អភិបាលរាជធានីភ្នំពេញ ប្រគល់ថេប្លេត៦៨គ្រឿងជូនក្រុមគ្រូពេទ្យ ដើម្បីយកទៅប្រើប្រាស់ លើការបញ្ចូលទិន្នន័យចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩
ភ្នំពេញ៖ ឧបករណ៍ថេប្លេតដែលជាឧបករណ៍សម្រាប់បម្រើការងារបញ្ចូលទិន្នន័យចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ–១៩ ចំនួន៦៨គ្រឿងត្រូវបាន លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ប្រគល់ ជូនដល់ក្រុមគ្រូពេទ្យសម្រាប់បម្រើការងារលើការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ–១៩ នៅរាជធានីភ្នំពេញ។
ពិធីប្រគល់និងទទួលនេះបានធ្វើឡើងនៅរសៀលថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១នេះ ក្រោមវត្តមានលោកឃួង ស្រេង និងលោកងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ នៅសាលារាជធានី។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានអោយដឹងថា ថេប្លេត ៦៨គ្រឿង ដែលប្រគល់ជូនក្រុមគ្រូពេទ្យគឺសម្រាប់បម្រើការងារបញ្ចូលទិន្នន័យចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ–១៩ ជូនប្រជាពលរដ្ឋដោយស្ម័គ្រចិត្តនៅទីតាំងចាក់វ៉ាក់សាំងកូវីដ–១៩ទាំង៣៤កន្លែងទូទាំងរាជធានីភ្នំពេញ។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញដដែលក៏បានបញ្ជាក់អោយដឹងផងដែរថា ថេប្លេត៦៨គ្រឿងនេះ គឺប្រគល់ជូនក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ១៤ គ្រឿង ក្រុមគ្រូពេទ្យស្ម័គ្រសម្តេចពិជ័យសេនា ទៀ បាញ់ ១៤គ្រឿង និងក្រុមគ្រូពេទ្យរបស់មន្ទីរសុខាភិបាលរាជធានីភ្នំពេញ ៤០ គ្រឿង។
គួរបញ្ជាក់ថា ដើម្បីបង្ការ ទប់ស្កាត់ជម្ងឺកូវីដ–១៩នេះ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានយកចិត្តទុកដាក់ខ្លាំងណាស់ ដោយបានប្រគល់ម៉ាស អាកុល ជែល ម៉ាស៊ីនវាស់កំដៅ ស្បៀងអាហារ ជូនទៅខណ្ឌទាំង១៤ កងកម្លាំងមានសមត្ថកិច្ច និងផ្សារទាំង២៥នៅក្នុងរាជធានី ជាច្រើនលើកច្រើនសាររួចមកហើយ ជាមួយនិងការណែនាំឲ្យអាជ្ញាធរខណ្ឌទាំង១៤ធ្វើការផ្សព្វផ្សាយអំពីវិធានការបង្ការនិងទប់ស្កាត់ជំងឺកូវីដ–១៩ ដើម្បីអោយបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមទប់ស្កាត់ជំងឺនេះទាំងអស់គ្នា ពិសេសគឺការអនុវត្តអោយបានវិធានការ៣កុំនឹង៣ការពារ៕