ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេច ហ៊ុន សែន ផ្ញើសារលិខិតជូនជនរួមជាតិកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី

51

ភ្នំពេញ ៖ សារលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនជនរួមជាតិកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។រាជរដ្ឋាភិបាលសូមអំពាវនាវដល់គ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ផ្តល់នូវការគាំទ្រនិងចូលរួមអនុវត្តដោយសកម្មក្នុងស្មារតីទទួលខុសត្រូវខ្ពស់ចំពោះជោគវាសនារបស់ ប្រទេសជាតិ ដោយឈរលើគោលការណ៍តម្កល់ផលប្រយោជន៍ជាតិនិងប្រជាជនជាធំ ដើម្បីជម្នះបាននូវ បញ្ហាប្រឈមហានិភ័យ និងឧបសគ្គទាំងឡាយ សំដៅបន្តដឹកនាំនាវាកម្ពុជារក្សាការពារបានសុខសន្តិភាព យូរអង្វែង មានវឌ្ឍនភាព វិបុលភាព និងយុត្តិធម៌សង្គម។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សូមចូលរួមអបអរសាទរក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែល ប្រព្រឹត្តទៅនាថ្ងៃពុធ ៣កើត ថ្ងៃព្រហស្បតិ៍ ៤កើត និងថ្ងៃសុក្រ ៥កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ទី ១៥ និងទី១៦ ខែមេសា ឆ្នាំ២០២១ ជាមួយបងប្អូនជនរួមជាតិទាំងអស់ដែល កំពុងរស់នៅក្នុងនិងក្រៅប្រទេស ប្រកបដោយ ក្តីសោមនស្សរីករាយ សិរីសួស្តី និងជ័យមង្គលដ៏ឧត្តុង្គឧត្តមក្នុងក្រុមគ្រួសារនិងសង្គមជាតិទាំងមូល។ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ឆ្នាំនេះ ជាឆ្នាំពាក់កណ្តាលអាណត្តិ របស់រាជរដ្ឋាភិបាលដែលបានខិតខំបន្តអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាល ទី៤ សម្រាប់នីតិកាលទី៦នៃរដ្ឋសភា ដែលបានដាក់ចេញកាលពីខែកញ្ញា ឆ្នាំ២០១៨ សម្រេចបានសមិទ្ធផល ធំៗថ្មីៗយ៉ាងច្រើនប្រកបដោយមោទនភាព។

រាជរដ្ឋាភិបាល នីតិកាល ទី៦នៃរដ្ឋសភា ដែលបានប្រសូតចេញពីការបោះឆ្នោតប្រកបដោយភាពសេរី ត្រឹមត្រូវ យុត្តិធម៌ និងតម្លាភាព ស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងបានទទួល ការគាំទ្រនិងជំនឿទុកចិត្តពីប្រជាពលរដ្ឋដ៏ច្រើនលើសលប់ កំពុងបន្តបេសកកម្មដ៏ឧត្តុង្គឧត្តមជាប្រវត្តិសាស្ត្រ របស់ខ្លួនជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងមុតមាំឥតរាថយនិងកាន់តែស្វាហាប់ក្នុងការបម្រើប្រជាជន ក៏ដូចជា ក្នុងការបង្កើនល្បឿននៃការអនុវត្តការងារកែទម្រង់លើគ្រប់វិស័យឱ្យកាន់តែសកម្ម ស៊ីជម្រៅ និងមានភាព
ប្រាកដនិយម ជាពិសេសការអនុវត្តអភិក្រមទាំង៥ “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” និង បាវចនា -កែទម្រង់ខាងក្នុង កសាងមិត្តខាងក្រៅ ដោយឈរលើមូលដ្ឋានឯករាជ្យ”។ ជាមួយគ្នានេះ រាជរដ្ឋាភិបាល ខិតខំបន្តពង្រឹងសមត្ថភាពផ្ទៃក្នុងជាប់ជាប្រចាំ តាមរយៈការបន្តកសាងនិងពង្រឹងសមត្ថភាពស្ថាប័នឱ្យខ្លាំង ជាងមុន ដើម្បីធ្វើឱ្យប្រព័ន្ធរដ្ឋបាលសាធារណៈរបស់កម្ពុជាអាចគ្រប់គ្រងនិងដោះស្រាយបញ្ហាសង្គមនិង សេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាពនិងសក្តិសិទ្ធិភាព។

