ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យគិតគូរ និងរៀបចំការព្យាបាលតាមផ្ទះ សម្រាប់អ្នកជំងឺកូវីដ១៩ មានស្ថានភាពស្រាល

82

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានធ្វើការណែនាំថ្មីមួយ ដោយឱ្យក្រសួងសុខាភិបាល និងអ្នកពាក់ព័ន្ធគិតគូរ និងរៀបចំទុកជាមុនពីលទ្ធភាពផ្តល់ការព្យាបាលនៅតាមផ្ទះសម្រាប់អ្នកជំងឺកូវីដ១៩ ដែលមានស្ថានភាពស្រាល។

ក្នុងសារសំឡេងដែលត្រូវាបានចែកចាយលើបណ្តាញសង្គមនាព្រឹកថ្ងៃទី០៦ ខែមេសា សម្តេចតេជោ បានចាត់ទុកនេះ គឺជាការគិតគូរ និងជាការរៀបចំផែនការទុកជាមុនក្នុងករណីអ្នកជំងឺកើនឡើងកាន់តែច្រើន ហើយមិនអាចមានទីតាំងសម្រាប់ព្យាបាល។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងបញ្ជាក់ដូច្នេះ «ឥឡូវនេះយើងត្រូវព្យាករណ៍សភាពការណ៍ជាមុនអំពីសមត្ថភាពទ្រទ្រង់បាននៃមន្ទីរពេទ្យរបស់យើង។ បើសិនជំងឺមិនថមថយទេនោះ គឺមន្ទីរពេទ្យរបស់យើងនឹងពេញហៀរជោរជន់ទៅដោយអ្នកជំងឺទាំងស្រាល ទាំងធ្ងន់។ ដូច្នេះយើងត្រូវតែមានការរៀបចំមួយដោយ យកវិធីសាស្ត្រតាមបណ្តាប្រទេសដែលមានអ្នកជំងឺច្រើនរាប់ទាំងនៅអាមេរិក នៅបារាំង នៅអឺរ៉ុប និងប្រទេសមួយចំនួនទៀត ដែលមានអ្នកជំងឺលើសពីចំនួនពេទ្យដែលអាចទទួលបាន»

សម្តេចតេជោបន្តថា «ខ្ញុំស្នើឱ្យក្រុមការងាររបស់យើងរៀបចំនូវក្រមប្រតិបត្តិព្យាបាលនៅតាមផ្ទះឱ្យហើយស្រេច ហើយដល់ពេលណាមួយយើងត្រូវពិនិត្យអំពីលទ្ធភាព ក្នុងការទទួលយកមកព្យាបាលនៅមន្ទីរពេទ្យ និងទុកសម្រាប់ព្យាបាលនៅតាមផ្ទះ។ យើងមិនអាចទទួលអស់ទេ ក្នុងករណីមានការកើនឡើងថែមទៀត អ្នកជាតិច អ្នកចូលច្រើន។ ទោះបីយើងរៀបចំមន្ទីរពេទ្យប៉ុន្មានទៀតក៏មិនគ្រប់ដែរ អ៊ីចឹងវិធីដោះស្រាយមានតែទុកអ្នកមានវិជ្ជមានកូវីដ១៩ ប៉ុន្តែស្រាលទុកព្យាបាលនៅតាមផ្ទះទៅវិញ ប៉ុន្តែត្រូវមានការវិនិច្ឆ័យឱ្យបានច្បាស់»

សម្តេចតេជោ បានគូសបញ្ជាក់ដែរថា សម្រាប់អ្នកព្យាបាលនៅតាមផ្ទះត្រូវតែមានស្ថានភាពជំងឺស្រាល និងមានផ្ទះសមរម្យដែលអាចព្យាបាលបាន។ មួយវិញទៀត បើផ្ទះរបស់អ្នកជំងឺមានទំហំតូច អាចឆ្លងរៀលដាលទៅក្រុមគ្រួសារ ត្រូវយកទៅមន្ទីរពេទ្យ។

សម្តេចតេជោ ហ៊ុន សែន បានប៉ាន់ប្រមាណថា យ៉ាងហោចណាស់អាចមានអ្នកជំងឺ ៥០ភាគរយ ដែលមានស្ថានភាពស្រាល ហើយចង់ព្យាបាលនៅតាមផ្ទះ។

ទន្ទឹមនឹងការគិតគូរពីលទ្ធភាពឱ្យអ្នកជំងឺកូវីដ១៩ ព្យាបាលតាមផ្ទះ សម្តេចតេជោ ក៏បានណែនាំឱ្យគិតគូរពីការគ្រប់គ្រងអ្នកជំងឺ ពីការទៅព្យាបាលរបស់គ្រូពេទ្យ ព្រមទាំងការឧបត្ថម្ភជាថវិកា និងចំណីអាហារផ្សេងផងដែរ។

ការផ្តួចផ្តើមឱ្យគិតគូរព្យាបាលជំងឺតាមផ្ទះ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើង បន្ទាប់ពីការឆ្លងរាលដាលនៃជំងឺកូវីដ១៩ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ នៅតែបន្តកើនឡើង។ ត្រឹមថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ម្សិលមិញ កម្ពុជាមានអ្នកជំងឺកូវីដ១៩ សរុប ២,៧៥២នាក់ ក្នុងនោះករណីសហគមន៍២០កុម្ភៈ មានចំនួន ២,២២២នាក់។ អ្នកជាសះស្បើយចំនួន ១,៧៤៧នាក់, អ្នកកំពុងសម្រាកព្យាបាលចំនួន ៩៧៩នាក់។ អ្នកស្លាប់ចំនួន ២១នាក់ និងស្លាប់ដោយជំងឺផ្សេង ពេលកំពុងព្យាបាលកូវីដ១៩ចំនួន ៥នាក់៕

អត្ថបទដែលជាប់ទាក់ទង