រួមគ្នាទិញនិងប្រើប្រាស់ផលិតផលខ្មែរ គឺរួមគ្នាលើកកម្ពស់កិត្យានុភាពជាតិ
ភ្នំពេញ៖ សារលិខិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ប្រធានកិត្តិយសគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយអបអរសាទរទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ៩ មេសា លើកទី៤ ឆ្នាំ២០២១ ក្រោមប្រធានបទ រួមគ្នាទិញនិងប្រើប្រាស់ផលិតផលខ្មែរ គឺរួមគ្នាលើកកម្ពស់កិត្យានុភាពជាតិ។
សម្តេច តេជោ ហ៊ុន សែន បានផ្ញើសារចូលរួម អបអរសាទរទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ៩ មេសា លើកទី៤ ឆ្នាំ២០២១ ក្រោមប្រធានបទ រួមគ្នាទិញនិងប្រើប្រាស់ផលិតផលខ្មែរ គឺរួមគ្នាលើកកម្ពស់កិត្យានុភាពជាតិ ដែល គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ក្រសួងពាណិជ្ជកម្ម និងក្រសួង ស្ថាប័នពាក់ព័ន្ធ បានរួមគ្នារៀបចំនិងលើកយកប្រធានបទដ៏មានសារៈសំខាន់នេះ ដើម្បីបំផុសនិងលើកទឹកចិត្តបងប្អូនជនរួមជាតិ ទាំងអស់ឱ្យបន្តជំរុញគាំទ្រនិងយកចិត្តទុកដាក់ក្នុងការលើកកម្ពស់ផលិតផលក្នុងស្រុក ដែលជាការរួមចំណែក ដល់ការអភិវឌ្ឍនិងការរីកចម្រើននៃសង្គមជាតិយើង ជាពិសេសក្នុងបរិបទបច្ចុប្បន្នដែលព្រះរាជាណាចក្រ កម្ពុជា ក៏ដូចជាពិភពលោកទាំងមូលកំពុងតែប្រយុទ្ធប្រឆាំងនិងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។
ឆ្នាំនេះជាឆ្នាំទី៤ ដែលគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ក្នុងនាមជាសេនាធិការ ជូនរាជរដ្ឋាភិបាលបានរៀបចំទិវាជាតិលើកកម្ពស់ផលិតផលខ្មែរ ៩ មេសា លើកទី៤ អមជាមួយនឹងព្រឹត្តិការណ៍ យុទ្ធនាការទិញផលិតផលខ្មែរ រដូវកាល ទី៦ របស់ក្រសួងពាណិជ្ជកម្ម។ ថ្វីត្បិតតែព្រឹត្តិការណ៍ទាំងពីរនេះ មិនអាចរៀបចំបានដោយផ្ទាល់នៅតាមទីសាធារណៈ ដើម្បីបំផុសការចូលរួមពីប្រជាជនយើងនៅក្នុងកាលៈទេសៈ នៃការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក៏ដោយ ប៉ុន្តែសកម្មភាពនៃការរៀបចំព្រឹត្តិការណ៍ទាំងពីរ នាពេលកន្លងមក បានដើរតួនាទីដ៏សំខាន់ជួយដល់ផលិតករក្នុងស្រុកឱ្យគិតគូរលើកកម្ពស់គុណតម្លៃបន្ថែម នៃផលិតផលរបស់ខ្លួន តាមរយៈការពង្រឹងគុណភាព សុវត្ថិភាពផលិតផល ការវេចខ្ចប់ប្រកបដោយ សោភ័ណភាព និងតម្លៃសមស្រប ដើម្បីចូលរួមប្រកួតប្រជែងក្នុងទីផ្សារទាំងក្នុងប្រទេស និងក្រៅប្រទេស។