ឆ្នាំចាស់ ឆ្នាំជូត ទោស័ក ព .ស .២៥៦៤ បានកន្លងផុតទៅ ដោយផ្លាស់ជំនួសវិញនូវឆ្នាំថ្មី ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ រាជរដ្ឋាភិបាលបន្តកសាងប្រទេសជាតិឱ្យមានវឌ្ឍនភាពលើគ្រប់វិស័យ និងការពារដាច់ខាត នូវឯករាជ្យជាតិ សន្តិភាព អធិបតេយ្យជាតិ និងបូរណភាពទឹកដី ការពារសមិទ្ធផលសង្គមជាតិ ទប់ស្កាត់ការ ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា ប្រឆាំងដាច់ខាតរាល់សកម្មភាពទាំងឡាយដែលពាក់ព័ន្ធនឹងបដិវត្តន៍ពណ៌ ឬការញុះញង់ណាមួយដែលផ្ទុយនឹងរដ្ឋធម្មនុញ្ញនិងគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ បង្កឱ្យមានអស្ថិរភាព នយោបាយឬចលាចលក្នុងសង្គមជាតិកម្ពុជា។ ជាលទ្ធផល កម្ពុជារក្សាបាននូវសុខសន្តិភាព ឯករាជ្យជាតិ និងអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ខ្លួន ព្រមទាំងបញ្ចៀសបាននូវគ្រោះមហន្តរាយសម្រាប់ប្រជាជន កម្ពុជា ដែលកំពុងចូលរួមយ៉ាងសស្រាក់សស្រាំក្នុងជីវភាពរស់នៅប្រចាំថ្ងៃនិងកិច្ចអភិវឌ្ឍប្រទេសជាតិ។

ក្នុងឆ្នាំ២០២០កន្លងទៅ និងរហូតមកដល់ជិតពាក់កណ្តាលឆ្នាំ២០២១នេះ កម្ពុជាក៏ដូចបណ្តា ប្រទេសនៅលើពិភពលោកបាននិងកំពុងទទួលរងនូវផលប៉ះពាល់អវិជ្ជមានពីជំងឺកូវីដ-១៩ មកលើបញ្ហា សុខភាព សង្គម សេដ្ឋកិច្ច ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន ហើយថែមទាំងអាចបន្ទច់បង្អាក់ដល់កិច្ច ដំណើរការអភិវឌ្ឍន៍ឈានឡើងរបស់កម្ពុជាផងដែរ។ តាមការប៉ាន់ស្មាន សេដ្ឋកិច្ចកម្ពុជាមានកំណើន អវិជ្ជមានប្រមាណជាង-៣%។ កម្ពុជាបានអនុវត្តគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចប្រកបដោយភាពប្រុង ប្រយ័ត្ននិងធ្វើឱ្យសេដ្ឋកិច្ចមានស្ថិរភាព ហើយបានជំរុញនិងលើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ច ការប្រកួត ប្រជែង ព្រមទាំងការផលិតនិងការប្រើប្រាស់ក្នុងស្រុក។ ទំហំពាណិជ្ជកម្មអន្តរជាតិមានប្រមាណជាង ៣៦ ៤០៨លានដុល្លារអាម៉េរិក ចំណែកឯការនាំចេញមានប្រមាណជាង១៧ ៤៣៦លានដុល្លារអាមេរិក។ អត្រាប្តូរប្រាក់មានស្ថិរភាព អត្រាអតិផរណាស្ថិតក្នុងកម្រិតទាបនិងអាចគ្រប់គ្រងបាន ទុនបម្រុងអន្តរជាតិ បន្តកើនឡើង២១,៣ប៊ីលានដុល្លារអាម៉េរិក។ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការកែទម្រង់ឱ្យកាន់តែស៊ីជម្រៅ និងលើកទឹកចិត្តដល់អ្នកវិនិយោគឱ្យមកបោះទុននៅកម្ពុជាកាន់តែច្រើន ខណៈដែលយើងបានរៀបចំការសម្រួលពាណិជ្ជកម្ម ពង្រឹងភាពប្រកួតប្រជែងជូនវិនិយោគិននៅកម្ពុជា ក្រោមដំបូលសន្តិភាព លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដោយមិនមានការរើសអើង។

