កម្ពុជា មានមោទកភាព ដែលបានដំណឹងនៃការប្រកាស ផ្លាស់ប្តូរឈុតតំណាងជាតិ Miss Universe Cambodia 202០
ភ្នំពេញ៖ ការប្រកាសបញ្ចេញ”ឈុតល្ខោនតុក្កតាខ្មែរ” ជាគំនូរដំបូងកាលពីថ្ងៃទី០៥ខែមីនាកន្លងទៅនេះ ទទួលបានការកោត សរសើរខ្លាំងពីក្រុមអ្នកគាំទ្រវិស័យកញ្ញាឯក នៅកម្ពុជា។ ប៉ុន្តែសម្រាប់ថ្ងៃទី០៥ខែមេសា ឆ្នាំ២០២១ នេះមានការភ្ញាក់ផ្អើលខ្លាំងសម្រាប់អ្នកគាំទ្រវិស័យ កញ្ញាឯកនៅកម្ពុជាបន្ទាប់ពីឈុតតំណាងជាតិ ”ឈុតល្ខោនតុក្កតាខ្មែរ” ដែលគ្រោងរៀបចំជូនកញ្ញា រ៉េត សារីតាគ្រង សម្រាប់ចូលរួមក្នុងកម្មវិធី កញ្ញាឯកចក្រវាឡពិភពលោក២០២០មានការផ្លាស់ប្តូរ។
ឈុតតំណាងជាតិគឺជាឈុតទាក់ទាញខ្លាំងសម្រាប់ អ្នកគាំទ្រវិស័យកញ្ញាឯកនៅកម្ពុជា និងបណ្តាប្រទេសជាច្រើនព្រោះតែវាបានឆ្លុះបញ្ចាំងពីគំនិតច្នៃប្រឌិត ការចូលរួមនឹងបង្ហាញរូបសម្រស់អមដោយសម្លៀកបំពាក់ បង្កប់ពីអត្តសញ្ញាណជាតិ នីមួយៗ។ កញ្ញា រ៉េត សារីតា នឹងត្រូវគ្រងឈុតទេពរួបរួម ដែលធ្លាប់ឈ្នះពានឈុតតំណាងជាតិល្អបំផុតលើឆាក កញ្ញាឯកចក្រវាឡកម្ពុជា២០២០កន្លងមកនោះវិញ។ ការលេចចេញដំណឹងនៃការផ្លាស់ប្តូរឈុតនេះ បានបង្កើតឲ្យមានមតិចម្រូងចម្រាសច្រើនព្រោះតែអ្នកគាំទ្រជាច្រើនពេញចិត្តឈុត”ឈុតល្ខោនតុក្កតាខ្មែរ” ហើយពួកគេយល់ថា ឈុតនេះថ្មីប្លែក និងសាកសមទៅនឹងការបង្ហាញមុខលើឆាកអន្តរជាតិនោះផងដែរ បើទោះបីជាឈុតទាំងពីរសុទ្ធតែបានបង្កប់នូវអត្តសញ្ញាណ នៃសិល្បៈវប្បធម៌ប្រពៃខ្មែរដូចគ្នាក៏ដោយ។ ការទម្លាយនេះក៏ស្របពេលដែលកម្មវិធីប្រកួតកាន់តែខិតកៀកចូលមកដល់ ខណៈអ្នកគាំទ្រវិស័យកញ្ញាឯក ពិសេសអ្នកគាំទ្រកញ្ញា រ៉េត សារីតា ទន្ទឹងរងចាំរូបភាពពិតនៃការគ្រងសម្លៀកបំពាក់នោះដោយផ្ទាល់ថាទាក់ទាញ ស្រស់ស្អាតកម្រិតណា។
ការផ្លាស់ប្តូរនេះត្រូវបានដំណឹងខ្សិបខ្សៀវថាអាច នឹងមានលេចចេញភាពចម្រូងចម្រាសណាមួយ រវាងអ្នកផលិតកម្មវិធី និងអ្នកច្នៃម៉ូត ប៉ុន្តែការសង្ស័យនេះ ត្រូវបានបញ្ជាក់ការពិតដោយអ្នកគ្រប់គ្រងកម្មវិធីកញ្ញាឯកចក្រវាឡនៅកម្ពុជា បានថ្លែងលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន ដោយបានលើកឡើងថា ៖ សុំអានCaption នេះអោយចប់ ចាំCommentsដោយសេចក្តីថ្លៃថ្នូរ!ឈុតទេពរួបរួម នឹងយកទៅប្រកួត. នៅMU 2020 បន្ទាប់ពីការពិភាក្សាយ៉ាងល្អិតល្អន់រវាងអ្នករៀបចំកម្មវិធីMUC និងលោក បូរ៉ា និងលោក មាឃ គួន! ចំណែកឈុតល្ខោនតុក្តតាខ្មែរនឹងនៅតែយកទៅ ប្រកួតក្នុងកម្មវិធីមួយទៀត។ខ្ញុំ បាទតំណាងអ្នករៀបចំកម្មវិធីប្រកួត សូមថ្លែងអំណរគុណដល់បងប្អូនទាំងអស់គ្នា ជាពិសេសលោកបូរ៉ា និងលោក មាឃ គួន និងអ្នកចូលរួមឧបត្ថម្ភទាំងអស់ ចំពោះ ការលះបង់ទាំងកំលាំងកាយ កំលាំងចិត្ត ចំពោះការរចនាឈុតតំណាងជាតិជូនបវរកញ្ញាចក្រវាលកម្ពុជា២០២០។ ការបញ្ចេញ ដំណឹងនេះត្រូវបានធ្វើឡើង ក្រោយពីអ្នកតាមដានវិស័យកញ្ញាឯក និងគេហទំព័រនៃវិស័យនេះបានធ្វើការបញ្ចេញយោបល់ និងជជែកខ្វែងគំនិតគ្នាជុំវិញការផ្លាស់ប្តូរឈុតតំណាងជាតិខាងលើ។ ខណៈដែលគេនៅមិនទាន់ដឹងទេថាតើ ”ឈុតល្ខោនតុក្កតាខ្មែរ”នឹងត្រូវផ្តល់ជូនទៅកាន់បេក្ខនារីរូបណាគ្រង និងចូលរួមកម្មវិធីប្រកួតណាមួយនៅឡើយ។
សូមបញ្ជាក់ថា៖ កម្មវិធីប្រកួតលើកទី៦៩នេះ នឹងត្រូវធ្វើឡើងនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ នារដ្ឋផ្លរីដា សហរដ្ឋ អាមេរិក៕ សំរិត