ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តុលាការ​ដោះលែង​នគរបាល​យាម​មុខ​ធនាគារ ABA ដែល​បាញ់​ជន​បែក​ថ្នាំ​កាន់​កាំបិត​ដេញ​ចាក់​ខ្លួន ឱ្យ​ឲ្យ​មាន​សេរីភាព​

129

 

​ភ្នំពេញ ៖ អ្នកនាំពាក្យ នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ល្ងាច​ថ្ងៃទី​០៨ ខែមេសា ឆ្នាំ​២០២១​នេះ បានចេញ​សេចក្ដីប្រកាស​ព័ត៌មាន​ផ្លូវការ ពី​ការដោះលែង​មន្ដ្រីនគរបាល​ឈ្មោះ ភឿន ភិ​រៈ ឲ្យ​មាន​សេរីភាព​ឡើងវិញ ពាក់ព័ន្ធ​ការផ្ទុះអាវុធ​បណ្ដាល​ឲ្យ​ជន​ញៀន​ថ្នាំ​ម្នាក់​ស្លាប់ ដើម្បី​ការពារ​ខ្លួន​។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន ដែល​បណ្ដាញ​ព័ត៌មាន​ទទួលបាន​។​

​សេចក្តីប្រកាស​ព័ត៌មាន បាន​បញ្ជាក់ថា នៅ​ព្រឹក​ថ្ងៃទី​០៨ ខែមេសា ឆ្នាំ​២០២១ អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បានទទួល​សំណុំរឿង​ពី មន្ត្រីនគរបាល​យុត្តិធម៌ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​នឹង​ឈ្មោះ ភឿង ភិ​រៈ បាន​បាញ់​ទៅលើ​ឈ្មោះ អ៊ូ សុផារ៉ា​ត់ បណ្តាល​ឲ្យ​ស្លាប់​នៅ​កន្លែងកើតហេតុ នៅ​ចំណុច​ខាងមុខ​ធនាគារ ABA មហាវិថី​សហព័ន្ធ​រុស្សី ភូមិ​ចុង​ថ្នល់​ខាងកើត សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​០៦ ខែមេសា ឆ្នាំ​២០២១​។​

​ក្រោយពី​បាន​សាកសួរ​លើ​ឈ្មោះ សឿង ភិ​រៈ និង​បាន​ពិនិត្យ​ភស្តុតាង​ជា​វីដេអូ និង​ឯកសារ​ពាក់ព័ន្ធ​នានា​ក្នុង​សំណុំរឿង ព្រះរាជអាជ្ញា​បាន​ដោះលែង​ឈ្មោះ​ភឿង ភិ​រៈ ឲ្យ​មាន​សេរីភាព ហើយ​បន្ត​ការស៊ើបអង្កេត​លើ​ករណីនេះ​ជា​បន្តទៀត​។​

​គួរ​ជម្រាប​ថា មន្ដ្រីនគរបាល​ដែល​បាញ់​ជន​បែក​ថ្នាំ​ម្នាក់ ដើម្បី​ការពារ​ខ្លួន​ពី​ការចាក់​ប្រហារ​នោះ ត្រូវបាន​គេ​ស្គាល់​មានឈ្មោះ ភឿន ភិ​រៈ អាយុ​៣៦​ឆ្នាំ បម្រើ​ការងារ​នៅ​អង្គភាព​តម្រួត​បទបញ្ជា នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ប៉ុន្ដែ​ដោយសារ​ពេលយប់​ទំនេរ​ទើប ទៅ​បម្រើ​ការងារ​ជា​សន្ដិសុខ​យាម​ធនាគារ ABA ដែលជា​កន្លែងកើតហេតុ កាលពី​យប់​ថ្ងៃទី​០៦ ខែមេសា​។​

​នគរបាល​រូបនេះ​បច្ចុប្បន្ន​ស្នាក់​នៅផ្ទះ​លេខ​៥៧E1 ផ្លូវ​១១៨ សង្កាត់​ផ្សារ​ថ្មី​ទី​១ ខណ្ឌដូនពេញ​។ គាត់​បាន​បាញ់​ដើម្បី​ការពារ​ខ្លូន​ទៅលើ​ឈ្មោះ អ៊ូ សុផារ៉ា​ត់ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​គ្មាន ស្នាក់នៅ​បន្ទប់​ជួល​លេខ​១០៤ ផ្លូវ​បេតុង ភូមិ​ផ្សារ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ (​មាន​សារធាតុ​ញៀន​មេ​តំ​ហ្វេ​តា​មីន​) បណ្តាល​ឲ្យ​ស្លាប់​នៅ​កន្លែងកើតហេតុ​។​