ផលិតផលក្នុងស្រុកសរុប(ផ.ស.ស.) ជាមធ្យមសម្រាប់មនុស្សម្នាក់ពី១ ៦៧៩ដុល្លារអាមេរិក ក្នុង ឆ្នាំ២០១៩ ដល់ប្រមាណ១ ៦៨៣ដុល្លារអាមេរិក ក្នុងឆ្នាំ២០២០។ ទន្ទឹមនេះ រាជរដ្ឋាភិបាល ក៏បានរៀបចំ ប្រាក់ចំណូលជូនមន្ត្រីរាជការនិងកងកម្លាំងប្រដាប់អាវុធ ឱ្យទទួលបាននូវប្រាក់បៀវត្សអប្បបរមា កើនដល់ កម្រិតជាង១លាន១៧ម៉ឺនរៀល ហើយការបើកបៀវត្សបានអនុវត្តទាន់ពេលវេលាគឺបើក២ដងក្នុងមួយខែ តាមប្រព័ន្ធធនាគារ។

ក្នុងឆ្នាំកន្លងទៅ រាជរដ្ឋាភិបាលសម្រេចបានការងារធំៗជាច្រើនវិស័យ ក្នុងនោះការកសាងហេដ្ឋារចនា សម្ព័ន្ធផ្លូវថ្នល់ ស្ពាន ត្រូវបានបន្តអនុវត្តជាប់ ជាប្រចាំ ស្របតាមការអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដើម្បីបម្រើដល់វិស័យដឹកជញ្ជូននិងការធ្វើដំណើររបស់ប្រជាជន។ រហូតមកដល់បច្ចុប្បន្ន សមិទ្ធផលជា ច្រើនក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ត្រូវបានរាជរដ្ឋាភិបាលសម្រេចបាន ក្នុងនោះមានផ្លូវជាតិ ផ្លូវខេត្ត ផ្លូវលំ ជនបទ ស្ពានឆ្លងកាត់ទន្លេ ស្ពានអាកាសក្នុងរាជធានីភ្នំពេញ។ល។ ជាក់ស្តែង ក្នុងឆ្នាំ២០២០ កន្លងទៅ រាជរដ្ឋាភិបាលបានដាក់ឱ្យដំណើរការមាន ជាអាទិ៍ ផ្លូវជាតិលេខ១១ មានប្រវែង៩៦,៤៨គ . ម . ការលើកកម្រិត និងថែទាំផ្លូវជាតិលេខ១ មានប្រវែង៩៥,៧០គ.ម. ការលើកកម្រិតនិងថែទាំផ្លូវជាតិលេខ៦ មានប្រវែង៤៩,៨៨គ. និងផ្លូវ៣៤ខ្សែ មានប្រវែង៨២,១៤៥គ.ម ម. . នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ថ្មីៗនេះ បានដាក់ឱ្យ ដំណើរការស្ពានមិត្តភាពកម្ពុជា-ចិន(ស្ទឹងត្រង់-ក្រូចឆ្មារ) មានប្រវែង១ ១៣១ម . និងការបើកការដ្ឋានសាងសង់ និងកែលម្អផ្លូវ៣៨ខ្សែ មានប្រវែង១០៨,៧៤គ.ម. នៅក្រុងសៀមរាប ខេត្តសៀមរាប។ រីឯផ្លូវជនបទក្រាល កៅស៊ូនៅតាមបណ្តាខេត្តមួយចំនួនបានស្ថាបនារួចរាល់១០០% មាន ជាអាទិ៍ (១) ផ្លូវ ៩ខ្សែ ប្រវែង១៩៣,៩០ គ.ម. នៅខេត្តត្បូងឃ្មុំ (២) ផ្លូវ១០ខ្សែ ប្រវែង១២៥,៥០គ.ម. នៅខេត្តពោធិ៍សាត់ (៣) ផ្លូវ៨ខ្សែ ប្រវែង ១០១,២០គ.មនៅបាត់ដំបង (៤)ផ្លូវ៥ខ្សែប្រវែង៩០,៧០គ.មនៅបន្ទាយមានជ័យ និង(៥) ផ្លូវ៦ខ្សែ ប្រវែង៥០គ.ម. នៅខេត្តកំពង់ចាម។