ក្នុងរយៈពេល ២៣ឆ្នាំកន្លងមកនេះ ជីវភាពរស់នៅរបស់ប្រជាជនក្នុងក្របខ័ណ្ឌសង្គមជាតិទាំងមូល មានភាពកាន់តែល្អប្រសើរឡើងក្រោមម្លប់នៃសុខសន្តិភាព ដោយយើងទាំងអស់គ្នាបានរួមគ្នាស្តារនិងកសាង ប្រទេសនាំឆ្ពោះទៅរកការអភិវឌ្ឍ បានប្រែក្លាយខ្លួនពីប្រទេសដែលមានសេដ្ឋកិច្ចអន់ថយនិងមានអត្រាភាព ក្រីក្រខ្ពស់ក្លាយទៅជាប្រទេសដែលមានការអភិវឌ្ឍសេដ្ឋកិច្ច អត្រានៃភាពក្រីក្រធ្លាក់ទាប ដែលបាននាំកម្ពុជា បាកចេញពីចំណាត់ថ្នាក់ប្រទេសមានចំណូលកម្រិតទាបទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប និង ឈានទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ២០៣០ និងមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។ កំណើនទាំងនេះត្រូវបានជំរុញដោយស្ថិរភាពនយោបាយដែលជាកត្តាមិនអាចខ្វះបានក្នុងការផ្តល់ទំនុកចិត្ត ដល់វិនិយោគិនក្នុងស្រុកនិងក្រៅប្រទេសក្នុងការបណ្តាក់ទុនវិនិយោគនៅកម្ពុជាលើគ្រប់វិស័យ ព្រមទាំងជំរុញ ឱ្យមានការកើនឡើងនូវការប្រើប្រាស់ផលិតផលក្នុងស្រុក និងពាណិជ្ជកម្មអន្តរជាតិ។
រាជរដ្ឋាភិបាលពិតជាមានមោទនភាពចំពោះការខិតខំរបស់គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ គណៈកម្មាធិការជំរុញចលនាភូមិមួយផលិតផលមួយរាជធានី-ខេត្តទាំង២៥ ក្រសួងពាណិជ្ជកម្មនិងបណ្តាក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានរួមសហការគ្នាបំផុសចលនាការទិញនិងប្រើប្រាស់ផលិតផលខ្មែរនៅទូទាំងប្រទេស ជាពិសេសនៅក្នុងឱកាសនៃជំងឺរាតត្បាតមេរោគកូវីដ-១៩ ដែលយើងត្រូវពង្រឹងនិងពង្រីកផលិតផលក្នុងស្រុក ទាំងវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងសេវាកម្ម។ ខ្ញុំសូមឱ្យការ អបអរសាទរទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ លើកទី៤ គឺជាការទូងស្គរដាស់ស្មារតីបងប្អូន ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប នាំគ្នាលើកកម្ពស់ការប្រើប្រាស់ និងទិញផលិតផលខ្មែរក្នុងស្មារតីខ្មែរជួយខ្មែរ។ លើកកម្ពស់កិត្យានុភាពជាតិ ” ក្នុងនាមរាជរដ្ឋាភិបាល ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ សូមលើកឡើងនូវ ចំណុចមួយចំនួនដូចខាងក្រោម ឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ និងបងប្អូនប្រជាពលរដ្ឋឆ្លើយតបទៅនឹងប្រធានបទ “រួមគ្នាទិញនិងប្រើប្រាស់ផលិតផលខ្មែរ គឺរួមគ្នាបន្តរួមគ្នាអនុវត្ត៖