​វីដេអូ​កាមេរ៉ា​សុវត្ថិភាព ដែល​ត្រូវបាន​គេ​ចែកចាយ​បង្ហាញថា ដើមហេតុ ដែល​បណ្តាលឱ្យមាន​ករ​ណី​ខាងលើនេះ គឺមាន​ក្មេង​ទំនើង​២​នាក់ ដេញ​វាយតប់​គ្នា​នៅតាម​ផ្លូវ ហើយ​ក្មេង​ទំនើង​ម្នាក់​ដែល​ត្រូវគេ​ដេញ​វាយ បានរ​ត់ទៅ​ឲ្យ​សន្ដិសុខ​យាម​ធនាគារ ABA (​ម្នាក់​ជា​នគរបាល​ខាងលើ​) នៅក្បែរនោះ​ដើម្បី​ជួយ​អន្ដរាគមន៍​។ ពេលនោះ​ជនបង្ក​បាន​ខឹងសម្បា​យ៉ាងខ្លាំង​ទៅលើ មន្ដ្រីនគរបាល​ដែល​យាម និង​សន្ដិសុខ​នោះ ហើយក៏​ប្រើប្រាស់​ហិង្សា​ទៅលើ​នគរបាល​តែម្ដង​។​

​តាម​សកម្មភាព​ដែល​បានបង្ហាញ​នោះ មន្ដ្រីនគរបាល​ខាងលើ​មិនបាន​វាយតប​តទៅ​ជនបង្ក​នោះទេ ពោល​មានតែ​ដើរគេច​តែប៉ុណ្ណោះ​។ ដោយ​ចិត្ត​កាន់តែ​ខឹងសម្បា​ខ្លាំង ជនបង្ក​បាន​រត់​ទៅយក​កាំបិត​ដែល​គេ​លាក់ទុក​នៅក្បែរនោះ មក​ដេញ​ចាក់​មន្ដ្រីនគរបាល​ទាំង​កម្រោល​តែម្ដង បើទោះបី​មន្ដ្រីនគរបាល​រូបនោះ ដក​កាំភ្លើង​ដើម្បី​គំរាម​ក៏​គេ​មិន​ខ្លាច​ដែរ​។​

​ដោយ​ឃើញ​ស្ថានភាព​កាន់តែខ្លាំង មន្ដ្រីនគរបាល​នោះ បាន​ដក​កាំភ្លើង​នៅ​ចង្កេះ​បាញ់​ចំនួន​៣​គ្រាប់ ដើម្បី​គំរាម​ជនបង្ក និង​ការពារ​ខ្លួន​ពី​ការចាក់​ប្រហារ​របស់​បុគ្គល​រូបនោះ​។​

​បើទោះបី​មន្ដ្រីនគរបាល​នោះ បាន​បាញ់​បណ្ដាល​ឲ្យ​ជនបង្ក​នោះ​ស្លាប់​ក៏ពិតមែន ប៉ុន្ដែ​មហាជន​ជឿជាក់ថា ការបាញ់​នេះ គឺ​ដើម្បី​ការពារ​ខ្លួន​ពី​ការចាក់​ប្រហារ របស់​ជនបង្ក​តែប៉ុណ្ណោះ គ្មាន​ចេតនា​បាញ់​ដើម្បី​សម្លាប់​នោះទេ ព្រោះ​តាំងពី​កើតហេតុ​ដំបូង មន្ដ្រីនគរបាល​នោះ​មិន​វាយតប​តទៅ​ជនបង្ក​ឡើយ​។​

​ប្រភពព័ត៌មាន​ផ្សេងទៀត ក៏បាន​បង្ហាញ​ពី​ប្រវត្តិ​មួយចំនួន​របស់​មន្ដ្រីនគរបាល​ឈ្មោះ ភឿន ភិ​រៈ នេះ​ផងដែរ ដោយ​គេ​អះអាងថា គាត់​ជាម​នុស្ស​ស្លូតត្រង់ ហើយ​ធ្លាប់​ប្រឡូក​ការងារ​ក្នុងសង្គម​យ៉ាងច្រើន​។ បន្ថែម​ពីនេះ គាត់​ក៏មាន​ជំនាញ​ក្នុងការ​បកប្រែ​ភាសា​បារាំង ហើយ​ធ្លាប់បាន​បកប្រែ​ជូន​ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា និង​បកប្រែ​ជូន​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ផងដែរ​។​

​ប៉ុន្ដែ​ដោយ​កត្តា​ជីវភាព ទើប​លោក ភឿន ភិ​រៈ បានសម្រេច​ចិត្ត​រក​ការងារ​បន្ថែម​នៅពេល​យប់ ក្រោយ​ទំនេរ​ពី​ការងារ​ជា​មន្ដ្រីនគរបាល គឺ​មក​បម្រើ​ការងារ​ជា​សន្ដិសុខ​យាម​ធនាគារ ABA សាខា​ស្ពាន​អាកាស​ផ្សារ​ដី​ហុយ ដែលជា​កន្លែងកើតហេតុ​នោះ​៕​

អត្ថបទដែលជាប់ទាក់ទង