ចំពោះវិស័យថាមពលអគ្គិសនីវិញ នៅឆ្នាំ២០២០កន្លងទៅ បរិមាណផ្គត់ផ្គង់ដោយវារីអគ្គិសនី និងរោងចក្រអគ្គិសនីដុតធ្យូងថ្ម ដែលជាប្រភពថាមពលផ្ទាល់របស់កម្ពុជាសម្រេចបានជាង៨ ៥១២លាន គីឡូវ៉ាត់ម៉ោង បើធៀបនឹងឆ្នាំមុន ដែលមានជាង៨ ៦៧៥លានគីឡូវ៉ាត់ម៉ោង ថយចុះ១,៨៧%។ ការ តភ្ជាប់ ខ្សែបណ្តាញចរន្តឱ្យដល់ប្រជាពលរដ្ឋជាអ្នកប្រើប្រាស់ថាមពលអគ្គិសនីរហូតមកដល់ឆ្នាំ២០២០នេះ ចំពោះគេហដ្ឋានប្រជាពលរដ្ឋ សុទ្ធសាធបាន កើនដល់ប្រមាណ២,៩ ១លានខ្នងផ្ទះ ត្រូវជាប្រមាណ ៨១,០៦% នៃចំនួនផ្ទះសរុបប្រមាណ៣,៥៩លានខ្នងផ្ទះ និងគ្របដណ្តប់ដល់ភូមិប្រមាណ៩៧,៣៩% នៃ ចំនួនភូមិសរុប ១៤ ៤៩៨ភូមិ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

ក្នុងឆ្នាំជូត ទោស័ក ព .ស.២៥៦៤ កន្លងទៅនេះ ដោយសារអាកាសធាតុមានលក្ខណៈអំណោយផល ល្អសម្រាប់ការបង្កបង្កើនផលដំណាំស្រូវនៅទូទាំងព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យបរិមាណផលិតផល ស្រូវរដូវវស្សានិងស្រូវរដូវប្រាំងសម្រេចបានប្រមាណជាង១០,៩៣លានតោន គឺប្រហាក់ប្រហែលនឹង ឆ្នាំ២០១៩ ដែលតាមការប៉ាន់ស្មាន យើងមានអតិរេកស្រូវជាង៥,៩២លានតោន គិតជាអង្ករស្មើនឹង៣,៧៩ លានតោន សម្រាប់បម្រើឱ្យការនាំចេញ។ រីឯការនាំចេញអង្ករទៅទីផ្សារបរទេសបានជាង៦៩ម៉ឺនតោន ទៅ កាន់ទិសដៅ ៦០ប្រទេស។

រហូតមកដល់បច្ចុប្បន្ន ទោះបីព្រះរាជាណាចក្រកម្ពុជាបាននិងកំពុងរងផលប៉ះពាល់ធ្ងន់ធ្ងរពីជំងឺឆ្លងកូវីដ-១៩ក្តី ក៏វិស័យឧស្សាហកម្មនិងសិប្បកម្មបានរីកលូតលាស់ជាបន្តបន្ទាប់ ។ រោងចក្រសរុបមានចំនួន ជាង១ ៨៦៤រោងចក្រ ដែលភាគច្រើនជារោងចក្រកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងមានឧស្សាហកម្ម ធុនតូច មធ្យម និងសិប្បកម្មជាង៤៣ ០៨២មូលដ្ឋាន ហើយដែលបានស្រូបកម្លាំងពលករសរុបប្រមាណ ជាង១,៥លាននាក់។ ចំពោះកម្មករ និយោជិតក្នុងវិស័យវាយនភណ្ឌកាត់ដេរ និងវិស័យទេសចរណ៍ដែលព្យួរ ការងារកំពុងទទួលបាននូវប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល៤០ដុល្លារអាមេរិក ក្នុងមួយខែ ដើម្បីជួយធ្វើឱ្យ បងប្អូនមានលំនឹងជីវិតនិងអាចលើកកម្ពស់ជំនាញ និងបង្កើនផលិតភាពការងាររបស់ខ្លួនតាមរយៈការ បណ្តុះបណ្តាលជំនាញរយៈពេលខ្លី។ ជាមួយគ្នានេះ រាជរដ្ឋាភិបាល ក៏នៅតែបន្តដំណើរការរាល់កម្មវិធីជំនួយ សង្គមនិងគាំពារសង្គមទាំងឡាយដែលមានស្រាប់មិនឱ្យមានការខកខាននៅក្នុងអំឡុងពេលមានជំងឺកូវីដ១៩ទេ ដូចជាការឧបត្ថម្ភសាច់ប្រាក់ពេលសម្រាលកូនសម្រាប់កម្មករ និយោជិតទាំងក្នុងនិងក្រៅប្រព័ន្ធ និងការ ឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះនិងកុមារអាយុក្រោម២ឆ្នាំក្នុងគ្រួសារក្រីក្រជាដើម។ ទន្ទឹមនេះ រាជរដ្ឋាភិបាលក៏បាននិងកំពុងជួយពលករកម្ពុជាដែលធ្វើការនៅបរទេសមានប្រមាណជាង២ម៉ឺននាក់ មាន ជាអាទិ៍ ប្រទេសថៃ សាធារណរដ្ឋកូរ៉េ ម៉ាឡេស៊ី ជប៉ុន សិង្ហបុរី និងហុងកុង ក្នុងការធានានូវផលប្រយោជន៍ ស្របច្បាប់និងមុខជំនាញបច្ចេកទេស។

