ទិដ្ឋភាពនៅតាមដងផ្លូវសាធារណៈ ក្នុងរាជធានីភ្នំពេញ មានសភាពស្ងប់ស្ងាត់ល្អ ក្រោយអាជ្ញាធរដាក់ចេញបម្រាមគោចរ
ភ្នំពេញ៖ ទិដ្ឋភាពនៅតាមដងផ្លូវសាធារណៈក្នុងរាជធានីភ្នំពេញ មានសភាពស្ងប់ស្ងាត់ល្អ ក្រោយអាជ្ញាធរដាក់ចេញបម្រាមគោចរ នេះអាចបញ្ជាក់ឱ្យឃេីញថា ប្រជាពលរដ្ឋបានចូលរួមទប់ស្កាត់ការរាលដាលនៃជំងឺកូដ១៩។
រាត្រីថ្ងៃនេះ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញធ្វើការផ្សព្វផ្សាយអប់រំខ្លឹមសារអនុក្រឹត្យស្តីពីវិធានការរដ្ឋបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត របស់រាជរដ្ឋាភិបាល និងសេចក្តីសម្រេចស្តីពីការអនុវត្តវិធានការរដ្ឋបាលជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ហើយថ្ងៃស្អែកកម្លាំងមានសមត្ថកិច្ចនឹងចុះអនុវត្តវិធានការរដ្ឋបាលចាប់ពីម៉ោង ២០:០០ ដល់ម៉ោង ៥:០០។
លោកមាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ បានថ្លែងថា ខ្ញុំសង្ឃឹមថាបងប្អូនដែលគ្មានភារកិច្ចចាំបាច់អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវខ្លឹមសារណែនាំនៅក្នុងសេចក្តីសម្រេចខាងក្រោម ដើម្បីចូលរួមទប់ស្កាត់ និងគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍របស់យើង។
លោកស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ចំពោះអ្នកដែលធ្វេីការចេញក្រោយម៉ោង ៨:០០នាទីយប់ ត្រូវមានលិខិតបញ្ជាក់ និងត្រូវពាក់កាតជាប់ខ្លួន ចាប់ពីយប់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១នេះតទៅ ។ សូមចូលរួមអនុវត្តតាមសេចក្តីសម្រេចនេះ !!! ចំពោះអ្នកបំពានបម្រាមគោចរនេះ នឹងត្រូវឃាត់យាន្តយន្ត យកមករក្សាទុក ហេីយត្រូវឲ្យធ្វេីចត្តាឡីស័ក នៅផ្ទះរយ:ពេល១៤ថ្ងៃ បេីមិនអនុវត្តតាម នោះសមត្ថកិច្ចនឹងចាត់វិធានការណ៍តាមច្បាប់ ។
លោកថា យប់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ បុគ្គលដែលមិនមានបញ្ជាក់ក្នុងសេចក្តីសម្រេចរបស់សាលារាជធានីភ្នំពេញ ចុះថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ គឺមិនអនុញ្ញាតឲ្យធ្វេីដំណេីរចេញពីផ្ទះ ( ចាប់ពីម៉ោង ៨:០០នាទីយប់ ដល់ម៉ោង ០៥:០០នាទីភ្លឺ ) ឡេីយ ។
ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ សេចក្តីសម្រេចរបស់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណ:អភិបាលរាធានីភ្នំពេញ និងបទបញ្ជាដោយផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅវេលាម៉ោង ០៨:០០នាទីយប់ ថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី តឹង សុធី ស្នងការរង បានត្រួតពិនិត្យកម្លាំងអន្តរាគមន៍ពិសេស ដេីម្បីចូលរួមប្រជុំជួរ និងចេញល្បាតក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ជាពិសេសដេីម្បីចុះផ្សព្វផ្សាយណែនាំអប់រំប្រជាពលរដ្ឋអំពីសេចក្តីសម្រេចរបស់សាលារាជធានីភ្នំពេញ ។
- សូមបញ្ជាក់ថា ឯកឧត្តម ឃួង ស្រេង បានណែនាំឱ្យសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវត្រួតពិនិត្យអ្នកធ្វេីដំណេីរល្មេីសបម្រាមត្រូវដកហូតមធ្យោបាយរួចត្រូវឱ្យម្ចាស់ធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃនៅផ្ទះរៀងៗខ្លូន គ្រប់១៤ថ្ងៃទេីបឱ្យទទួលមធ្យោបាយទៅវិញ ។ ឯកឧត្តមបន្តថា ក្នុងករណីអ្នកល្មេីសបម្រាមក្នុងការធ្វេី ចត្តាឡីសក័ទៀតនឹងត្រូវអនុវត្តន៍ការផាកពិន័យបន្តទៅទៀត។ សង្ឃឹមថាស្ថានភាពនេះនឹងជួយកាត់ផ្តាច់ចរន្តនៃការឆ្លងរបស់ជំងឺដ៏កាចសាហាវនេះផងចុះ។ រួមគ្នាទប់ស្កាត់ជំងឺកូវឺដ១៩៕