងខ្លួនធ្វើជាព្រះសង្ឃនិមន្តបិណ្ឌបាតនៅតាមភូមិ និងទីផ្សារជាច្រើននៅក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង។
យុវជនម្នាក់ឈ្មោះកួន ហ្វួន ភេទប្រុស អាយុ១៥ ឆ្នាំមានទីលំនៅ នៅខេត្តកំពតបន្លំតែងខ្លួនធ្វើព្រះសង្ឃ ដើរបិណ្ឌបាតនៅតាមភូមិក្នុងក្រុងបាត់ដំបងត្រូវសមត្ថកិច្ចឃាត់ខ្លួន។
សមត្ថកិច្ចបានបន្តថា ការចុះអនុវត្តច្បាប់នេះធ្វើឡើងបន្ទាន់ពីមានសេចក្តីរាយការណ៍ពីមន្ត្រីជំនាញធម្មការខេត្ត។ ជនបង្កមានឈ្មោះកួន ហ្វួន ភេទប្រុស អាយុ១៥ ឆ្នាំរស់នៅក្នុងស្រុកបន្ទាយមាស ខេត្តកំពត។ជនសង្ស័យសារភាពថា÷ ខ្លួនពិតជាបានបន្លំធ្វើជាព្រះសង្ឃពិតប្រាកដមែន ដោយក្នុងមួយថ្ងៃរកលុយបានចាប់ពី ៤០ ០០០ ទៅ៥០ ០០០ រៀល ។
លោកវរសេនីយ៍ឯកបានលើកឡើងទៀតថា បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងជំនាញ រៀបចំសំណុំបែបបទបញ្ជូនទៅកាន់ការិយាល័យ ស្នងការនគរបាលខេត្ត ដើម្បីវិនិច្ឆ័យទោសតាមច្បាប់៕