វិស័យសំណង់បាននិងកំពុងរីកលូតលាស់ ដោយមានអគារខ្ពស់ៗប្រមាណជាង២ ១៨០អគារ ចាប់ ពី៥ជាន់ ទៅ៤០ជាន់ឡើង ក្នុងរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងនៅតាមបណ្តាខេត្តមួយចំនួន។

ភ្ញៀវទេសចរអន្តរជាតិចូលមកព្រះរាជាណាចក្រកម្ពុជា មានចំនួនប្រមាណ១,៣១លាននាក់ ថយចុះ ប្រមាណ៨០,២០% និងភ្ញៀវទេសចរជាតិមានចំនួនប្រមាណ៧,២៣លាននាក់ ថយចុះប្រមាណ៣៦,១០% បើធៀបនឹងឆ្នាំ២០១៩។ ចំណូល ពីវិស័យទេសចរណ៍បានប្រមាណ១,០២៣លានដុល្លារអាមេរិក ថយចុះ ៧៩,២០% ហើយចំណូលពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរទទួលបានប្រមាណជាង១៨លាន ដុល្លារអាម៉េរិក និងមានភ្ញៀវទេសចរអន្តរជាតិចូលទស្សនាប្រមាណជាង៤០ម៉ឺននាក់។

ចំពោះការងារការបរទេសវិញ រាជរដ្ឋាភិបាលបានខិតខំបំពេញបេសកកម្មការទូតនៅលើឆាកអន្តរជាតិ និងកិច្ចសហប្រតិបត្តិការអន្តរជាតិរលើគ្រប់វិស័យ ដោយទទួលបាននូវលទ្ធផលប្រកបដោយផ្លែផ្កា ជាអាទិ៍ កិច្ចប្រជុំកំពូលអាស៊ានពិសសនិងកិច្ចប្រជុំកំពូលអាស៊ានបូកបីស្ដីពីកូវីដ-១៩ កិច្ចប្រជុំកំពូលអាស៊ានលើក ទី៣៦ ក្រោមមូលបទ“ភាពស្អិតរមួតនិងការឆ្លើយតប• កិច្ចប្រជុំកំពូលមេគង្គ -ឡានឆាងលើកទី៣ ក្រោម មូលបទ – ពង្រឹងភាពជាដៃគូនិងវិបុលភាពរួម និងពិព័រណ៍អាស៊ានចិនលើកទី១៧ ក្រោមមូលបទ “រួមគ្នា កសាងខ្សែក្រវាត់និងផ្លូវ និងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឌីជីថល” តាមរយៈប្រព័ន្ធបញ្ជូនរូបភាពនិង សំឡេង(Video Conference)និងចូលរួមកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២០ ក្រោមប្រធានបទ- សន្តិភាព សន្តិសុខ និងការអភិវឌ្ឍមនុស្ស” នៅសាធារណរដ្ឋកូរ៉េ និងបំពេញទស្សនកិច្ចការងារនៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។