ទីមួយ៖ គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ក្រសួងពាណិជ្ជកម្ម និងក្រសួង ពាក់ព័ន្ធត្រូវបន្តកិច្ចសហការ និងសម្របសម្រួលជាមួយគ្នាឱ្យបានរលូនបន្តទៀតដើម្បីលើកកម្ពស់ការប្រើប្រាស់ ផលិតផលខ្មែរ ការយល់ដឹងឱ្យបានទូលំទូលាយពីគុណភាពនៃផលិតផលខ្មែរ ដោយនាំគ្នាផ្តល់ជំនាញនានា ដល់ផលិតករលើដំណើរការខ្សែចង្វាក់ផលិតកម្ម ការពង្រឹងគុណភាព សុវត្ថិភាពផលិតផល ការកែច្នៃ និងការ វេចខ្ចប់។
ទីពីរ ៖ គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ គណៈកម្មាធិការជំរុញចលនា ភូមិមួយផលិតផលមួយរាជធានី ខេត្ត ក្រសួងពាណិជ្ជកម្ម និងក្រសួង ស្ថាប័នពាក់ព័ន្ធត្រូវសហការជាមួយ និងវិស័យឯកជន រៀបចំទីផ្សារតាមបច្ចេកវិទ្យាអនឡាញ ជួយផលិតផលខ្មែរក្នុងការលក់និងដាក់បង្ហាញក្នុង ព្រឹត្តិការណ៍ពិព័រណ៍ផលិតផលនានាទាំងក្នុងប្រទេសនិងក្រៅប្រទេស និងតាមស្ថានតំណាងកម្ពុជាប្រចាំនៅ បរទេស។
ទីប៊ី៖ គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ និងក្រសួងពាណិជ្ជកម្ម ត្រូវរួមគ្នា បង្កើតផែនទីចង្អុលផ្លូវនៃផលិតផលភូមិមួយផលិតផលមួយក្នុងគោលបំណងធានានិរន្តរភាពនៃភាពពិសេស ដែលផលិតឡើងដោយប្រជាជនតាមភូមិឋានមួយឬច្រើន ជាផលិតផលឆ្លុះបញ្ចាំងពីលក្ខណៈវប្បធម៌ប្រពៃណី ទាំងបែបបុរាណនិងតាមបែបសម័យ។
ទីបួន៖ គណៈកម្មាធិការជំរុញចលនាភូមិមួយផលិតផលមួយរាជធានី ខេត្តទាំង២៥ ត្រូវបន្តសហការជាមួយនឹងគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ រៀបចំចងក្រងផលិតផលក្នុងស្រុកដែលមានសក្តានុពលនៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយបញ្ចូលជាផលិតផលភូមិមួយផលិតផលមួយ ដើម្បីតាមដាននិងវាយតម្លៃវឌ្ឍនភាពនៃការងារជួយដល់ផលិតផលក្នុងស្រុកពីបណ្តាស្ថាប័នពាក់ព័ន្ធ និងកៀរគរការវិនិយោគនានាលើផលិតផលក្នុងស្រុក ស្របតាមគោលនយោបាយជាតិស្តីពីការជំរុញចលនាភូមិមួយផលិតផលមួយ២០១៦-២០២៦ ។
ទីប្រាំ៖ ប្រជាជនកម្ពុជាគ្រប់រូបត្រូវចូលរួមគាំទ្រលើកកម្ពស់ផលិតផលខ្មែរ តាមពាក្យស្លោក ប្រជាជនម្នាក់ទិញផលិតផលខ្មែរយ៉ាងតិចមួយមុខ និងសូមឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធទាំង ថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ត្រូវសហការជាមួយនឹងអង្គការដៃគូអភិវឌ្ឍ វិស័យឯកជន សហគ្រាសធុនតូចនិង មធ្យម សហគមន៍ សមាគម ។ល។ បន្តកិច្ចខិតខំប្រឹងប្រែងជួយជំរុញ អភិវឌ្ឍ និងចូលរួមសហការគ្នាយ៉ាង សកម្មនិងជិតស្និទ្ធ ក្រោមកិច្ចសម្របសម្រួលរបស់គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ដើម្បីអនុវត្តឱ្យបានសម្រេចនូវប្រធានបទស្តីពី “រួមគ្នាទិញ និងប្រើប្រាស់ផលិតផលខ្មែរ គឺរួមគ្នា លើកកម្ពស់កិត្យានុភាពជាតិ ” ៕