ត្រីមាសទី១ ឆ្នាំ២០២១ អត្រាគ្រោះថ្នាក់ ស្លាប់ និងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ មានការថយចុះ
ភ្នំពេញ ៖ សម្តេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការអនុវត្តន៍ច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកត្រីមាសទី១ គឺគិតចាប់ពីខែមករា ដល់ដំណាច់ខែមីនា ឆ្នាំ២០២១នេះ ដែលអត្រាគ្រោះថ្នាក់ ស្លាប់ និងរងរបួសមានការថយចុះគួរឲ្យកត់សំគាល់ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីត្រីមាសទី១ឆ្នាំ២០២០។
យោងតាមរបាយការណ៍ ក្នុងត្រីមាសទី១ ឆ្នាំ២០២១នេះបានបង្ហាញថា គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក បានកើតឡើងសរុបចំនួន៧៦៣លើក ថយចុះចំនួន១៥៣លើក ស្មើនឹង១៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាទៅនឹងត្រីមាសទី១ឆ្នាំ២០២០ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន៩១៦លើក។
ចំពោះអត្រាអ្នកស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ក៏បានថយចុះរហូតដល់៦០នាក់បើប្រៀបធៀប ត្រីមាសទី១ឆ្នាំ២០២០ ដែលមានអ្នកស្លាប់ចំនួន៤៩៣នាក់ហើយនៅត្រីមាសទី១ឆ្នាំ២០២១នេះ ចំនួនអ្នកស្លាប់មាន ៤៣៣នាក់ ។
ចំណែកអត្រាអ្នករងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍វិញ នៅត្រីមាស ទី១ ឆ្នាំ២០២១នេះ គឺមានចំនួន១,១១៣នាក់បានថយចុះ២០២នាក់ ស្មើនឹង១៥ភាគរយបើធៀបនឹងរយៈពេល១ត្រីមាសដូចគ្នា កាលពីឆ្នាំ២០២០ ដែលមានអ្នករងបួស១,៣១៥នាក់។
សម្តេចឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានអំពាវនាវដល់បងប្អូនជនរួមជាតិ ជាពិសេសអ្នកបញ្ជាយានយន្តទាំងអស់ មេត្តាប្រកាន់ខ្ជាប់នូវស្មារតីបើកបរដោយការគោរពច្បាប់ចរាចរណ៍ និងប្រុងប្រយ័ត្នគ្រប់ពេលវេលា និង ស្នើសមត្ថកិច្ចគ្រប់ថ្នាក់បន្តបំពេញភារកិច្ច ដ៍ថ្លៃថ្លាក្នុងការរក្សាសុវត្ថិភាព ចរាចរណ៍ជូនប្រជាពលរដ្ឋ និងបន្តផ្តល់ការលើកទឹកចិត្តដល់មន្ត្រី ដោយស្មារតីយកចិត្តទុកដាក់ខ្ពស់ ៕