គិតចាប់តាំងពីឆ្នាំ២០០៦ ដល់ឆ្នាំ២០២០ គឺជាឆ្នាំទី១៤ ដែលព្រះរាជាណាចក្រកម្ពុជាបានបញ្ជូន កម្លាំងកងយោធពលខេមរភូមិន្ទទៅចូលរួមបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆត្ររបស់អង្គការ សហប្រជាជាតិសរុប៧ ១២៣នាក់(ស្រី៤១៩នាក់) មានជាអាទិ៍ សាធារណរដ្ឋស៊ូដង់ខាងត្បូង សាធារណរដ្ឋ ស៊ូដង់ សាធារណរដ្ឋលីបង់ សាធារណរដ្ឋឆាដ សាធារណរដ្ឋស៊ីប សាធារណរដ្ឋស៊ីរី សាធារណរដ្ឋម៉ាលី សាធារណរដ្ឋយេម៉ែន និងសាធារណរដ្ឋអាហ្វ្រិកកណ្តាល។ ព្រះរាជាណាចក្រកម្ពុជា ក៏ដូចបណ្តាប្រទេសនៅលើពិភពលោកបាននិងកំពុងទទួលរងផលប៉ះពាល់សាកលពីជំងឺកូវីដ-១៩ ការឆ្លងរាលដាលនៃជំងឺនេះកំពុងមានសភាពធ្ងន់ធ្ងរកាចសាហាវនិងមិនទាន់មាន សញ្ញាថមថយឡើយ។ ក្នុងរយៈពេលនេះដែរ រាជរដ្ឋាភិបាលបានដាក់ចេញវិធានការនិងគ្រប់គ្រងបាននូវ សភាពការណ៍នៃការឆ្លងរាលដាលនៃជំងកូវីដ-១៩ ជាពិសេសព្រឹត្តិការណ៍៣វិច្ឆិកា ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ឆ្នាំ២០២០ និងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ឆ្នាំ២០២១ ហើយក៏កំពុងបន្តដាក់ចេញនូវវិធានការ ថ្មីៗជាក់ស្តែងបន្តទៀត ដើម្បីគ្រប់គ្រងនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នេះបន្ថែមទៀត។

ទោះបីកម្ពុជាមានករណីឆ្លងជំងឺកូវីដ-១៩ ដូចប្រទេសនានាក្នុងតំបន់និងលើពិភពលោក ប៉ុន្តែកម្ពុជា ទទួលបានការកោតសរសើរពីអង្គការសុខភាពពិភពលោកនិងប្រទេសដទៃ ជាច្រើនថាបានទប់ស្កាត់និងឆ្លើយតប បានយ៉ាងល្អ ទាន់ពេលវេលា ចំពោះការរីករាលដាលនៃជំងឺនេះ។ រាជរដ្ឋាភិបាលនៅតែបន្តចាត់វិធានការ ដោយយកចិត្តទុកដាក់បំផុតក្នុងការព្យាបាលអ្នកជំងឺកូវីដ-១៩ ឱ្យបានទាន់ពេលវេលា ការចាក់វ៉ាក់សាំង ប្រឆាំងជំងឺកូវីដ-១៩ ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនដែលងាយរងហានិភ័យពីការឆ្លង ជំងឺនេះដោយស្ម័គ្រចិត្តនិងមិនគិតថ្លៃ ជាពិសេស វិធានការ ការពារ និង៣កុំ ព្រមទាំងវិធានការនានាស្របតាម ច្បាប់ស្តីពីវិធានការសុខាភិបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិង ប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន។

ជាមួយគ្នានេះ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រីនរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ថ្នាក់ដឹកនាំមន្ត្រីរាជការ និងសប្បុរសជន បានចូលរួមវិភាគទានជាប្រាក់ឬប្រាក់បៀវត្សដោយស្ម័គ្រចិត្តជូន មូលនិធិប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ បានសរុបប្រមាណជាង៥៧លានដុល្លារអាម៉េរិក ដើម្បីទិញវ៉ាក់សាំង ការពារជំងឺកូវីដ -១៩ ចាក់ជូនប្រជាជនដោយឥតគិតថ្លៃ។ ការបរិច្ចាគក្នុងការជួយរាជរដ្ឋាភិបាលទិញវ៉ាក់សាំង ការពារជំងឺកូវីដ-១៩ បានក្លាយជាចលនាជាតិ “ខឿនការពារសុខភាពរបស់ប្រជាជន និងបានឆ្លុះបញ្ចាំងឱ្យ ឃើញស្មារតីសាមគ្គីជាតិ ឯកភាពជាតិយ៉ាងរឹងមាំរបស់ប្រជាជនកម្ពុជា។ រាជរដ្ឋាភិបាលមានជំនឿយ៉ាង មុតមាំថា ព្រះរាជាណាចក្រកម្ពុជាយើងនឹងឆ្លងផុតដំណាក់កាល ដ៏លំបាកនេះ នាពេលឆាប់ៗខាងមុខ។

