ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្មវិធីអប់រំភាសាខ្មែរសម្រាប់កុមារ នៅប្រទេសកូរ៉េបានសម្ពោធដាក់អោយសិក្សាជាលើកដំបូងហើយ នៅថ្ងៃទី៣ ខែមេសានេះ

66

កូរ៉េខាងត្បូង៖ ឆ្លងកាត់ការពិភាក្សាគ្នាជាច្រើនដងកន្លងមក ទីបំផុត “កម្មវិធីអប់រំភាសាខ្មែរសម្រាប់កុមារ” ដែលស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានសហការជាមួយមជ្ឈមណ្ឌលគាំពារជនបរទេសទីក្រុងសងណាំ បានសម្ពោធដាក់អោយសិក្សាជាលើកដំបូងហើយនៅព្រឹកថ្ងៃសៅរ៍ ទី៣ ខែមេសា ឆ្នាំ២០២១នេះ ។
នេះបើតាមការចែករំលែកផ្ទាល់ក្នុងទំព័រហ្វេសប៊ុករបស់ លោកឡុង ឌីម៉ង់ អគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសកូរ៉េខាងត្បូង។ កម្មវិធីអប់រំភាសាខ្មែរសម្រាប់កុមារនេះ នឹងត្រូវរៀបចុះធ្វើឡើងតាមប្រព័ន្ធអនឡាញសិន ទំរាំអាចរៀបចំចូលរួមរៀនក្នុងផ្ទាល់នាពេលខាងមុខ អាចអាស្រ័យតាមស្ថានភាពនៃជំងឺកូវីដក្នុងប្រទេសកូរ៉េ។
បើតាមការបញ្ជាក់របស់លោកទូត ការសិក្សាតាមអនឡាញនេះ ដែលមានរយៈពេល២ម៉ោងរៀងរាល់ថ្ងៃសៅរ៍ ចាប់ពីម៉ោង ១០.០០ រហូត ១២.០០ ព្រឹក បង្រៀនដោយនិស្សិតខ្មែរ២រូប គឺជាការចាប់ផ្ដើមក្នុងទ្រង់ទ្រាយតូចសិន។ សម្រាប់ដំណាក់កាលទី២បន្ទាប់ នឹងពង្រីកដល់ទីក្រុងប៊ូសាន ហើយបើមានការឧបត្ថម្ភគាំទ្រពីសំណាក់អាជ្ញាធរ ក៏ដូចជាអង្គការសង្គមស៊ីវិលកូរ៉េផ្សេងៗ ស្ថានទូតនឹងជម្រុញបង្កើតគម្រោងនេះ ឲ្យបានច្រើនទីតាំងបន្ថែមទៀត ដល់កន្លែងដែលមានសហគមន៍ខ្មែរមានគ្រួសារកូរ៉េរស់នៅ។
គម្រោងកម្មវិធីសិក្សានេះ ត្រូវបានអនុវត្តតាមកម្មវិធី Zoom ដោយមានការសម្របសម្រួលផ្ទាល់ពីសំណាក់ក្រុមការងារស្រ្តីស្ថានទូត និងនិស្សិតស្ម័គ្រចិត្តចំនួន ២រូបផងដែរ។
ក្នុងឱកាសសម្ភោធពិធីដាក់អោយដំណើរការគម្រោងដ៏មានសារៈសំខាន់នេះ សម្រាប់កូនកាត់ខ្មែរ-កូរ៉េ នូវភាសា វប្បធម៌ និងសីលធម៌ខ្មែរនេះ មានការចូលរួមជាអធិបតីពីសំណាក់លោកឯកអគ្គរាជទូតផ្ទាល់ និងលោក Lee Sang-Rak ប្រធានមជ្ឈមណ្ឌលគាំពារជនបរទេសទីក្រុងសុងណាំ មន្រ្តីស្ថានទូត ក្រុមការងារស្រ្តី សមាគមនិស្សិតខ្មែរនៅកូរ៉េ មាតាបិតា-អាណាព្យាបាលសិស្ស១៥នាក់ និង ក្រុមសារព័ត៌មាន សរុបចំនួន ជិត ៤០នាក់៕

 

អត្ថបទដែលជាប់ទាក់ទង