ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អំណោយដ៏មហាសប្បុរស របស់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ជាទឹកប្រាក់ ចំនួន២០០លានរៀល បានប្រគល់ជូនមូលនិធិ គន្ធបុប្ផា កម្ពុជា

82

 

ភ្នំពេញ៖ នៅព្រឹកថ្ងៃ ទី៧ ខែមេសា ឆ្នាំ២០២១នេះ លោកជំទាវ ប៊ុន សុថា ជាប្អូនស្រីពៅរបស់សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តំណាងដ៏ខ្ពស់ខ្ពស់សម្តេចទាំងពីរ បាននាំយកនូវថវិកាជាបច្ច័យនៃមហាបុណ្យកុសលរបស់អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ចំនួន ២០០លានរៀល ផ្ដល់ជូនមន្ទីរពេទ្យគន្ធបុប្ផាតាមរយៈមូលនិធិគន្ធបុប្ផាកម្ពុជា ។ ពិធីប្រគល់អំណោយជាទឹកប្រាក់ដ៏សប្បុរសធម៌នេះ ក៏មានការចួលរួមផងដែរពី ឯកឧត្តម ចន ណារិទ្ធ អនុរដ្ឋលេខាធិការ អគ្គលេខាធិការក្រុមប្រឹ ក្សាជាតិគាំពារសង្គមនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាប្រធានលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា និងលោកវេជ្ជបណ្ឌិត ដេនិស ឡូរ៉ង់ (Denis Laurent) តំណាងមន្ទីរពេទ្យគន្ធបុប្ផា និងក្រុមការងារមួយចំនួនទៀត ។
នៅក្នុងឱកាសនោះ លោកជំទាវ ប៊ុន សុថា បានមាន ប្រសាសន៍ថា លោកជំទាវពិតជាមានសេចក្តីរីករាយក្រៃលែងនៅថ្ងៃនេះ ដែលបាននាំនូវអំណោយសប្បុរសធម៌របស់អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី មកផ្ដល់ជូនមន្ទីរពេទ្យគន្ធបុប្ផា តាមរយៈមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីចូលរួមចំណែកជួយទ្រទ្រង់ដល់ការព្យាបាលកុមារកម្ពុជាទូទាំងប្រទេសដែលមានបញ្ហាដោយជំងឺផ្សេងៗ ។ លោកជំទាវបានមានប្រសាសន៍បន្តទៀតថាតាមរយៈថវិការដ៏សប្បុរសធម៌នេះ គឺជាថវិកាដែលទទួលបានពីបច្ច័យនៃមហាបុណ្យកុសលរបស់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី សម្រាប់ទុកបរិច្ចាគចូលរួមចំណែកក្នុងវិស័យមនុស្សធម៌ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងជួយសង្គ្រោះដល់កុមារកម្ពុជាយើង ហើយនេះក៏ជាអំណោយថវិកាលើកទី២ផងដែរ ដែលកាលពីលើកទី១ បានចូលរួមចំណែកជូនចំនួន ៥ម៉ឺនដុល្លារផងដែរ។
ក្នុងនាមមូលនិធិគន្ធបុប្ផាកម្ពុជា ឯកឧត្តម ចន ណារិទ្ធ សូមថ្លែងអំណរគុណចំពោះសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន និងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមហាគ្រួសារទាំងមូលនៃសម្ដេចទាំងទ្វេ ដែលបានចាត់ឱ្យលោកជំទាវ ប៊ុន សុថា ជាប្អូនស្រីពៅ តំណាងដ៏ខ្ពស់ខ្ពស់ នាំយកថវិកាជាបច្ច័យនៃមហាកុសលបុណ្យរបស់អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ផ្ដល់ជូនមន្ទីរពេទ្យគន្ធបុប្ផា តាមរយៈមូលនិធិគន្ធបុប្ផាកម្ពុជានាពេលនេះ។
ឯកឧត្តម សូមបួងសួងដល់វត្ថុសាកសិទ្ធក្នុងលោក ទេវតាទាំងមួយម៉ឺនលោកធាតុជួយប្រសិទ្ធិពរជ័យដល់ដួងវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី សូមបានស្ថិតក្នុងទីឋានដ៏បរមសុខកុំបីឃ្លៀងឃ្លាតឡើយ។
និងសូមថ្លែងអំណរគុណចំពោះក្រុមគ្រួសារសម្តេចតេជោ និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ដែលតែងជួយនិងគាំទ្រជានិច្ច
ដល់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ជាស្ថាបនិក និងជាប្រធានកិត្តិយស សំដៅធានាចីរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងទិសដៅគាំទ្រ និងជួយព្យាបាលដល់កុមារកម្ពុជាទូទាំងប្រទេស៕
សំរិត

អត្ថបទដែលជាប់ទាក់ទង