រាល់សមិទ្ធផលដែលរាជរដ្ឋាភិបាលសម្រេចបានកន្លងទៅនេះ គឺអាស្រ័យដោយមានការដឹកនាំខាង នយោបាយត្រឹមត្រូវ ប្រកបដោយឆន្ទៈមោះមុត មានការចូលរួមគាំទ្រពីសមាជិក សមាជិកានៃស្ថាប័ន នីតិប្បញ្ញត្តិ សមាជិក សមាជិការាជរដ្ឋាភិបាល មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ ប្រភេទ កម្មករ កសិករ និយោជិត ធុរជន វិនិយោគិន យុវជន យុវនារី លោកគ្រូ អ្នកគ្រូ គ្រូពេទ្យ និស្សិត សិស្សានុសិស្ស និងប្រជាជនទូទាំងប្រទេស ព្រមជាមួយនឹងការជួយឧបត្ថម្ភគាំទ្រដោយចិត្តស្មោះសរពីបណ្តា ប្រទេសជាមិត្ត ដៃគូអភិវឌ្ឍនិងសហគមន៍អន្តរជាតិ សំដៅឈានទៅសម្រេចបាននូវបំណងប្រាថ្នារយៈពេល វែងរបស់ប្រជាជនកម្ពុជា ដែលចង់ឱ្យកម្ពុជាក្លាយជាប្រទេសមានមោទនភាពជាតិ មានអនាគតដ៏រុងរឿងភ្លឺស្វាង ត្រចះត្រចង់ និងជារដ្ឋអធិបតេយ្យមួយរឹងមាំ ដែលគោរពខ្ជាប់ខ្ជួននូវគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ និងមានសន្តិភាពពេញលេញ ព្រមទាំងមានកិត្យានុភាពខ្ពស់ត្រដែតលើឆាកអន្តរជាតិ។

សម្រាប់ឆ្នាំថ្មី ឆ្នាំឆ្លូវ ត្រីស័ក ព .ស.២៥៦៥ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាប្ដេជ្ញាចិត្តយ៉ាង មោះមុត ដើម្បីធានាការពារសន្តិភាព ស្ថិរភាពនយោបាយ ឯកភាពជាតិ ឯករាជ្យ អធិបតេយ្យជាតិ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈឱ្យបានកាន់តែរឹងមាំ ការពាររដ្ឋធម្មនុញ្ញ ការពាររបបរាជានិយម ស្របតាមបាវចនាជាតិ សាសនា ព្រះមហាក្សត្រ និងការពាររាល់សមិទ្ធផលដែលរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជាទាំងមូល សម្រេចបាននាពេលកន្លងទៅ។ ទន្ទឹមនេះ រាជរដ្ឋាភិបាលនឹងបន្តការធ្វើកំណែទម្រង់ស៊ីជម្រៅតាមអភិក្រម “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” ក្នុងនោះមានការពង្រឹងអភិបាលកិច្ចល្អ តាមរយៈការ ពង្រឹងស្ថាប័នថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ការធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ការកែទម្រង់ រដ្ឋបាលសាធារណៈ ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការកែទម្រង់ប្រព័ន្ធយុត្តិធម៌ និងការ ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ការអភិវឌ្ឍធនធានមនុស្ស ការកែលម្អប្រព័ន្ធអប់រំឱ្យកាន់តែមានគុណភាព ខ្ពស់ ដោយផ្សារភ្ជាប់ជាមួយសេដ្ឋកិច្ចឌីជីថលបដិវត្តន៍ឧស្សាហកម្មទី៤ ទីផ្សារការងារទាំងក្នុងនិងក្រៅ ប្រទេស ការលើកកម្ពស់ប្រព័ន្ធគាំពារសង្គម ការលើកកម្ពស់គុណភាពសេវាសុខាភិបាល ការកសាងហេដ្ឋា រចនាសម្ព័ន្ធរូបវន្តសំណង់ ផ្លូវ ស្ពាន និងធារាសាស្ត្រ បង្កើនប្រភពថាមពលអគ្គិសនី បន្តពង្រីកបណ្តាញចែកចាយ ថាមពលអគ្គិសនីឱ្យបានគ្របដណ្តប់នៅទូទាំងប្រទេស ជាពិសេស នៅតាមប៉ូលសេដ្ឋកិច្ចសំខាន់ៗ អភិវឌ្ឍវិស័យឧស្សាហកម្ម សិប្បកម្ម សេវាកម្មដឹកជញ្ជូន ពាណិជ្ជកម្ម ទេសចរណ៍ និងកសិកម្ម ឱ្យកាន់តែ រីកចម្រើនឥតឈប់ឈរថែមទៀត។ ក្នុងន័យនេះ រាជរដ្ឋាភិបាលសូមអំពាវនាវដល់គ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ផ្តល់នូវការគាំទ្រនិងចូលរួមអនុវត្តដោយសកម្មក្នុងស្មារតីទទួលខុសត្រូវខ្ពស់ចំពោះជោគវាសនារបស់ ប្រទេសជាតិ ដោយឈរលើគោលការណ៍តម្កល់ផលប្រយោជន៍ជាតិនិងប្រជាជនជាធំ ដើម្បីជម្នះបាននូវ បញ្ហាប្រឈមហានិភ័យ និងឧបសគ្គទាំងឡាយ សំដៅបន្តដឹកនាំនាវាកម្ពុជារក្សាការពារបានសុខសន្តិភាព យូរអង្វែង មានវឌ្ឍនភាព វិបុលភាព និងយុត្តិធម៌សង្គម។

ឆ្លៀតក្នុងឱកាសនេះដែរ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូមបញ្ជាក់ ជាថ្មីនូវការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលនៅឆ្នាំថ្មី២០២១នេះ ក្នុងការរក្សាភាពជាម្ចាស់លើការងារជាអាទិភាពចម្បងទាំងពីរគឺ ទី១- ការរក្សា សន្តិភាពនិងស្ថិរភាពនយោបាយ និងទី២- ការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចឱ្យបានល្អប្រសើរ និងបន្តជំរុញ អនុវត្តយ៉ាងម៉ឺងម៉ាត់រាល់ភារកិច្ចដែលបានដាក់ចេញ ដើម្បីអភិវឌ្ឍជាតិនិងភាពសុខក្សេមក្សាន្តរបស់ប្រជាជន កម្ពុជាចៀសផុតពីជំងឺឆ្លងកាចសាហាវកូវីដ-១៩ ដែលបាននិងកំពុងយាយីដល់សុខមាលភាពរបស់ប្រជាជន។

ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំឆ្លូវ ត្រីស័ក ព .ស.២៥៦៥ នេះ ទូលបង្គំជាខ្ញុំក្នុងនាមរាជរដ្ឋាភិបាលព្រមទាំង មន្ត្រីរាជការ កងយោធពលខេមរភូមិន្ទ កងនគរបាលជាតិ និងបងប្អូនជនរួមជាតិទាំងអស់ សូមលំឱនកាយ វាចាចិត្ត គោរពបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបីវត្ថុសក្តិសិទ្ធិក្នុងលោក ទេវតាឆ្នាំថ្មី ព្រះនាម មណ្ឌាទេវី សូមប្រោះព្រំសព្ទសាធុការពរ បវរមហាប្រសើរ ចំពោះព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និង សម្តេចព្រះមហាក្សត្រីនរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គលសូមព្រះអង្គមានព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ព្រះរាជសុខភាពល្អបរិបូណ៌ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា ដើម្បីបានគង់ប្រថាប់នៅក្នុងព្រះបរមសិរីរាជសម្បត្តិ ជាម្លប់ ដ៏ត្រជាក់នៃប្រជាជនខ្មែរ ជាកូន ចៅ ចៅទួត ជានិច្ចនិរន្តរ៍តរៀងទៅ៕

អត្ថបទដែលជាប់ទាក់ទង