ប៉េអឹមខេត្តព្រះសីហនុ ចាប់ខ្លួនឧកញ៉ាថ្មីម្នាក់ និងបក្ខពួក២នាក់ ពាក់ព័ន្ធករណីឆបោករំលោភលើទំនុកចិត្ត និងកំហែងយក ទឹកប្រាក់រាប់លានដុល្លាររបស់លោកឧកញ៉ាម្នាក់
ខេត្តព្រះសីហនុ ៖ ជនសង្ស័យឈ្មោះ ហ៊ឹន ត្រឹង ហៅវណ្ណា ជាឧកញ៉ាថ្មី រួមជាមួយមេធាវីម្នាក់ និងអ្នកពាក់ព័ន្ធម្នាក់ទៀត ត្រូវបានកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តព្រះសីហនុ ឃាត់ខ្លួនជាបន្តបន្ទាប់ ដោយសង្ស័យពាក់ព័ន្ធឆបោកទឹកប្រាក់រាប់លានដុល្លាររបស់លោកឧកញ៉ា លឹម ហ៊ុយឡេង ពាក់ព័ន្ធនឹងរត់ការដោះស្រាយរឿងដីធ្លី។
ជនសង្ស័យឈ្មោះ ហ៊ឹន ត្រឹង ហៅ ហេង សុវណ្ណា (ឧកញ៉ាថ្មី) គឺជាអ្នកធ្លាប់បំរើការជូនលោកឧកញ៉ាលោកឧកញ៉ា លឹម ហ៊ុយឡេង នៅខេត្ដព្រះសីហនុ (ដើមបណ្តឹង) បានយកលុយពីលោកឧកញ៉ាដើមបណ្ដឹង រាប់លានដុល្លារ ដោយសន្យាថានឹងដោះស្រាយរឿងរ៉ាវដីធ្លីជូន តែ ផ្ទុយទៅវិញបុគ្គលរូបនេះមិនបានធ្វើតាមការសន្យា។
នេះបើយោងតាមការបង្ហើបព័ត៌មានបឋមពីលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុន ទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានប្រាប់បណ្តាញសារព័ត៌មានកាលពីរសៀលថ្ងៃទី៣ ខែមេសានេះ។
លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុន ទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ ប្រាប់បណ្តាញសារព័ត៌មានថា ជនសង្ស័យឈ្មោះ ហ៊ិន ត្រឹង ហៅវណ្ណា ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរអាជីវករ និងជាអ្នកបំរើការងារឱ្យឧកញ៉ាល្បីឈ្មោះម្នាក់ប្រចាំនៅខេត្តព្រះសីហនុ រួមជាមួយអ្នកពាក់ព័ន្ធចំនួន០២នាក់ផ្សេងទៀត បាននិងកំពុងឃាត់ខ្លួនសាកសួរទៅតាមនីតិវិធីនៅទីបញ្ជាការដ្ឋានកងរាជអាវុធខេត្ត តាមដីកាបញ្ជាឲ្យចូលខ្លួន លេខ ០៧ អ.យុង/២១ របស់អយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ចេញដោយលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះសីហនុ ដោយជាប់ ពាក់ព័ន្ធករណី ឆបោករំលោភលើទំនុកចិត្ត និងកំហែងយក ដោយឱ្យធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃសិន មុននឹងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការទៅតាមនីតិវិធី។
បុគ្គលម្នាក់នោះ តែងតែតាំងខ្លួនជា ឧកញ៉ា ដូរឡានគ្រប់សេរី និងទើបទិញឡានស៊េរី២០២១ថែមមួយគ្រឿងទៀត មិនទាន់តែបានជិះក្តៅគូទផង ឥឡូវត្រូវឃុំខ្លួននៅបន្ទាយអាវុធហត្ថ។
បើយោងតាមលិខិតមួយច្បាប់របស់កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានដាក់ជូនលោកអភិបាលខេត្តព្រះសីហនុ ដោយគោរពស្នើទៅលោកអភិបាលខេត្តសុំពិនិត្យ និងយកសំណាកលើជនសង្ស័យ ដើម្បីបន្តនីតិវិធី បញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ។
សូមបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍ ថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថ នៃទីបញ្ជាការកងរាជអាវុធហត្ថខេត្ដព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យបីនាក់ (លោកឧកញ៉ាថ្មី ហ៊ឹន ត្រឹង ហៅ ហេង សុវណ្ណា និងបក្ខពួកពីរនាក់) ពាក់ព័ន្ធករណីឆបោក រំលោភលើទំនុកចិត្ត និងកំហែងយក កាលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ ដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ ដែលបានប្រព្រឹត្តនៅក្រុង-ខេត្ដព្រះសីហនុ។
ជនសង្ស័យឈ្មោះ ហ៊ឹន ត្រឹង ហៅ ហេង សុវណ្ណា (ឧកញ៉ាថ្មី) គឺជាអ្នកធ្លាប់បំរើការជូនលោកឧកញ៉ា លឹម ហ៊ុយឡេង នៅខេត្ដព្រះសីហនុ (ដើមបណ្តឹង) បានយកលុយពីលោកឧកញ៉ាដើមបណ្ដឹង រាប់លានដុល្លារ ដោយសន្យាថានឹងដោះស្រាយរឿងរ៉ាវដីធ្លីជូន តែផ្ទុយទៅវិញបុគ្គលរូបនេះមិនបានធ្វើតាមការសន្យា។ ជនសង្ស័យ ហ៊ឹន ត្រឹង ហៅ ហេង វណ្ណា តែងតែតាំងខ្លួនជាឧកញ៉ា ដូររថយន្តទំនើបគ្រប់សេរី និងយកឈ្មោះថ្នាក់ដឹកនាំធំៗ ថានឹងជួយដោះស្រាយបញ្ហាដីធ្លីជូន ទើបដើមបណ្ដឹងមានការទុកចិត្ត តែមិននឹកស្មានបុគ្គលឈ្មោះត្រឹងនេះ បោកប្រាស់លុយគាត់រាប់លានដុល្លារអាមេរិកទៅវិញ៕