ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បំបែកសំណុំរឿងប្លន់ ញាត់ក្រដាសជូតមាត់ ចូលក្នុងមាត់ជនរងគ្រោះរួចចាក់កាវ៥០២ នៅស្រុកអង្គរជុំ ឃាត់ខ្លួនស្រ្តីសង្ស័យម្នាក់មានផ្ទៃពោះចំនួន៧ខែ

474

 

សៀមរាប ៖ ករណីប្លន់នៅស្រុកអង្គរជុំ ដោយញាត់ក្រដាសជូតមាត់ចូលក្នុងមាត់ជនរងគ្រោះរួចចាក់កាវ៥០២ ត្រូវបាននគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តសៀមរាប ចាប់ខ្លួនបានស្ត្រីម្នាក់ដែលមានផ្ទៃពោះចំនួន៧ខែ។ កិច្ចប្រតិបត្តិការចាប់ជនសង្ស័យនេះ ធ្វើឡើងដោយកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តសៀមរាប ដឹកនាំបញ្ជាផ្ទាល់ដោយ លោករវសេនីយ៍ឯក ណុប សារ៉ាក់ ស្នងការរង និងចូលរួមដោយលោករវសេនីយ៍ទោ សុខ ម៉េងអ៊ាង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តសៀមរាប។

លោក វរសេនីយ៍ឯក ណុប សារ៉ាក់ ស្នងការរងខេត្តសៀមរាប ទទួលដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត បានឲ្យដឹងថា កម្លាំងរបស់លោកបានចាប់ខ្លួនជនសង្ស័យនៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ នៅស្រុកអង្គរ។

លោកវរសេនីយ៍ឯកស្នងការរង បានឲ្យដឹងទៀតថា ជនសង្ស័យឈ្មោះ គុណ ហួច ភេទស្រី អាយុ ២៨ឆ្នាំ រស់នៅភូមិតាសោម ឃុំតាសោម ស្រុកអង្គរជុំ ខេត្តសៀមរាប(មានផ្ទៃពោះ ៧ខែ)។

នៅចំពោះមុខសមត្ថកិច្ច នារីរូបនេះបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពយកកាវ៥០២ ចាក់ចូលក្នុងមាត់ជនរងគ្រោះ និងបានលួចយកខ្សែកដែលជនរងគ្រោះពាក់ពិតប្រាកដមែន។

សូមរំលឹកថា កាលពីថ្ងែទី៣០ ខែមីនា ឆ្នាំ២០២១ ជនរងគ្រោះ ឈ្មោះ យ៉ម រួម ភេទស្រី អាយុ៦៧ឆ្នាំ រស់នៅភូមិតាសោម ឃុំតាសោម ស្រុកអង្គរជុំ ខេត្តសៀមរាប បាននៅផ្ទះម្នាក់ឯង រហូតដល់ម៉ោង១២និង៣០នាទី ថ្ងៃខែឆ្នាំដដែល គាត់បានស្ដារពាងទឹករបស់គាត់ ដើម្បីអោយគេដឹកទឹកមកដាក់អោយ ពេលគាត់ស្ដារពាងរួច គាត់បានចងអង្រឹងដេកនៅមុខផ្ទះរបស់គាត់ជាប់និងផ្លូវ ដេកបានមួយសន្ទុះស្រាប់តែមានជនមិនស្គាល់អត្តសញ្ញាណ បានទៅច្របាច់មាត់ជនរងគ្រោះញាត់ក្រដាស់ជូតមាត់ហើយចាក់កៅ៥០២ ចូលទៅក្នុងមាត់ជនរងគ្រោះ ខណៈពេលដែលជនរងគ្រោះកំពុងតែដេកលក់នៅលើអង្រឹង បណ្ដាលអោយជនរងគ្រោះវង្វេងស្មារតី និយាយមិនកើត ហើយជនសង្ស័យបានដោះយកខ្សែក ពីជនរងគ្រោះចំនួន១ដំឡឹង រួចរត់គេចខ្លួនបាត់តែម្ដង។

បើតាម លោកវរសេនីយ៍ឯក ណុប សារ៉ាក់ បានបន្តថា ករណីនេះ ជនសង្ស័យធ្វើសកម្មភាពដោយសារជនរងគ្រោះ ជាគូរទំនាស់និងគ្នាជាមួយម្ដាយឪពុករបស់ខ្លួនកាលពី២ឆ្នាំមុន។

បច្ចុប្បន្នស្រ្តីសង្ស័យ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត កំពុងកសាងសំណុំរឿង និងត្រៀមបញ្ជូនទៅសាលាដំបូងខេត្ត នៅរសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១នេះ ដើម្បីចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង