ក្រុមសង្គមស៊ីវិលជាង១០០ស្នើសូមផ្អាកការបង់សង ប្រាក់កម្ចី និងការប្រាក់បង្គរ ដើម្បីជួយប្រជាពលរដ្ឋ អ្នកខ្ចីប្រាក់
ភ្នំពេញ៖ ក្រុម សង្គមស៊ីវិល ចំនួន១០៣ នៅថ្ងៃទី៦ខែមេសាឆ្នាំ២០២១បាមចេញសេចក្តីថ្លែងការណ៍រួម សូមស្នើសុំ ឱ្យរាជរដ្ឋាភិបាល ដាក់ចេញជាវិធានការណែនាំ ដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និង ធនាគារ ទាំងអស់ នៅក្នុង ប្រទេសកម្ពុជា ដើម្បីផ្អាកការ បង់សង ប្រាក់កម្ចី និងការប្រាក់បង្គរទាំងអស់ សម្រាប់ រយៈពេល យ៉ាងតិច ៣ខែ ដើម្បីផ្ដល់ឱ្យ អ្នកខ្ចីប្រាក់នូវឱកាស ក្នុងការស្នាក់នៅផ្ទះ និងរក្សាសុវត្ថិភាព អំឡុងពេល ផ្ទុះឡើង នៃវីរុសកូវីដ ១៩ ដែលពួកគេ មិនគួរ ត្រូវភ័យ ខ្លាច ក្នុងការបាត់បង់ ដីធ្លី ឬ ផ្ទះសម្បែង ប្រសិនបើ ពួកគេគ្មានលទ្ធភាព សងប្រាក់វិញទេនោះ ។
វិស័យកាត់ដេរ ទេសចរណ៍ សេវាកម្សាន្ត និងសំណង់ កំពុង ត្រូវបាន រងគ្រោះ ជាខ្លាំង ពីការរីករាលដាល នៃជំងឺនេះ ។ វិស័យទាំងនេះ ផ្ដល់ការងារ ដល់ស្រ្តី រាប់សែននាក់ ខណៈដែល អត្រា នៃអ្នកខ្ចី កម្ចីខ្នាតតូច គឺមានស្រ្តី ចំនួន ៧៥% មានន័យថា មានករណីជាច្រើន ដែលវិបត្តិ ជំងឺរីករាលដាលនេះ ប៉ះពាល់ យ៉ាងខ្លាំង ចំពោះ ស្រ្តីជាអ្នកខ្ចីប្រាក់ ។
ក្រៅពីនេះ កសិករ ពលករ ចំណាកស្រុក សហគមន៍ក្រីក្រ អ្នកប្រកបរបរ សេដ្ឋកិច្ច ក្រៅប្រព័ន្ធ អ្នកធ្វើជំនួញ អាជីវករ និងអ្នកលក់ ដូរតាមដងផ្លូវ ក៏ប្រឈម នឹងការធ្លាក់ចុះ ខ្លាំង នៃប្រាក់ចំណូល ផងដែរ ។ មានមនុស្ស តិចតួចណាស់ ដែលមិនទទួល រងផលប៉ះពាល់ ផ្នែកសេដ្ឋកិច្ច ពីជំងឺកូវីដ១៩នេះ ។
រាជរដ្ឋាភិបាល បានចាត់វិធានការ មួយចំនួន រួចមកហើយ ដើម្បី កាត់បន្ថយ មនុស្ស មួយចំនួន ពីការរងគ្រោះ ដែលបង្កឡើង ដោយវិបត្តិ សេដ្ឋកិច្ច ជាងមួយឆ្នាំ កន្លងមកនេះ ។
សាច់ប្រាក់ ដែលត្រូវបាន ផ្ដល់ឱ្យ ទៅប្រជាពលរដ្ឋ ជាច្រើន ដែលមាន ប័ណ្ណក្រីក្រ និងប្រាក់ឧបត្ថម្ភ សម្រាប់ ប្រាក់ឈ្នួល របស់កម្មករ កម្មការិនី រោងចក្រ បានផ្ដល់ប្រភពដ៏សំខាន់មួយ នៃប្រាក់ចំណូល ដល់ ប្រជាពលរដ្ឋ រាប់សែននាក់ ដែលត្រូវការ ជំនួយ ។
ប្រសិនបើ គ្មានគោល នយោបាយ ទាំងនេះទេ ការធ្លាក់ចុះ នៃសេដ្ឋកិច្ច នៃការ រីករាលដាល ជាសកលនេះ នឹងកាន់តែ មានស្ថានភាព អាក្រក់ ខខ្លាំងជាងនេះ៕